ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួនពីរកន្លែងក្នុងក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យសរុប ២៩នាក់ ក្នុងនោះមានស្ត្រី ៤នាក់ ព្រមទាំងដកហូតប្រាក់សុទ្ធចំនួន ៥ម៉ឺនដុល្លារអាមេរិក រួមនឹងឧបករណ៍បច្ចេកវិទ្យា យានយន្ត និងវត្ថុតាងជាច្រើនទៀត។
ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។
យោងតាមរបាយការណ៍ប្រតិបត្តិការ ទីតាំងទី១ ស្ថិតនៅចំណុចបឹងហ្គាឡូ ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានកម្លាំងជំនាញចុះត្រួតពិនិត្យ និងឆែកឆេរនៅវេលាម៉ោង ១រសៀល ថ្ងៃទី២៧ ខែតុលា។
ប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដោយសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១៥នាក់ ក្នុងនោះស្ត្រីម្នាក់ជាជនជាតិខ្មែរ ដែលត្រូវបានរាយការណ៍ថាជាម្ចាស់ទីតាំង និងបុរសជនជាតិវៀតណាមចំនួន ១៤នាក់។
បន្ទាប់មក នៅវេលាម៉ោង ៩:៥០នាទីយប់ថ្ងៃដដែល កម្លាំងជំនាញបានបន្តប្រតិបត្តិការនៅទីតាំងទី២ ដែលស្ថិតនៅចំណុចអាផាតមិនគោមក្រហម ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយនាំខ្លួនជនសង្ស័យបន្ថែមចំនួន ១៤នាក់ ក្នុងនោះមានស្ត្រី ៣នាក់។
ជនសង្ស័យនៅទីតាំងទី២ រួមមាន បុរសជនជាតិចិនម្នាក់ ដែលត្រូវបានសង្ស័យថាជាមេក្លោង និងជាប្តីរបស់ស្ត្រីជនជាតិខ្មែរដែលត្រូវបានរាយការណ៍ថាជាម្ចាស់ទីតាំងទី១ ជនជាតិវៀតណាម ១១នាក់ ក្នុងនោះស្ត្រី ២នាក់ និងជនជាតិខ្មែរ ២នាក់ ក្នុងនោះស្ត្រីម្នាក់។
ក្នុងប្រតិបត្តិការទាំងពីរ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមានប្រាក់សុទ្ធចំនួន ៥០,០០០ដុល្លារអាមេរិក គ្រឿងអលង្ការ ក្រវិលពណ៌សមួយគូ និងខ្សែកពណ៌ទង់ដែងមួយខ្សែ។
ឧបករណ៍បច្ចេកវិទ្យាដែលត្រូវបានដកហូត រួមមានកុំព្យូទ័រលើតុ ១៧គ្រឿង កុំព្យូទ័រយួរដៃ ៣គ្រឿង និងទូរសព្ទដៃសរុប ៦៩គ្រឿង ក្នុងនោះទូរសព្ទសម្រាប់ប្រតិបត្តិការអនឡាញ ៥០គ្រឿង និងទូរសព្ទផ្ទាល់ខ្លួន ១៩គ្រឿង ព្រមទាំងឧបករណ៍ Wi-Fi មួយគ្រឿង ក្ដារចុច និងដៃបញ្ជាមួយចំនួន។
សមត្ថកិច្ចក៏បានដកហូតរថយន្តស៊េរីទំនើបពីរគ្រឿង រួមមានរថយន្តម៉ាក MAXUS ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BQ-8314 និងរថយន្តម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BZ-9869។
វត្ថុតាងផ្សេងទៀត រួមមានលិខិតឆ្លងដែនជនជាតិវៀតណាម ៥ច្បាប់ អត្តសញ្ញាណប័ណ្ណជនជាតិវៀតណាម ២សន្លឹក ប័ណ្ណបើកបរជនជាតិវៀតណាមមួយសន្លឹក កាតធនាគារ ៣សន្លឹក ប័ណ្ណស្នាក់នៅប្រទេសអារ៉ាប់មួយសន្លឹក សៀវភៅស្នាក់នៅបណ្តោះអាសន្នមួយច្បាប់ និងកាបូបស្ពាយ ៤។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង ២៩នាក់ រួមជាមួយវត្ថុតាងដែលដកហូតបាន ត្រូវបានបញ្ជូនទៅការិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






