Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បុណ្យ​ភ្ជុំ​មាន​ប្រវត្តិ​ទាក់ទង​ទៅនឹង​ការ​ឧទ្ទិស​ដល់​ញាតិ​ដែល​បាន​ស្លាប់ទៅ​ផង និង​ការចូល​ព្រះវស្សា​របស់​ព្រះសង្ឃ​ផង

​បុណ្យ​ភ្ជុំបិណ្ឌ​ជា​ពិធីបុណ្យ​មួយ​ក្នុងចំណោម​ពិធីបុណ្យ​ធំៗ​ដទៃទៀត​នៃ​ព្រះ​រាជពិធី​ទ្វារ ទស​មាស ដែល​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស តែង​ប្រារព្ធ​ពិធី​នេះ​ឡើង​តាំងពី​បុរាណកាល​មក មិនដែល​ខកខាន​។ ពិធីបុណ្យ​នេះ​ត្រូវបាន​ធ្វើឡើង​យ៉ាង​ទៀងទាត់​ចាប់តាំងពី​ថ្ងៃ​១​រោច រហូតដល់​ថ្ងៃ​១៥​រោច​ខែភទ្របទ ពោល​គឺមាន​រយៈពេល​១៥​ថ្ងៃ ដែល​គេ​ហៅថា បិណ្ឌ​១ បិណ្ឌ​២ រហូតដល់​ថ្ងៃ​បញ្ចប់​គឺជា​ថ្ងៃ​ភ្ជុំបិណ្ឌ​។ បុណ្យ​ភ្ជុំបិណ្ឌ​ក៏បាន​ធ្វើឡើង ស្របគ្នា​នៅក្នុង​ព្រះវស្សា​របស់​ព្រះសង្ឃ​ផងដែរ​។​

​ជាបឋម​ពាក្យ​ថា​«​ភ្ជុំបិណ្ឌ​» មកពី​ពាក្យ​«​ភ្ជុំ​» រួមជាមួយ​ពាក្យ​«​បិណ្ឌ​» មានន័យថា ភ្ជុំ​គឺ​ការប្រមូលផ្តុំ ឬ​ប្រជុំ​បិណ្ឌ មកពី​ភាសាបាលី​ថា​«​ដុំ​បាយ​»​។ មានន័យថា​ការប្រជុំ​ឬ​ប្រមូលផ្តុំ​ដុំ​បាយ ឬ​ការ​ពូត​ដុំ​បាយ​ជា​ដុំៗ​ដែល​គេ​ហៅថា​«​បាយបិណ្ឌ​»​។ តាម​ក្រសួង​វប្បធម៌ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​កាលពី​សម័យកាល​បុរាណ គេ​ធ្វើឡើង​ដោយ​បែង​ចែកជា​២​វគ្គ តែ​បច្ចុប្បន្ន​គេ​បង្រួម​ចូលគ្នា​តែមួយ​។​

​ទាក់ទង​ទៅនឹង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ អ្នកប្រាជ្ញ​ខ្មែរ​បុរាណ​បាន​បង្កើត​ឲ្យ​មាន​គម្ពីរ​ចំនួន​៣​គឺ​ទី​១ គម្ពីរ​បេ​ត​វត្ថុ ដែល​បកស្រាយ​ពី​រឿង​ប្រេត អា​និ​សង្ឃ​បិណ្ឌ​និយាយ​អំពី​ផល​នៃ​ការធ្វើ​បុណ្យ​។ ទី​២ គឺ​គម្ពីរ​ពិទ្យាធរ​ឬ​វិជ្ជាធរ ដែល​ដំណាល​អំពី​ប្រពៃណី​របស់​ជាតិខ្មែរ ដែល​ជាប់ទាក់ទង​មកដល់​សព្វថ្ងៃ​។ និង​ទី​៣​គឺ​គម្ពីរ​វិមានវត្ថុ ឬ​ក​ម្ពី​រ​ធម្មបទ ជាដើម​។​

​តាម​គម្ពីរ ពិ​ធ្យា​ធរ ឬ​វិជ្ជាធរ ដំណើរ​ទស្សនកិច្ច​រប​ស់​ព្រះ​ថេរ​មួយ​ព្រះអង្គ​ព្រះនាម​ឧ​ប​គុ​ត្ត​ស្ថេ​រ ទៅ​ស្ថាន​នរក ហើយ​បាន​ពាំនាំ​យកមក​នូវ​ការ​ផ្តាំផ្ញើ​ពីស​ត្វ​នរក នូវ​ភាពអត់ឃ្លាន កំដៅភ្លើង​ខ្លាំង ពី​រោគាព្យាធិ ត្រូវបាន​រៀបរាប់ ថ្វាយ​ដល់​ព្រះមហាក្សត្រ​ពី​បុរាណកាល​ជាហេតុ​ធ្វើ​ឲ្យ​មានការ​ចាប់ផ្តើម​ធ្វើបុណ្យ​ដាក់​បិណ្ឌ​និង​កាន់បិណ្ឌ​នេះ​ឡើង ចំ​ថ្ងៃ​១​រោច​ដល់​១៥​រោច​ខែភទ្របទ ដើម្បី​ឲ្យ​ពួក​ប្រេត​ទទួលបាន​ឆ្អែត​ស្កប់ស្កល់​ផុត​ទុក្ខវេទនា​។​

​បន្ទាប់ពី​មានការ​ប្រកាស​ពី​ព្រះមហាក្សត្រ​ឲ្យ​មានការ​ប្រតិបត្តិ​បុណ្យ​ភ្ជុំបិណ្ឌ ប្រជាជន​ខ្មែរ ក៏​តែងតែ​ចងចាំ​និង​យល់​គ្រប់ៗ​គ្នា​ថា «​បុណ្យ​ភ្ជុំបិណ្ឌ​» គឺជា​បុណ្យ​ដាក់​បិណ្ឌ​ដើម្បី​ឧទ្ទិស​កុសល​ដល់ បេ​ត​បុគ្គល​ជា​ឪពុក ម្តាយ បងប្អូន ញាតិសន្តាន​ទាំងឡាយ ដែល​បាន​ចែក​ស្ថាន​ទៅហើយ មិនដឹង​ជា​ទៅ​ចាប់កំណើត​នៅ​លោក​ខាង​មុខជា​អ្វី​នោះ​។ ប៉ុន្តែ​បើ​យោងទៅលើ​អត្ថបទ​របស់លោក​អាចារ្យ សុង ស៊ីវ ការធ្វើ​បុណ្យ​ភ្ជុំបិណ្ឌ ពុំមែន​មានន័យ​តែ​ប៉ុណ្ណឹង​ទេ​។

​លោក សុង ស៊ីវ បាន​បកស្រាយ​ដោយ​លើកយក​អត្ថន័យ​ចំនួន​៣​គឺ ដើម្បី​ឧទ្ទិស​កុសល​ចំពោះ​បេ​ត​បុគ្គល ឬ​ប្រេត​បុគ្គល​។ ទី​២ គឺ​ដើម្បី​ឲ្យ​បាន​សេចក្តីសុខ​ចម្រើន សិរី​សួស្តី​ដែល​កើត​ពី​ផល​ទាន​របស់ខ្លួន​។ និង​ទី​៣ គឺ​ដើម្បី​បង្កើត​សាមគ្គី​ជាតិ​គឺ​ការស្រុះស្រួល​គ្នា​ទាំង​ពេលវេលា​កំណត់ ទាំង​ការធ្វើ​នំគម នំអន្សម នៅ​ទូទាំងប្រទេស​។ ពិធីបុណ្យ​នេះ ពី​បុរាណកាល ក៏មាន​ជាប់ទាក់ទង​ទៅនឹង​ការចូល​វស្សា​របស់​ព្រះសង្ឃ​រយៈពេល​៣​ខែ​ដែរ ខណៈដែល​បុណ្យ​ភ្ជុំបិណ្ឌ ត្រូវគេ​ធ្វើឡើង​ក្នុងអំឡុង​រដូវវស្សា​។ នេះ​បើតាម​សង្ឃដីកា​របស់​សម្តេចព្រះ​មង្គលទេពាចារ្យ​អ៊ុំ ស៊ុម​។​

​ដោយឡែក ការ​ប្រារព្ធ​ធ្វើបុណ្យ​ភ្ជុំបិណ្ឌ​ដែលមាន​ពេល​១៥​ថ្ងៃនេះ តាម​បុ​រា​ណា​ចា​រ្យ គឺ​គេ​បែងចែក​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ជា​ក្រុម​និង​វេន​បន្តបន្ទាប់​គ្នា ដើម្បី​ធ្វើ​ចង្ហាន់​និង​នំ​ទៅ​ប្រគេន​ព្រះសង្ឃ​នៅឯ​វត្ត និង​ដើម្បី​ដាក់​បិណ្ឌ​ឧទ្ទិស​កុសល​ដល់​ញាតិ​ការ​ទាំង​៧​សណ្តាន​ដែល​បាន​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​។ ក្រៅពីនេះ ក៏មាន​ព្រះសង្ឃ​សូត្រ​បរាភវ​សូត្រ​នៅពេល​ទៀបភ្លឺ មាន​ការបោះ​បាយបិណ្ឌ និង​ការ​ពូន​ភ្នំខ្សាច់​ជាដើម​៕​ចន្ទ្រា​

×