ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកបកប្រែភាសាចិនម្នាក់ ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងសំណុំរឿងមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅព្រែកខ្សាច់!

ភ្នំពេញ៖ អ្នកបកប្រែភាសាចិនម្នាក់ឈ្មោះ ហ៊ុន លីស្រៀង ហៅ Mr Xing, XinXin, ពូទី២ និង Ly Sreing ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទសមគំនិតក្នុងអំពើស៊ីសំណូក ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសម្អាតប្រាក់ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ស៊ើបអង្កេត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

យោងតាមរបាយការណ៍របស់លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន ACU ដែលបានលើកឡើងក្នុងកិច្ចប្រជុំលើកទី១៥ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ សំណុំរឿងនេះ ជាភាគទី៥ និង ជាភាគបញ្ចប់នៃការស៊ើបអង្កេតលើករណីមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅឃុំព្រែកខ្សាច់ លើដីទំហំ៥ហិកតា ដែលពាក់ព័ន្ធនឹងមេឃុំ រៀម រុំ។

របាយការណ៍បានបញ្ជាក់ថា ឈ្មោះ ហ៊ុន លីស្រៀង ប្រើប្រាស់ឈ្មោះសរុបចំនួន១១ ហើយត្រូវបានស៊ើបអង្កេតរកឃើញថា មានតួនាទីជាអ្នកបកប្រែ និងជាអ្នកសម្របសម្រួលការងារឱ្យមេក្រុមឆបោកតាមអនឡាញជាជនជាតិចិនមួយចំនួន ដែលត្រូវបានហៅថា បងធំ បងទី២ បងទី៣ បងហាវ កឺ បងឈាំង កឺ និង ចាង ចៀនឈាំង។

តាមរបាយការណ៍ បុគ្គលទាំងនេះបានធ្វើការទាក់ទងដោយផ្ទាល់ជាមួយមេឃុំ រៀម រុំ។

ឈ្មោះ ហ៊ុន លីស្រៀង ត្រូវបានរាយការណ៍ថា បានតាំងខ្លួនជាពូទី២ ដើម្បីបញ្ជូនសារ និងបញ្ជាពីមេក្រុមឆបោកទៅកាន់គោលដៅផ្សេងៗ។

លោកក៏ត្រូវបានចោទប្រកាន់ថា ជាអ្នកទទួលបញ្ជាពីបុគ្គលដែលគេហៅថា បងទី២ ឬ អឺ កឺ ដើម្បីទាក់ទងទៅមេឃុំ រៀម រុំ ឱ្យរៀបចំទីតាំងឆបោកតាមអនឡាញសម្រាប់ ចាង ចៀនឈាំង ហៅ តៃ យ៉ូវយៀន។

តាមការស៊ើបអង្កេតដែលបានរាយការណ៍ ឈ្មោះ ហ៊ុន លីស្រៀង បានចូលរួមរៀបចំទីតាំងចាប់តាំងពីការដាក់តង់សម្រាប់មនុស្សចំនួន៤២នាក់ធ្វើការងារ រហូតដល់ការចាក់សាប សាងសង់រោងប្រក់ដំបូល និងដាក់ទូរកុងតឺន័រដើម្បីផ្តល់កន្លែងស្នាក់នៅ ឬធ្វើការសម្រាប់ក្រុមមនុស្សទាំងនោះ។

លើសពីនេះ របាយការណ៍បានឱ្យដឹងថា ឈ្មោះ ហ៊ុន លីស្រៀង ក៏ស្ថិតក្នុងក្រុមការងារដោះស្រាយបញ្ហាទឹកជាមួយមេក្រុមឆបោកជនជាតិចិនប្រមាណ៥ទៅ៦នាក់ មេឃុំ រៀម រុំ និងបក្ខពួករបស់លោក រួមមាន ជា សុទ្ធ ហៅ ម៉េង និង ជា វាសនា ជាដើម។

ជាមួយគ្នានេះ ឈ្មោះ ហ៊ុន លីស្រៀង ក៏ត្រូវបានរាយការណ៍ថា ជាសមាជិកនៃក្រុមមួយទៀតដែលមានមេក្រុមឆបោកជនជាតិចិនប្រមាណ៥ទៅ៦នាក់ចូលរួម។

ក្រុមនេះ ត្រូវបានដាក់ឈ្មោះថា «ក្រុមរកលុយដោយរលូន»។

ការចោទប្រកាន់នេះជាផ្នែកចុងក្រោយនៃសំណុំរឿងស៊ើបអង្កេតលើទីតាំងឆបោកតាមអនឡាញនៅឃុំព្រែកខ្សាច់។

ឈ្មោះ ហ៊ុន លីស្រៀង ត្រូវបានចោទប្រកាន់ពីបទល្មើសជាច្រើន រួមមានសមគំនិតក្នុងអំពើស៊ីសំណូក ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម