ក្រុមហ៊ុនផលិតភាពយន្តដ៏ធំរបស់អាមេរិច Disney បានជ្រើសរើសយកតារាសំដែងចិនដ៏ល្បីឈ្មោះម្នាក់គឺ Liu Yifei ឲ្យដើរតួជាវីរៈនារី មូឡាន (Mulan) ដែលចេញក្នុងពេលឆាប់ៗខាងមុខ។
រឿងដែល Liu Yifei នឹងចូលរួមសំដែង គឺដកស្រង់ចេញពីរឿងគំនូជីវចលឆ្នាំ ១៩៩៨ ហើយសាច់រឿងនោះនឹងរៀបរាប់អំពីវីរៈនារីចិនដ៏ល្បីឈ្មោះម្នាក់ឈ្មោះ ហ មូឡាន (Hua Mulan)។
Liu Yifei ដែលប្រជាជនខ្មែរភាគច្រើនហៅថា សៀវ ឡុនី តាមរយៈការសម្តែងជាតួឯកក្នុងរឿងរន្ទះដាវឥន្ទ្រីទេព្យ ឆ្នាំ២០០៦ គឺជាតារា សំដែង អ្នកបង្ហាញម៉ូត ព្រមទាំងអ្នកចំរៀងនៅក្នុងប្រទេសចិន។
តារាសំដែងវ័យ ៣០ឆ្នាំរូបនេះ ត្រូវបាន Disney ជ្រើសរើសចេញពីក្នុងចំណោមបេក្ខជនជិត ១.០០០នាក់។ នាងគឺជាតារាសំដែងចិនម្នាក់អាចនិយាយភាសាអង់គ្លេសបានយ៉ាងស្ទាត់ ដោយសារតែនាងរស់នៅ និងធំធាត់នៅក្នុងទីក្រុងញូវញ៉ក៕