ភ្នំពេញ៖ ដោយសារស្ថានភាពចរាចរណ៍ ក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ មានការកកស្ទះ កាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ នោះរដ្ឋបាលរាជធានី និងជំនាញពាក់ព័ន្ធ បាននិងកំពុងប្រឹងប្រែងរកដំណោះស្រាយ ដើម្បីឱ្យស្ថានភាពចរាចរណ៍មានភាពប្រសើរឡើង។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧នេះលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំមួយ ដោយមានមន្ត្រីជំនាញពាក់ព័ន្ធចូលរួម ដើម្បីពិភាក្សា និងពិនិត្យលទ្ធភាព កែសម្រួលប្រព័ន្ធចរាចរ នៅច្រមុះជ្រូកស្ពានអាកាសក្បាលថ្នល់ ដែលសព្វថ្ងៃកំពុងជួបប្រទះបញ្ហាកកស្ទះជាប្រចាំ។
លោក ម៉េត មាសភ័ក្តី អ្នកនាំពាក្សសាលារាជធានីភ្នំពេញ បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយកិច្ចប្រជុំនេះថា “ដោយសារកំណើនរបស់ប្រជាជន និង កំណើននៃមធ្យោបាយ ធ្វើដំណើរមានការកើនឡើងឥតឈប់ឈរ ការកកស្ទះចរាចរណ៍នៅតំបន់ក្បាលថ្នល់ មានការកកស្ទះជាប្រចាំ ជាពិសេស នៅចំណុចប្រសពរវាងផ្លូវព្រះមុនីវង្ស ផ្លូវ២៧១និងផ្លូវ៦០ម៉ែត្រ។
ដោយមើលឃើញស្ថានភាពបែបនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងគិតគូរ ពីលទ្ធភាព ក្នុងការកសាង ឬ សម្រួលចរាចរណ៍ ដែលគ្រោងនឹងអាចកសាងស្ពានអាកាស ឬផ្លូវក្រោមដី នៅតំបន់នោះ។ យ៉ាងណាមុននឹងឈានទៅការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងអស់នោះ ត្រូវការពិនិត្យ និងពិភាក្សាគ្នា ឱ្យបានគ្រប់ជ្រុងជ្រោយ ជាមួយភាគីពាក់ព័ន្ធ ដើម្បី ធ្វើឱ្យតំបន់នោះមិនឱ្យមានការកកស្ទះបន្តទៀត។
លោក ម៉េត មាសភ័ក្តី បញ្ជាក់ទៀតថា ក្នុងកិច្ចប្រជុំនោះដែរ មន្ត្រីជំនាញក៏បានលើកឡើងពីជម្រើសមួយចំនួន ទៅតាមទិសប្រសពពីផ្លូវណាមួយ ដើម្បីអង្គប្រជុំធ្វើការពិភាក្សាគ្នាឱ្យបានហ្មត់ចត់ ដើម្បីឱ្យការងារនោះរឹតតែច្បាស់លាស់ ពិសេស គិតពីផលប៉ះពាល់ ព្រោះថា នៅទីតាំងនោះ បើកសាងស្ពានអាកាស ឬ ផ្លូវក្រោមដី វាអាចនឹងមានផលប៉ះពាល់ជាមួយ បណ្តាញអគ្គិសនី ក៏ដូចជាបណ្តាញទឹកក្រោមដីផងដែរ។ ដូច្នេះទាមទាឱ្យមានការគិតគូរ ឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងសម្រេចកសាង។
ជាមួយគ្នានោះ លោកអភិបាល ក៏បានចាត់ឱ្យអភិបាលរងមួយចំនួន រួមជាមួយមន្ទីរជំនាញ ពិនិត្យ ពិភាក្សាលើការងារបច្ចេកទេសបន្ថែមទៀត ដោយចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីឱ្យដឹងច្បាស់ពីលំហូរចរាចរនៅតំបន់នោះ ដែលកំពុងមានការកកស្ទះ ហើយក៏គិតគូរផងដែរ អំពីលទ្ធភាព ធ្វើការរំដោះចរាចរបណ្តោះអាសន្ន មុនពេលគម្រោងនេះ ចាប់ផ្តើមដំណើរការការដ្ឋាន។
គួរបញ្ជាក់ថា ជាគម្រោងរបស់រាជធានីភ្នំពេញ នៅរាជធានីភ្នំពេញ នឹងស្ពានអាកាសអាកាស២កន្លែងទៀត ដោយទី១មានទីតាំងនៅរង្វង់ចោមចៅ ស្ថិតនៅក្នុងសង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ និងមួយកន្លែងនៅចំណុចច្រមុះជ្រូកក្បាលថ្នល់ ផ្លូវ៦០ម៉ែត្រ(ផ្លូវសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន)កែងនឹងផ្លូវ២៧១ ជាប់ព្រំប្រទល់ខណ្ឌចំការមននិងខណ្ឌមានជ័យ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍ បានដោយសុវត្ថិភាព និងមិនមានការកកស្ទះចរាចរណ៍ ៕ ដោយ៖កូឡាប