ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចធិបតី៖ កីឡាករ កីឡាការិនីមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់ ឆន្ទៈមោះមុត និង ការតស៊ូឆ្ពោះទៅរកគោលដៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាជាតិ លើកទី ៥ និង កីឡាជាតិជនពិការ លើកទី ៣ នាល្ងាចថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ។

មានប្រសាសន៍ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និង កីឡាជាតិជនពិការ ជាប្រចាំ គឺជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងដើម្បីផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំង ដុសខាត់ស្មារតី, ឆន្ទៈ និង សាមគ្គីភាព, ម៉្យាង និងម៉្យាងទៀត, ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី, ជាពិសេស ជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយ បរិយាប័ន្ន, សុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬ បំបែកកំណត់ត្រានោះទេ ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ, កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និង ស្មារតីសហការជាក្រុម ។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់, គោរពគូប្រកួត, ទទួលស្គាល់លទ្ធផល និង ក្រោកឈរឡើងវិញនៅពេលបរាជ័យ ។

មុននឹងបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការរៀបចំការប្រកួតកីឡាជាតិរៀងរាល់ពីរឆ្នាំម្តង គឺជាយុទ្ធសាស្រ្តលើកកម្ពស់សកម្មភាពអប់រំកាយ និង កីឡា ក្នុងសង្គមកម្ពុជា, គឺជាឧបករណ៍សម្រាប់វាស់ស្ទង់សមត្ថភាពអត្តពលិក និង ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួត និង រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់តំបន់ និង អន្តរជាតិ នាពេលអនាគត; ព្រមទាំងជាយន្តការត្រួតពិនិត្យវឌ្ឍនភាព និង វាយតម្លៃចំណុចខ្លាំង ចំណុចខ្វះខាត ដើម្បីដាក់ចេញទិសដៅអភិវឌ្ឍបន្ត ។

ជាទីបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការរៀបចំកីឡាជាតិជនពិការ រួមជាមួយការប្រកួតកីឡាជាតិ គឺដើម្បីបង្ហាញថា សមត្ថភាពរបស់មនុស្ស មិនមែនវាស់វែងដោយផ្អែកទាំងស្រុងលើកាយសម្បទានោះទេ, ពោលគឺត្រូវកំណត់ដោយផ្អែកលើទេពកោសល្យ, ការខិតខំព្យាយាម និង សមិទ្ធផលដែលពួកគេសម្រេចបាន ។ ម៉្យាងទៀត, កីឡាករ កីឡាការិនីមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់, ឆន្ទៈមោះមុត និង ការតស៊ូឆ្ពោះទៅរកគោលដៅ, ខណៈដែលការចូលរួមរបស់ពួកគេ រំឭកយើងថា ឧបសគ្គមិនមែនជាហេតុផលត្រឹមត្រូវនៃការបោះបង់ឱកាសនោះទេ ។ ក្នុងន័យនេះ, ប្រជាពលរដ្ឋ និង សហគមន៍ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងសង្គមកម្ពុជាមួយ ដែលផ្តល់ឱកាសឱ្យមនុស្សគ្រប់រូប អាចអភិវឌ្ឍសមត្ថភាព, បញ្ចេញទេពកោសល្យ, និង ចូលរួមក្នុងសកម្មភាពសង្គម សេដ្ឋកិច្ច បានពេញលេញ និង ដោយស្មើភាព៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម