ខេត្តកំពង់ចាម: ដើម្បីឲ្យមានសោភ័ណភាពអាជ្ញាធរបានឱ្យបងប្អូនប្រជាពលរដ្ឋដែលលក់ដូរនៅលើឃឿនចិញ្ចើមថ្នល់ផ្នែកខាងត្បូងស្តាតបាល់ទាត់ ស្ថិតនៅក្នុងសង្កាត់កំពង់ចាមក្រុងកំពង់ចាម ឱ្យឈប់លក់និងនាំគ្នាទៅរកទីតាំងថ្មីដែលសមរម្យ។ជាមួយនោះអាជ្ញាធរក្រើនរំលឹកអ្នកលក់ដូរកុំឲ្យយកកាកសំណល់បាយសម្លចាក់ចូលក្នុងលូដែលនាំឲ្យមានក្លិនស្អុយចេញមកក្រៅភាយលើអ្នកធ្វើដំណើរតាមដងផ្លូវជាតិលេខ៧ចាស់ យ៉ាងណានាំគ្នាជួយសម្អាតបរិស្ថានឲ្យបានល្អ។
ផ្លោកសុវណ្ណ ចៅសង្កាត់កំពង់ចាមមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី៨វិច្ឆិកាឆ្នាំ ២០២៦ថា: តាមការសង្កេតដោយផ្ទាល់បងប្អូនប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាលក់ដូរនៅលើចិញ្ចើមផ្លូវជាប់ស្តាតបាល់ទាត់ជាច្រើនខែឆ្នាំមកហើយ។ដោយសារតែមានការអភិវឌ្ឍន៍អាជ្ញាធរបានជូនដំណឹងប្រាប់ទៅដល់អ្នកលក់ដូរឱ្យនាំគ្នាសែងគ្រែលក់ដូ ទៅរកទីតាំងថ្មីជំនួសឃើញថាពួកគាត់ស្ដាប់ការណែនាំគឺម្នាក់ៗបានសម្រេចចិត្តជួលទីតាំងមុខផ្ទះពលរដ្ឋដើម្បីលក់ដូរបន្ត ក្រោយពីពួកគាត់បានចាកចេញអស់កម្លាំងរបស់សង្កាត់កំពង់ចាមជាច្រើននាក់បាននាំគ្នាបោសសម្អាតធ្វើអនាម័យប្រមូលសំរាមព្រមទាំងកម្ទេចថ្មចេញ ។
លោកចៅសង្កាត់កំពង់ចាមបានបន្តថា
នៅក្នុងឆ្នាំ២០២៧ ខាងមុខគឺមានផែនការអភិវឌ្ឍន៍ដោយក្រាលថ្មម៉ាបនៅជុំវិញបរិវេណសាលាបឋមសិក្សាឧត្តរស្ថិតនៅភូមិទី១២ សង្កាត់កំពង់ចាម ដើម្បីឱ្យមានសោភណ្ឌភាព។ជាមួយនោះអាជ្ញាធរហ្នឹងធ្វើការផ្សព្វផ្សាយឱ្យបងប្អូនដែលលក់ដូរនៅជាប់របងសាលាត្រូវតែនាំគ្នាចាកចេញទៅរកកន្លែងថ្មី បន្ទាប់ពីក្រាលថ្មម៉ាបហើយគឺមិនអនុញ្ញាតឱ្យពួកគាត់មកលក់ដូរបន្តទៀតឡើយ។
ចំណែកលោកលី សុវណ្ណ អភិបាលក្រុងកំពង់ចាម វិញបានឲ្យដឹងដែរថា ក្រោយពីមានការណែនាំពីសំណាក់ឯកឧត្តមអភិបាលខេត្តនៅក្នុងឆ្នាំ២០២៧ ខាងមុខរដ្ឋបាលក្រុងកំពង់ចាមសហការជាមួយមន្ទីអប់រំយុវជននិងកីឡាខេត្តគឺធ្វើការស្ថាបនាសួនច្បារដាក់នៅចំកណ្ដាលដីជាប់របងស្តាតព្រមទាំងក្រាលថ្មម៉ាបនៅជុំវិញបរិវេណស្តាតបាល់ទាត់ក្រុងកំពង់ចាមដើម្បីឲ្យកាន់តែមានសោភណ្ឌភាពហើយងាយស្រួលដល់ពលរដ្ឋមួយចំនួននាំគ្នាដើរហាត់ប្រាណមិនថាព្រឹកឬល្ងាចនោះឡើយ។រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី




















