ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះថា គាត់ជាមន្ត្រីជាន់ខ្ពស់នៃក្រសួងដ៏សំខាន់មួយរបស់ជាតិ គាត់ធ្វើរឿងដែលបំផ្លាញមុខមាត់ជាតិ បង្កើតគ្រោះធំដល់ជាតិ និងបំផ្លាញទំនុកចិត្តលើស្ថាប័នជាតិ។
លោកបណ្ឌិត គិន ភាបានថ្លែងបន្តទៀតថា តើនៅមានមន្ត្រីបែបនេះប៉ុន្មាននាក់ទៀត? បើរកឃើញកំហុស មិនត្រូវសម្រួលភារកិច្ចទេ។ មន្ត្រីបែបនេះ បើរកឃើញកំហុសពិតប្រាកដ ត្រូវតែផ្ដន្ទាទោស រឹបអូសទ្រព្យសម្បត្តិ និងត្រូវតែស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់មកទទួលទោស។ រឿងធំបែបនេះ មិនអាចបុគ្គលតែម្នាក់អាចធ្វើតែឯងបានទេ ប្រហែលជាមានការគប់គិតគ្នាជាប្រព័ន្ធ។
លោកគ្រូ គិន ភា បានបញ្ជាក់បន្ថែមថា ជាតិនិងប្រជាជនយើងមិនគួរត្រូវបន្តរងគ្រោះពីឧក្រិដ្ឋកម្មដែលខ្លួនមិនបានប្រព្រឹត្តតទៅទៀតទេ។
សូមរំលឹកផងដែរថា មន្រ្តីក្រសួងការបរទេស លោក ថូ សំណាង ដែលគ្រួសារកំពុងប្រកាសស្វែងរកថាបាត់ខ្លួននោះ តាមពិតលោកត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នាំខ្លួនទៅសួរចម្លើយពាក់ព័ន្ធបទល្មើស Online Scams។
លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់បណ្តាញព័ត៌មាននៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះថា ករណីលោក ថូ សំណាង កំពុងត្រូវបាន ACU ស្តាប់ចម្លើយពាក់ព័ន្ធបទល្មើស Online Scams។
លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានបញ្ជាក់ទៀតថា៖ «លោក ថូ សំណាង បានសារភាពលួចយកសន្លឹកទិដ្ឋការប្រភេទ C និង Cex ប្រើប្រាស់ខុសច្បាប់ ជាង ៦០០០សន្លឹក ហើយចំណែកសន្លឹកនៅសល់ ៤ពាន់សន្លឹក ACU កំពុងតាមរកដែលគាត់ថាបានកំទេចចោល»។
លោកទេសរដ្ឋមន្រ្តី ថ្លែងបញ្ជាក់ថែមទៀតថា៖ «យើងរកឃើញ សន្លឹកទិដ្ឋាការរបស់ដែលគាត់បានបញ្ចេញដោយខុសច្បាស់ត្រូវបានជនបរទេស Online Scams ប្រើបាស់»។
សូមបញ្ជាក់ថា លោក ថូ សំណាង ត្រូវសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងពី អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយតែងតាំងលោកជាទីប្រឹក្សាក្រសួងជំនួសវិញ មានឋាន:ស្មើអគ្គនាយក។
នៅយប់ថ្ងៃនេះ មានការចែកចាយព័ត៌មាន នៃការបាត់ខ្លួនលោក ថូ សំណាង ក្រោយក្រុមគ្រួសារបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលជ្រោយចង្វារ និងប្រកាសស្វែងរក។រក្សាសិទ្ធដោយ៖សុទ្ធលី







