កំពង់ស្ពឺ៖សម្តេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងបន្តថា ចំនួនអ្នកឆ្លងជំងឺអេដស៍ថ្មីៗនេះ ទូទាំងប្រទេស ចំនួន៥០០០នាក់ ស្លាប់ជាង ២០០០នាក់ ដោយឡែកសម្រាប់ខេត្តកំពង់ស្ពឺ អ្នកផ្ទុកមេរោគអេដស៍ និងទៅទទួលថ្នាំព្យាបាល នៅតាមមណ្ឌលសុខភាព ចំនួន១៨៨៩នាក់ ហើយនៅថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋចំនួន ៩២២គ្រួសារ បានមកទទួលអំណោយជាស្បៀង និងសម្ភារ: និងថវិកាមួយចំនួន។
នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយ ជូនដល់អ្នករស់នៅជាមួយមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង កុមារកំព្រា និងជនពិការ ចំនួន ១.២៨៨គ្រួសារ មកពីក្រុង១ និងស្រុកទាំង៧ នៃខេត្តកំពង់ស្ពឺ ដែលប្រព្រឹត្តទៅនៅមណ្ឌលកីឡាខេត្តកំពង់ស្ពឺ ស្ថិតក្នុងភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអំពាវនាវ ដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងចូលរួមលុបបំបាត់ជំងឺអេដស៍ ឲ្យបាន១០០% ក្នុងឆ្នាំ២០២៥ ទោះពេលនេះអត្រាអ្នកឆ្លង និងផ្ទុកជំងឺអេដស៍ មានការធ្លាក់ចុះ គួរឲ្យសម្គាល់ក៏ដោយ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងអំពាវដល់ប្រជាពលរដ្ឋទៀតថា សូមបងប្អូនប្រជាពលរដ្ឋយើង ជៀសវាងឱ្យបានដាច់ខាត នូវការដែលនាំឱ្យឆ្លងមេរោគអេដស៍ ដល់ខ្លួន ឬបន្តចម្លងទៅអ្នកដទៃ និងក្រុមគ្រួសារ ពិសេសស្វាមីកុំដើរលេងក្រៅ នាំជំងឺអេដស៍នេះ មកឲ្យប្រពន្ធឲ្យសោះ។ បងប្អូនយើងត្រូវដឹងថា អេដស៍ នឹងធ្វើឲ្យសេដ្ឋកិច្ចគ្រួសារ របស់បងប្អូនធ្លាក់ចុះ លើសពីនេះ ពេលយើងជាឪពុកម្តាយ ស្លាប់ដោយជំងឺអេដស៍ទៅ កូននឹងកំព្រា រងារគ្មានទីពឹង ហើយបើពឹងជីដូន នឹងមានផលលំបាក ដោយជីដូនចាស់ មិនអាចរកថវិកាគ្រប់គ្រង ដល់ចៅបាននោះទេ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានក្រើនរម្លឹក ដល់អ្នកដែលរស់នៅជាមួយមេរោគអេដស៍ សូមទៅពិនិត្យសុខភាព និង លេបថ្នាំពន្យាជីវិត ឱ្យបានទៀតទាត់ ទៅតាមការកំណត់របស់គ្រូពេទ្យ។ ហើយក៏បានដាស់តឿន ដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសយុវជន សូមកុំប៉ះពាល់នូវ គ្រឿងញៀនឱ្យសោះ ដែលជាមូលហេតុនាំបង្កឱ្យមាន អំពើហិង្សាក្នុងគ្រួសារ និងធ្វើឱ្យបាត់បង់ កិត្តិយសគ្រួសារ នៅក្នុងសង្គម។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវឲ្យបងប្អូនពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយនូវអត្រាស្លាប់ និងពិការភាព ដោយសារគ្រោះថ្នាក់ ចរាចរណ៍ ដែលនេះនៅតែជាបញ្ហាប្រឈម របស់យើងទាំងអស់គ្នា។
នៅក្នុងឱកាសសំណេះសំណាលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានពាំនាំព្រះរាជបណ្តាំសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ ប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុតពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ចំពោះប្រជាពលរដ្ឋទាំងអស់ និងបាននាំមកជូននូវអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា រួមមានស្បៀង សម្ភារៈ និងថវិកាមួយចំនួន ដែលទទួលបានពីសទ្ធាជ្រះថ្លារបស់សប្បុរសជនជាតិ និងអន្តរជាតិ។
ស្ថិតក្នុងបរិយាកាសដ៏ប្រសើរថ្លៃថ្លា និងដើម្បីចូលរួមក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ក្រោមប្រធានបទ “ឆាប់ធ្វើតេស្តឈាម ឆាប់ព្យាបាល ឆ្ពោះទៅបញ្ចប់អេដស៍” នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានអំពាវនាវ និងផ្តល់អនុសាសន៍សំខាន់ ៧ចំណុចរួមមាន៖១/ សូមស្វែងយល់ពីមេរោគអេដស៍ និងការពារខ្លួនកុំឱ្យឆ្លងជាដាច់ខាត។២/ ឆាប់ធ្វើតេស្តឈាម ឆាប់ព្យាបាល ឆ្ពោះទៅបញ្ចប់អេដស៍។៣/ ចំពោះអ្នកផ្ទុកមេរោគអេដស៍ ត្រូវទៅទទួល និងលេបឱសថប្រឆាំងមេរោគ (ARV) ឱ្យបានទៀងទាត់តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។៤/ មិនត្រូវមាក់ងាយ និងរើសអើងជាមួយអ្នករស់នៅជាមួយមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ជាដាច់ខាតហើយត្រូវបង្កើតបរិយាកាសគាំទ្រដល់ក្រុមប្រឈមខ្ពស់នៅគ្រប់ទីកន្លែង ដើម្បីទទួលបានសេវាសុខភាព សេវាគាំពារសង្គម និងការការពារផ្លូវច្បាប់។៥/ ចំពោះក្មួយៗជាយុវជន យុវនារី ទោះជានៅទីណាក៏ដោយ គឺអ្នកត្រូវចេះជួយអប់រំមិត្តភក្តិឱ្យចេះការពារខ្លួនដូចគ្នា។៦/ ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ និងជាពិសេស ឆាប់ធ្វើតេស្តឈាម ដើម្បីទទួលសេវាការពារការចម្លងមេរោគអេដស៍ទៅទារក និងជំរុញលើកទឹកចិត្តដៃគូមកពិនិត្យ និងទទួលសេវាព្យាបាលទាំងអស់គ្នា។៧/ សូមប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍គ្រប់ពេលវេលា ដើម្បីកាត់បន្ថយអត្រាស្លាប់ និងពិការភាពដោយសារគ្រោះថ្នាក់ចរាចរណ៍។
គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង សារុង១ ក្រមា១ មុង១ និងភួយ១។ ដោយឡែក ក្រណាត់ស ១ដុំ និងថវិកា ១០.០០០រៀល ជាអំណោយ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕ ដោយ៖បញ្ញាស័ក្តិ