ភ្ញៀវទេសចរទៅសម្រាកកម្សាន្តនៅខេត្តព្រះសីហនុរយៈពេល៣ថ្ងៃ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌមានចំនួនសរុបប្រមាណជិត ៨ម៉ឺននាក់ (៧៩៥៨៧) ថយចុះ ១៣,៤៩%។
ភ្ញៀវទេសចរមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃក្នុងឱកាស បុណ្យភ្ជុំបិណ្ឌ មានចំនួនថយចុះយ៉ាងច្រើន បើធៀបនឹងបណ្តាឆ្នាំមុន ដោយបញ្ហាកំណើន ជនជាតិចិនដែលបង្កភាពអនាធិបតេយ្យ បញ្ហាអនាម័យ បរិស្ថានមិនល្អ ទំនិញនិងម្ហូបអាហារ ផ្ទះសំណាក់ សណ្ឋាគារ ឡើងថ្លៃកប់ពពក ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់រងការខូចខាត ពិបាកធ្វើសំណើរជាដើម។
ចាប់តាំងពីមានជនជាតិចិនចូលមករស់នៅខេត្តព្រះសីហនុយ៉ាងច្រើននោះ យើងឃើញថាឥឡូវមិនដូចពីមុននោះទេ គឺមានការប្រែប្រួលយ៉ាងខ្លាំង ទាំងសន្តិសុខ និងបរិស្ថាន បើប្រៀបធៀបដូចពីមុនវិញ គឺពិតជាសប្បាយខ្លាំងណាស់ តែពេលនេះប្រែប្រួលអស់ហើយ។
ធ្លាប់តែខេត្តព្រះសីហនុឲ្យតែដល់ថ្ងៃបុណ្យទានដឹងតែមានមនុស្សជាច្រើន ទៅដើរលេងកម្សាន្តនៅទីនោះ តែក្នុងរដូវបុណ្យភ្ចុំឆ្នាំនេះវិញ យើងឃើញថា ស្ងាត់ភ្ញៀវទេសចរយ៉ាងខ្លាំង ពុំសូវមានអ្នកណាចង់ទៅដើរលេងនោះទេ នេះមកពីមូលហេតុដែលមានជនជាតិចិនទៅរស់នៅទីនោះច្រើនពេក។
បើតាមរបាយការណ៍ មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានឲ្យដឹងថា នាឱកាសបុណ្យភ្ជុំបិណ្ឌមានចំនួនសរុបប្រមាណ ៖ -ថ្ងៃទី១នៃឱកាសភ្ជុំបិណ្ឌ ប្រមាណ ១៨.០០០នាក់ (០៨ ខែតុលា ២០១៨) -ថ្ងៃទី២: ប្រមាណ ៣៥.០០០នាក់(០៩ តុលា ២០១៨) -ថ្ងៃទី៣: ប្រមាណ ២៦.៥៨៧នាក់។ ភ្ញៀវសរុបប្រមាណ ៧៩.៥៨៧នាក់ ថយចុះ១៣,៤៩% ។ ភ្ញៀវ ជាតិៈ ៧៣.១៧៧នាក់ ថយចុះ ១៦,២៧% ។ ភ្ញៀវអន្តរជាតិ ៦.៤១០នាក់ កើនឡើង៣៩,៣៤% ភ្ញៀវមកកម្សាន្តតាមរមនីយដ្ឋាននានាមានចំនួនសរុប ៧.៩៣៩ នាក់ ក្នុងនោះ រមនីយដ្ឋានក្បាលឆាយមាន ៥.៣១៩ នាក់ បរទេស១៥០នាក់ រមនីយដ្ឋានថ្មរូងមាន ១.២៤០ នាក់ បរទេស ៤៨ នាក់ រមនីយដ្ឋានពិកនិកមាន ១.៣៨០ នាក់ បរទេស ៣៩៤ នាក់។ សម្រាប់ភ្ញៀវទៅទស្សនាតាមបណ្តាកោះនានារយៈពេលបីថ្ងៃមាន៖ សរុប ២.៦៩៥នាក់ ( ស្រី១.២០៥នាក់)ជាតិសរុប ៦០៥នាក់( ស្រី ២៨៦នាក់) អន្តរជាតិ ២.០៩០នាក់ ( ស្រី៩២៤នាក់) ៕ ដោយ ៖ បញ្ញាស័ក្តិ