ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកធុរកិច្ច កម្ពុជា-វៀតណាម ត្រៀមផ្គូផ្គងសហគ្រាសចំនួន ៦០០ ដើម្បីពង្រីកប្រតិបត្តិការអាជីវកម្មឱ្យកាន់តែប្រសើរឡើង​  

(ភ្នំពេញ)៖ នៅពេលនេះ ធុរជនកម្ពុជា និងវៀតណាម មួយក្រុមកំពុងត្រៀមខ្លួនរួចជាស្រេចដើម្បភ្ជាប់ទំនាក់ទំនង និងផ្គូផ្គងសហគ្រាសនៃប្រទេសទាំងពីរសរុបចំនួន៦០០សហគ្រាស ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការអាជីវកម្ម និងវិនិយោគឱ្យកាន់តែលាយជាងមុន។ នៅក្នុងដំណាក់កាលដំបូងនេះ សហគ្រិននៃប្រទេសទាំងពីរកំពុងរៀបចំឯកសារគតិយុត្ត និងសិក្សាលទ្ធភាពបង្កើត «មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា-វៀតណាម» នៅអគារផ្សារ KC រាជធានីភ្នំពេញ។


តាមរយៈគម្រោងការនេះ នឹងផ្តល់ឱកាសដល់ពាណិជ្ជករកម្ពុជា និងពាណិជ្ជករវៀតណាម ពង្រីកវិសាលភាព ក្នុងការទាក់ទាញការវិនិយោគ និងពង្រីកទីផ្សារផលិតផលរបស់ខ្លួន កាន់តែបំបូរបែបជាងមុន សំដៅរួមចំណែកសម្រេចឱ្យបានផែនការពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាមចំនួន ២០ពាន់លានដុល្លារអាមេរិក។ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ លោក ម៉ម ដារ៉េត និងលោក ឃិត ឈឿន បានជួបពិភាក្សាការងារជាមួយភាគីវិនិយោគិនវៀតណាម បន្ទាប់ពីមានការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយលោក Dang Ngoc Quoc ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Mekong Tay Ninh Group នៅប្រទេសវៀតណាមរួចមក​។
តាមផែនការដែលបានលើកឡើង ភាគីវៀតណាមគ្រោងភ្ជាប់បណ្តាញធុរកិច្ចប្រមាណ ៣០០ សហគ្រាស ខណៈភាគីកម្ពុជាក៏បានរៀបចំប្រមូលផ្តុំសហគ្រាសក្នុងស្រុកចំនួន ៣០០ ក្រុមហ៊ុន ដើម្បីបង្កើតបណ្តាញធុរកិច្ចសរុបប្រមាណ ៦០០ សហគ្រាស សម្រាប់ធ្វើការផ្គូផ្គងពាណិជ្ជកម្ម និងស្វែងរកឱកាសសហការវិនិយោគរវាងគ្នានៅក្នុងមជ្ឈមណ្ឌលនេះ។ ក្រៅពីការផ្គូផ្គងធុរកិច្ច គម្រោងនេះក៏មានគោលបំណងរៀបចំយន្តការធានាការទូទាត់ប្រាក់ប្រកបដោយសុវត្ថិភាព និងតម្លាភាព ដើម្បីកាត់បន្ថយហានិភ័យក្នុងប្រតិបត្តិការអាជីវកម្ម ព្រមទាំងគ្រោងបង្កើតក្រុមការងារច្បាប់ និងបច្ចេកទេស សម្រាប់សម្របសម្រួលបញ្ហាពាក់ព័ន្ធនឹងច្បាប់វិនិយោគ កាតព្វកិច្ចពន្ធដារ និងប្រព័ន្ធគណនេយ្យឱ្យស្របតាមច្បាប់នៃប្រទេសទាំងពីរ។


ចំណុចសំខាន់មួយទៀតនៃគម្រោង គឺការជួយបង្កើនឱកាសទីផ្សារសម្រាប់កសិផលកម្ពុជា ដូចជា ដំឡូងមី កៅស៊ូ គ្រាប់ស្វាយចន្ទី ស្រូវ អង្ករ និងពោត តាមរយៈការជំរុញការប្រមូលទិញ និងការតភ្ជាប់អ្នកផលិតក្នុងស្រុកជាមួយអ្នកទិញនៅប្រទេសវៀតណាម។ ប្រសិនបើយន្តការនេះអាចអនុវត្តបានជោគជ័យ វាអាចជួយបង្កើនឱកាសលក់កសិផល កែលម្អការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងពង្រីកទីផ្សារនាំចេញសម្រាប់កសិករកម្ពុជា។ ទោះជាយ៉ាងណា ប្រសិទ្ធភាពជាក់ស្តែងនឹងអាស្រ័យលើការអនុវត្តកិច្ចសន្យាពាណិជ្ជកម្ម ការកំណត់តម្លៃទិញសមរម្យ ស្តង់ដារគុណភាព និងការធានាការទូទាត់ប្រាក់ជូនអ្នកផ្គត់ផ្គង់។


ក្នុងដំណើរការរៀបចំគម្រោងនេះ លោក ហោ ដារ៉េត អនុព័ន្ធពាណិជ្ជកម្មប្រចាំប្រទេសវៀតណាម ត្រូវបានរាយការណ៍ថា បានចូលរួមសម្របសម្រួលការតភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងភាគីពាក់ព័ន្ធ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឱ្យស្របតាមគោលនយោបាយទ្វេភាគី។ ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា-វៀតណាមនេះ កំពុងស្ថិតក្នុងដំណាក់កាលរៀបចំឯកសារ និងសិក្សាលទ្ធភាព ដោយភាគីពាក់ព័ន្ធមានគោលដៅស្នើសុំការអនុញ្ញាតពីក្រសួងពាណិជ្ជកម្មកម្ពុជា ស្របតាមច្បាប់ជាធរមាន មុនឈានទៅអនុវត្តជាផ្លូវការ​។


ប្រទេសវៀតណាមគឺជាដៃគូពាណិជ្ជកម្មធំលំដាប់ទី៣របស់កម្ពុជាបន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិក ហើយប្រទេសទាំងពីរ​បានដាក់គោលដៅពង្រីកទំហំជាណិជ្ជកម្មទ្វេភាគីឱ្យដល់២០ពាន់លានដុល្លារ ស្របពេលបច្ចុប្បន្ន វៀតណាមគឺស្ថិតក្នុងប្រទេសកំពូលតារាង​ចំនួន៥ដែលបានបណ្តាក់ទុនវិនិយោគច្រើនជាងគេនៅប្រទេសកម្ពុជា។
សូមបញ្ជាក់ថា គិតមកទល់បច្ចុប្បន្ន វៀតណាមមានគម្រោងវិនិយោគចំនួនជាង២០០គម្រោងនៅប្រទេសកម្ពុជាជាមួយនឹងទឹកប្រាក់វិនិយោគសរុបជាង៣ពាន់៤០០លានដុល្លារអាមេរិក ដោយផ្តោតជាចំបងក្នុងវិស័យ ប្រព័ន្ធទូរគមនាគមន៍ ហិរញ្ញវត្ថុ កសិកម្ម ធនាគារ ថាមពល អាកាសចរណ៍ ភ័ស្តុភារកម្ម និងការកែច្នៃគ្រឿងបរិភោគជាដើម៕រក្សាសិទ្ធដោយ៖CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម