ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីបរិស្ថានបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤៩ករណី ក្នុងឧទ្យានជាតិគិរីរម្យ រយៈពេលជិត២ខែ !

ខេត្តកំពង់ស្ពឺ៖ មន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន បានបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន ៤៩ករណី ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គិរីរម្យ» ក្នុងរយៈពេលជិត២ខែ ដោយដកហូតផ្ទៃដីព្រៃដែលត្រូវបានទន្ទ្រានជាង ២២ហិកតា និងបញ្ជូនសំណុំរឿងចំនួន៥ ទៅតុលាការចាត់ការតាមច្បាប់។

យោងតាមក្រសួងបរិស្ថាន ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ការបង្ក្រាបនេះធ្វើឡើងចាប់ពីថ្ងៃទី១៩ ខែសីហា ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងទប់ស្កាត់ការបំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងតំបន់ការពារ។

ក្នុងចំណោមបទល្មើសទាំង ៤៩ករណី មានការបោះបង្គោលហ៊ុមព័ទ្ធដីព្រៃចំនួន៣៤ករណី ដែលប៉ះពាល់ផ្ទៃដីប្រមាណ ១៩,៥៧ហិកតា។

ក្នុងនោះ សំណុំរឿងចំនួន៥ ដែលពាក់ព័ន្ធនឹងផ្ទៃដី ២,៨៥ហិកតា ត្រូវបានបញ្ជូនទៅតុលាការ។

បទល្មើសផ្សេងទៀត រួមមានការកាប់គាស់ និងដុតព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិចំនួន៤ករណី ប៉ះពាល់ដីប្រមាណ ២,៥១ហិកតា ការដាក់អន្ទាក់ចាប់សត្វព្រៃចំនួន១ករណី ដោយដកហូតអន្ទាក់១៥ខ្សែ និងរកឃើញសត្វស្វាមួយក្បាលងាប់ដោយសារជាប់អន្ទាក់។

មន្ត្រីក៏បានរកឃើញករណីកាប់បំផ្លាញព្រៃឈើចំនួន៤ករណី ដោយដកហូតឈើប្រភេទលេខ២ (ស្រល់) ចំនួន៦ដើម និង៤សន្លឹក ព្រមទាំងករណីសង់រោង និងទន្ទ្រានដីដោយគ្មានការអនុញ្ញាតចំនួន៤ករណី និងការបាញ់ថ្នាំសម្គាល់ព្រំដីចំនួន២ករណី។

ក្រសួងបរិស្ថានបានបញ្ជាក់ថា ការបង្ក្រាបបទល្មើសទាំងនេះ គឺជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងការពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ជាពិសេសការកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធានាការការពារធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមនឹងការបង្ក្រាប មន្ត្រីឧទ្យានុរក្សក៏បន្តអប់រំប្រជាសហគមន៍នៅជុំវិញឧទ្យានជាតិគិរីរម្យ ឱ្យចូលរួមការពារព្រៃឈើ និងសត្វព្រៃ ដើម្បីរក្សាប្រព័ន្ធអេកូឡូស៊ី និងធានានិរន្តរភាពធនធានធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម