យុវជនសញ្ជាតិចិនម្នាក់បានមានគំនិតច្នៃប្រឌិតក្នុងការផលិតស្រាឫស្សី ដោយយកស្រាមកចាក់បញ្ចូលក្នុងដើមឫស្សី រួចទុកវាមួយរយៈ។
តាមគេហទំព័រ Daily Mail យុវជន Chen មុននេះបានប្រកបមុខរបរ ធ្វើស្រាឫស្សី នៅខេត្តហ្វូជៀង ប្រទេសចិន ក្រោយមកក៏បានបន្តទៅកាន់តំបន់សម្បូរឫស្សី នៅខេត្តស៊ីជាំង ដើម្បីពង្រីកមុខរបរពីឆ្នាំ ២០១៥។ ដើម្បីផលិតបាននូវផលិតផលចម្លែកប្លែកខុសគេនេះ លោក Chen បានទិញព្រៃឫស្សីធំមួយ រួចទាក់ទងទិញស្រាសសុទ្ធប្រចាំតំបន់នេះ។ បន្ទាប់មកគាត់ជួលមនុស្សឲ្យធ្វើការងារតាមបញ្ជារបស់ខ្លួន។ គាត់ជ្រើសរើសយកដើមឫស្សីដែលនៅខ្ចី រួចប្រើឧបករណ៍ដែលមានសម្ពាធខ្លាំងដើម្បីបាញ់បញ្ចូលស្រាសទៅក្នុងដើមឫស្សីទាំងនោះ។ លោក Chen ឲ្យដឹងថា “ឫស្សីខ្ចីមានលទ្ធភាពស្តារ “មុខរបួស” យ៉ាងលឿន។ ក្នុងរយៈពេលត្រឹម១០ថ្ងៃប៉ុណ្ណោះ រន្ធបូមបញ្ចូលស្រាទាំងឡាយនឹងត្រូវបិទភ្ជិត ហើយស្រាត្រូវបានឡើងមេបែបធម្មជាតិសុទ្ធសាធនៅក្នុងបរិស្ថានជិតនោះ។
ស្រាគឺជាភេសជ្ជៈមួយពុំមានអ្វីប្លែកចំពោះមនុស្សយើងឡើយ ប៉ុន្តែស្រាឫស្សីជាពាក្យមួយថ្មីទើបត្រូវបានបញ្ចូលក្នុងវចនានុក្រមរៀបរាប់អំពីប្រភេទស្រា។ Chen បកស្រាយបន្ថែមថា ស្រាសក្រោយពេលត្រូវបានបញ្ចូលក្នុងដើមឫស្សីធ្វើឲ្យកម្រិតអាល់កុលថយចុះដោយសារឫស្សីវាស្រូបយក ការតម្លើងមេក្នុងដើមឫស្សីធ្វើឲ្យស្រាមានក្លិនក្រអូបនឹងឱជារសពិសេស។ រីឯពណ៌របស់វាក៏បានប្តូរពីពណ៌ស ទៅកាន់ពណ៌លឿងខ្ចី គួរឲ្យគយគន់ ម្យ៉ាងទៀត វាមានប្រសិទ្ធភាពបំប៉នសួត និងកម្ចាត់ជាតិពុលបានយ៉ាងល្អប្រសើរ។ ដោយហេតុនេះឯងផលិតផលរបស់លោកពុំផលិតទាន់តម្រូវការឡើយ ហើយជាមធ្យមក្នុង១លីត្រស្រា លោកចំណេញបានជិត ២ដុល្លារ។
ស្រាផលិតផលដែលមានចំណេញខ្ពស់ ដំណាក់កាលដំបូងនេះលោកផលិតបានជាមធ្យមប្រហែល ២៥.០០០លីត្រ ប៉ុណ្ណោះ ហើយលោកកំពុងសម្រុងពង្រីកបន្ថែមមុខរបររបស់ខ្លួន។