ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ខ្ញុំសូមប្រាប់ថាករណីម្ចាស់រថយន្ត ដែលបានបើកបរបង្កបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃនេះ ត្រូវចូលខ្លួនមកជាបន្ទាន់មិនបាច់រកអ្នកអន្តរាគមន៍ទេ។ កម្លាំងជំនាញខ្ញុំកំពុងតាមហើយត្រូវដឹងថាចរិតរបស់ខ្ញុំ គឺរាល់បទល្មើសណាមួយដែលកើតឡើងខ្ញុំមិនដែលនៅស្ងៀមទេ។
លោកឧត្តមសេនីយ៏ទោ ហេង រតនា ស្នងការរងទទួលផែនចរាចរណ៍ រាជធានីភ្នំពេញ ប្រកាសឲ្យម្ចាស់រថយន្តដែលពាក់ស្លាកលេខ កម្ពុជាJJ Ching ដែលបុកជនរងគ្រោះស្លាប់កាលពីរយប់មិញចូលខ្លួនមកស្នងការជាបន្ទាន់ «មិនបាច់គេចវេសទេខ្ញុំចាំ »។
ករណីនេះលោកឧត្តមសេនីយ៏ទោ ហេង រតនា បានបញ្ជាក់ថា បច្ចុប្បន្នកម្លាំងរបស់លោកកំពុងតែស្រាវជ្រាវតាម Camera សុវត្ថិភាពយ៉ាងយកចិត្តទុកដាក់ដើម្បីអោយច្បាស់ថារថយន្តខាងលើអ្នកណាជាអ្នកបើកបរ ដើម្បីលោកកងសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។
សូមជំរាបជូនថា រថយន្ត Range Rover ពណ៌ស ផ្លាកលេខ កម្ពុជា JJ Ching ត្រូវបានគេរាយការណ៍មកថា បានបុកគ្នាជាមួយម៉ូតូបណ្តាលអោយភាគីខាងម៉ូតូស្លាប់បាត់បង់ជីវិត រួចរថយន្តនេះព្យាយាមបើករត់គេចពីកន្លែងកើតហេតុ ដែលស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ។
គួរឱ្យសង្វេគណាស់ នៅពេលបានឃើញមើលទិដ្ឋភាពពិធីបុណ្យសពជនរងគ្រោះ និងផ្ទះជនរងគ្រោះដែលស្លាប់ដោយសាររថយន្តអ្នកលក់អនឡាញ JJ CHING បុក ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្លូវបេតុង ក្នុងសង្កាត់ បាក់ខែងខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ នាវេលាយប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ។
រថយន្តរបស់អ្នកលក់ឡេ ល្បីឈ្មោះម្នាក់ JJ CHING បើកបុកជាមួយម៉ូតូខ្ទេចមើលលែងស្គាល់ ខណៈមនុស្សហោះចូលក្នុងគុម្ពព្រៃ ស្លាប់គួរឱ្យអាសូរ ហើយក៏បើកឡានគេចខ្លួនចេញ មកចូលទៅដូរកង់ ប៉ុន្តែមានអ្នកឃើញហេតុការណ៍តាមទាន់ អ្នកបើកបរក៏ទុករថយន្តចោលហើយបកស្លាកលេខ រត់គេចចេញទៅបាត់តែម្ដង ៕រក្សាសិទ្ធដោយ៖សុទ្ធលី














