ខេត្តព្រះសីហនុ ៖ ឯកឧត្តមយន្ត មីន អភិបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីរាជការ ស្ថាប័នពាក់ព័ន្ធក្រោមឱវាទរដ្ឋបាលខេត្តនេះ ចូលរួមសំអាតអនាម័យ បរិស្ថាន នៅតាមឆ្នេរអូរឈើទាល បន្ទាប់ពីមានកាកសំណល់កំប្លោក និងឫសរុក្ខជាតិមួយចំនួនទៀត បានអណ្តែតមកទើរនៅលើឆ្នេរសមុទ្រមួយចំនួននាខេត្តព្រះសីហនុ។
ឯកឧត្តមមានប្រសាសន៍ថា កាកសំណល់ខាងលើនេះ បានរសាត់មកទើរនៅលើឆ្នេរសមុទ្រឆ្នេរអូរឈើទាល កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ ដោយក្នុងនោះមានកំទេចកំប្លោក ឬកាកសំណល់សំរាមជាឫសរុក្ខជាតិជាច្រើន បានរសាត់អណ្តែតលើផ្ទៃសមុទ្រ ស្ទើរគ្រប់ទីកន្លែង។ ក្នុងនោះក៏បានរសាត់អណ្តែតមកទើរ នៅលើឆ្នេរមួយចំនួនរួមមានឆ្នេរអូរឈើទាល ឆ្នេររាម និងឆ្នេរមួយចំនួន នៅលើកោះរ៉ុងជាដើម ដែលនាំឲ្យបាត់បង់សោភណ្ឌ័ឆ្នេរសមុទ្រធ្ងន់ធ្ងរ។
ផ្តើមពីបញ្ហានេះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១០ខែតុលាឆ្នាំ២០១៨នេះ បាន ដឹកនាំមន្ត្រីនៅតាមមន្ទីរស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តនេះ ទាំងស្ថាប័នស៊ីវិល និងស្ថាប័នកងកម្លាំងប្រដាប់អាវុធ ព្រមទាំងបុគ្គលិកផ្នែកសំអាតអនាម័យ បាន ចុះទៅប្រមូលកើបប្រមូលយកកំទេចសំរាមទាំងនោះ ចេញពីឆ្នេរ ដើម្បីសំអាតឆ្នេរខ្សាច់អូរឈើទាល និងឆ្នេរផ្សេងៗទៀតឲ្យមានសោភ័ណ្ឌភាពដូចដើមវិញ។
ឯកឧត្តម យន្ត មីន ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា កាកសំណល់ដែលអណ្តែតនៅលើលំហសមុទ្រ មកទើរនៅលើឆ្នេរខ្សាច់ ឬឆ្នេរសមុទ្រមួយចំនួន នាខេត្តព្រះសីហនុ គឺមិនមែនជាកាកសំណល់សល់ ពីតាមផ្ទះប្រជាពលរដ្ឋនោះទេ ប៉ុន្តែវាជាប្រភេទរុក្ខជាតិកំប្លោក និងឫសរុក្ខជាតិផ្សេងៗទៀត ដែលឯកឧត្តមអភិបាលខេត្តព្រះសីហនុ សង្ស័យថា អាចកំប្លោក ឬកាកសំណល់ទាំងអស់នោះ មានប្រភពមកពីប្រទេសវៀតណាម។
ទោះជាបែបនេះក្តី ឯកឧត្តម យន្ត មីន បញ្ជាក់ថា បញ្ហាសំរាមខាងលើនេះ រដ្ឋបាលខេត្តព្រះសីហនុ កំពុងស្រាវជ្រាវលើករណីនេះ និងបន្តឲ្យក្រុមការងារថែរក្សាសំអាតអនាម័យក្រុង-ខេត្តព្រះសីហនុ ឲ្យបន្តសកម្មភាពសំអាតអនាម័យបរិស្ថាន នៅតាមឆ្នេរសមុទ្រនានា ក្នុងមូលដ្ឋាននេះ ឲ្យបានជាប្រចាំ ធ្វើយ៉ាងណារក្សាសោភ័ណ្ឌភាពឆ្នេរសមុទ្រខេត្តព្រះសីហនុ ឲ្យបានល្អ និងមានបរិស្ថានស្រស់ស្អាត ដើម្បីបំរើជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលចូលមកទស្សនាខេត្តនេះឲ្យមានភាពសប្បាយរីករាយ។
ឆ្លៀតឱកាសនេះដែរ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ពិសេសអាជីវករ ដែលមានបើកធ្វើអាជីវកម្ម នៅក្បែរឆ្នេរ សមុទ្រទាំងអស់ រួមមាន៖ ឆ្នេរអូរឈើទាល ឆ្នេររាម និងឆ្នេរអូរត្រេះជាដើម ត្រូវចូលរួមសំអាតអនាម័យឆ្នេរ ដោយត្រូវចូលរួមចុះស្រង់កាកសំណល់ ឬសំរាមកំប្លោក និងឫសរុក្ខជាតិផ្សេងៗ ពីក្នុងសមុទ្រ ឬកាកសំណល់មួយចំនួន ដែលរសាត់មកទើរ នៅលើឆ្នេរសមុទ្រខេត្តព្រះសីហនុ ជាមួយក្រុមការងារផ្នែកសំអាតអនាម័យ របស់រដ្ឋបាលក្រុង-ខេត្តព្រះសីហនុ ឲ្យបានទាំងអស់គ្នា ប្រយោជន៍ឲ្យបរិស្ថានឆ្នេរសមុទ្រខេត្តនេះ មានសោភ័ណ្ឌភាពស្រស់ស្អាត ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរចម្រុះជាតិសាសន៍ ឲ្យចូលមកទស្សនាខេត្តនេះបានច្រើនថែមទៀតនាថ្ងៃខាងមុខ៕ ដែន សីមា