Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាប៉ោង​បើក​ហើយ ៖ អភិបាលស្រុក​-​ក្រុង រង​ខេត្ត​នៅ​បន្ទាយមានជ័យ​ដែល​ត្រូវ​ស្នើ​ផ្លាស់ប្តូរ​…​ចេញ​អនុក្រឹត្យ​ហើយ​

បន្ទាយមានជ័យ ៖ អាប៉ោង​បើកគ្រប​ហើយ ។​អភិបាល​ស្រុក​ក្រុង រង​ខេត្ត​នៅ​បន្ទាយមានជ័យ​ដែល​ត្រូវ​ស្នើ​ផ្លាស់ប្តូរ​តាំងពី​ក្រោយ​បោះឆ្នោត​ឃុំ​សង្កាត់ ឥ​ឡូង​បាន​ចេញ​អនុក្រឹត្យ ហើយ​គេ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ព្រោងព្រាត ។​ ប៉ុន្តែ​សា​ម៉ី​ខ្លួន ពុំ​សូវ​ហ៊ាន​ផុស​ឬ​សំ​ញ៉ែង​យ៉ាងណាទេ​ព្រោះ​បារម្ភ​ពី​កំហុស​ក្នុង​លាក់​ការណ៍​ការងារ​បក្ស​។​

យោង​ការ​ផុស​នោះ គេហទំព័រ​CEN ក៏​បាន​ឃើញ​អនុក្រឹត្យ​លេខ​១២៤៣ អនក្រ​តក ស្តីពី​ការផ្ទេរ​ភារកិច្ច​និង​តែងតាំង​មន្ត្រី​រាជការ ចុះ​ថ្ងៃ​ទី​៦​វិច្ឆិកា​២០១៧ ដោយ​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នោះដែរ ដែល​បាន​អោយដឹងថា រាជរដ្ឋាភិបាល​សម្រេច :​ផ្ទេរ​ភារកិច្ច​លោក សាន ស៊ានហូ ពី​អភិបាលស្រុក​អូរជ្រៅ​អោយទៅជា​អភិបាលក្រុង​ប៉ោយប៉ែត ជំនួស​លោក ង៉ោ ម៉េង​ជ្រួន អភិបាល​ក្រុង​នេះ ដែល​ត្រូវ​ឡើង​ជា​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​។​

ហើយ​អភិបាលស្រុក​ព្រះនេត្រព្រះ លោក លី សុ​វណ្ណា​រិទ្ធុ ត្រូវ​ផ្ទេរ​មក​ជាអភិបាល ស្រុក​អូរ​ជ្រៅ ហើយ​លោក ឃូ ពៅ អភិបាល​ស្រុក​ស្វាយចេក​ត្រូវ​ផ្ទេរ​ទៅ​ជា​អភិបាលស្រុក​ព្រះនេត្រព្រះ​ជំនួស​។​ ​ចំណែក​លោក លឿង សុ​ភក្តិ អភិបាលរង​ស្រុក​អូរជ្រៅ ត្រូវ​ឡើង​ជា​អភិបាល​ស្រុក​ស្វាយចេក​។​

​រីឯ​នៅ​ស្រុក​ថ្មពួក លោក​ប្លែក វ៉ា​រី អភិបាល​ស្រុក​នេះ​ត្រូវ​ផ្ទេរ​មក​បម្រើ​ការងារ​នៅ​សាលាខេត្ត ដោយ​លោក ឌៀប ឈួន អភិបាលរង​ចាស់វស្សា​នៅ​ទីនោះ​ឡើង​ជា​អភិបាលស្រុក​ថ្មពួក​។​

​ចំពោះ​ស្រុក​មង្គល​បូរី​វិញ លោក ឡុង ពុ​ន អភិបាលស្រុក​ដែល​លែង​មក​ធ្វើការ​តាំងពី​ចប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ថ្ងៃទី​៤​មិថុនា​២០១៧​កន្លងមក​នោះ ត្រូវ​ជំនួស​ដោយ​លោក រ័ត្ន ដា​ស៊ី​ណង់ អភិបាល​ស្តីទី​ឡើង​ជា​អភិបាលស្រុក​មង្គល​បូរី​។​ចំពោះ​ក្រុង​សិរីសោភ័ណ លោក​វ៉ៃ កេង​លី អភិបាល​ក្រុង​ត្រូវ​ផ្ទេរ​ទៅ​បម្រើ​ការងារ​ជា​មន្ត្រី​នៅ​សាលាខេត្ត ហើយ​ដាក់ជំនួស​វិញ​ដោយ​លោក ហ៊ិ​ល រ៉ា​យ៉ា មន្ត្រី​មន្ទិរអប់រំ​យុវជន​និង​កីឡា​ខេត្ត និង​ជា​យុវជន​សស​យក​។​

​គួរបញ្ជាក់​ថា កាល​ពី​ក្រោយ​ការបោះឆ្នោត​ឃុំ​សង្កាត់​ថ្ងៃទី​៤​មិថុនា​២០១៧ ក្រុមការងារ​គណបក្ស​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត គណបក្ស​ប្រជាជន​ខេត្ត​និង​គណ​:​អភិបាល​ព្រមទាំង​ក្រុមប្រឹក្សា​ខេត្ត​បានស្នើ​ផ្លាស់ប្តូរ តែងតាំង​អភិបាល អភិបាលរង​ស្រុក​ក្រុង​មួយចំនួន​។​
​ក្នុងនោះ លោក​ឡុង ពុ​ន អភិបាលស្រុក​មង្គល​បូរី លោក វ៉ៃ កេង​លី អភិបាលក្រុង​សិរីសោភ័ណ ត្រូវបាន​គេ​ធ្វើអោយ​បែកធ្លាយ​លើ​ចំណារ​ស្មើ​តាំង​តាំង​ថា ជា​មន្ត្រី​អសកម្ម មិន​មាន​ច​រឹត​មហាជន ព្រោះ​សម្លេង​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​បាន​ថយ​ចុះ​ខ្លាំង ពោល​គឺ​ស្រុក​មង្គល​បូរី​បាត់​តំណែង​មេឃុំ​៤​ឃុំ​និង​ក្រុមប្រឹក្សា​ជា​ច្រើន​។​ឯ​ក្រុង​សិរីសោភ័ណ បាត់​តំណែង​ចៅសង្កាត់​៣​សង្កាត់​..​ទើប​នាំអោយ​មាន​ការផ្លាស់ប្តូរ​នោះ​។​

ប៉ុន្តែ​ស្ថានភាព​ដូចគ្នា​នេះ លោក ង៉ោ ម៉េង​ជ្រួន អភិបាលក្រុង​ប៉ោយប៉ែត​វិញ ជា​ទី​ដែល​ក្រុង​នេះ​បាត់​សម្លេង​ជិត​១​ម៉ឺន​សម្លេង​ហើយ​បាត់​តំណែង​ចៅសង្កាត់​២​សង្កាត់​និង​ក្ម្រមប្រឹក្សា​ជា​ច្រើន​ដែរ នោះ ត្រូវ​បាន​ស្នើ ហើយ​ទទួលបាន​ការតែងតាំង​ជា​អភិបាលរង​ខេត្ត ជា​ពិសេស​មួយ​។​

​ក៏​មាន​ការស្នើ​ផ្លាស់ប្តូរ ផ្ទេរ​ភារកិច្ច​លោក​អភិបាលរង​ស្រុក​ក្រុង នាយករង​រដ្ឋបាល​សាលាខេត្ត​..​ដែរ តែ​ចុងក្រោយ មាន​អន្តរាគមន៍​ក៏​នាំ​អោយ​មន្ត្រី​រក្សា​ភាព​ដដែល​វិញ​។​

​ប្រភព​មន្ត្រី​សាលាខេត្ត​និង​ស្រុក​ក្រុង​នៅ​បន្ទាយមានជ័យ​អោយ​ដឹង​ថ្ងៃទី​១​ធ្នូ​ថា :​ពិធី​ប្រកាស​ចូល​កាន់តំណែង​លោក​អភិបាលស្រុក​ក្រុង អភិបាលរង​ខេត្ត​ដូច​ខាងលើ​អាច​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​៤​វិច្ឆិកា​២០១៧​ខាងមុខ​និង​បន្តបន្ទាប់​តទៅ​៕ ដោយ ៖ បន្ទាយ​

×