ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជានិយាយពីសន្តិភាព ពីព្រោះប្រទេសជាតិធ្លាប់បានឆ្លងកាត់សង្គ្រាមដ៏ជូរចត់។ កម្ពុជាដឹងច្បាស់ពីការបំផ្លិចបំផ្លាញដែលសង្គ្រាមបានបង្កឡើង និងយល់ច្បាស់ពីលទ្ធភាពដ៏ធំធេងដែលសន្តិភាពបាននាំមក។ នេះជាមូលហេតុដែលកងទ័ពកម្ពុជាចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងជាកម្លាំងជំរុញឱ្យក្រុមអ្នកជំនាញដោះមីនខិតខំប្រគល់ដីសម្អាតមីនជូនប្រជាពលរដ្ឋវិញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំហ្វ្រង់កូហ្វូនីថា ជម្លោះព្រំដែនជាមួយថៃ កម្ពុជាមិនមែនជាអ្នកផ្ដើមមុនទេ, គ្មានព្រំដែនណាមួយ ត្រូវបានផ្លាស់ប្តូរដោយកម្លាំងអាវុធឡើយ។
ការគូសបញ្ជាក់បែបនេះរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងឱកាសថ្លែងសន្ទរកថាបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ធ្វើឡើងក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ក្រោមព្រះរាជពិធីបើកដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «កម្ពុជានិយាយពីសន្តិភាពពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម។ កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះហើយកម្ពុជាក៏ដឹងច្បាស់ដែរថាសន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ។ ហេតុនេះហើយបានជាកងទ័ពរបស់យើងចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិហើយក៏ជាហេតុផលដែលក្រុមអ្នកជំនាញដោះមីនរបស់យើងខិតខំប្រឹងប្រែងប្រគល់ដីសម្អាតមីនរួចជូនប្រជាពលរដ្ឋវិញ»។
នៅចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល គណៈប្រតិភូអន្តរជាតិ ដែលជាសមាជិកអង្គការហ្វ្រង់កូនី, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ចាប់តាំងពីការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅឆ្នាំ១៩៩៨, កម្ពុជាទទួលបានសន្តិភាព ដែលមានរយៈពេលយូរបំផុតបើគិតក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ខ្លួន។ ប៉ុន្តែនៅឆ្នាំ២០២៥ ការប៉ះទង្គិចដោយអាវុធបានកើតឡើង២លើក រវាងកម្ពុជា និងថៃ ដែលក្នុងនោះកម្ពុជាមិនមែនជាអ្នកផ្តើមបាញ់មុននោះទេ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានន្ថែមថា មនុស្សបានបាត់បង់ជីវិត ក្រុមគ្រួសារជាច្រើនត្រូវបង្ខំចិត្តរត់ភៀសខ្លួន។ ព្រឹត្តិការណ៍នេះបានរំឭកយើងថាសន្តិភាពមិនមែនជាអ្វីដែលមានស្រាប់ និងគង់វង្សជារៀងរហូតនោះឡើយ។ បទឈប់បាញ់ដែលបានព្រមព្រៀង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតែបន្តអនុវត្ត, ប៉ុន្តែស្ថានភាពនៅតែមានភាពស្មុគស្មាញ និងផុយស្រួយនៅឡើយ កងទ័ពរាប់ពាន់នាក់នៅតែប្រឈមមុខដាក់គ្នា។
ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ដែនអធិបតេយ្យរបស់កម្ពុជាជាច្រើនកន្លែងនៅតែត្រូវបានកាន់កាប់ដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ។ ប្រជាពលរដ្ឋកម្ពុជាប្រមាណ២០,០០០នាក់ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ។ ការធានាឱ្យពួកគាត់អាចវិលត្រឡប់ទៅវិញដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ គឺជាអាទិភាពចម្បងរបស់យើង៕
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងសុន្ទរកថា បង្ហាញប្រាប់ថ្នាក់ដឹកនាំនៃបណ្តាប្រទេសហ្វ្រង់កូហ្វូនីអំពីស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបញ្ជាក់ច្បាស់ៗថា ការប៉ះទង្គិចដោយអាវុធកាលពីឆ្នាំ២០២៥ កម្ពុជាមិនមែនជាអ្នកផ្តើមបាញ់មុននោះទេ ហើយគ្មានព្រំដែនណាមួយត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងអាវុធ ឬការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង (Faits Accomplis) នោះឡើយ។
សម្តេចធិបតីបានលើកឡើងជូនអង្គប្រជុំកំពូលថា នៅឆ្នាំ២០២៥ ការប៉ះទង្គិចដោយអាវុធបានកើតឡើង ២លើក រវាងកម្ពុជា និងថៃ ដែលក្នុងនោះកម្ពុជាមិនមែនជាអ្នកផ្តើមបាញ់មុននោះទេ ហើយហេតុការណ៍នេះបានធ្វើឱ្យមនុស្សបាត់បង់ជីវិត និងក្រុមគ្រួសារជាច្រើនត្រូវបង្ខំចិត្តរត់ភៀសខ្លួន។ សម្តេចបានចាត់ទុកព្រឹត្តិការណ៍នេះថាជាការរំឭកថា សន្តិភាពមិនមែនជាអ្វីដែលមានស្រាប់ និងគង់វង្សជារៀងរហូតនោះឡើយ។
ពាក់ព័ន្ធនឹងស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលាតត្រដាងថា បើទោះបីជាបទឈប់បាញ់ដែលបានព្រមព្រៀងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតែបន្តអនុវត្តក៏ដោយ ប៉ុន្តែស្ថានភាពនៅតែមានភាពស្មុគស្មាញ និងផុយស្រួយនៅឡើយ ដោយកងទ័ពរាប់ពាន់នាក់នៅតែប្រឈមមុខដាក់គ្នា ដែនអធិបតេយ្យរបស់កម្ពុជាជាច្រើនកន្លែងនៅតែត្រូវបានកាន់កាប់ដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ ហើយប្រជាពលរដ្ឋកម្ពុជាប្រមាណ ២០,០០០នាក់ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាននៅឡើយ។ សម្តេចបានសង្កត់ធ្ងន់ថា៖ «ការធានាឱ្យពួកគាត់អាចវិលត្រឡប់ទៅវិញដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ គឺជាអាទិភាពចម្បងរបស់យើង»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យមានការគោរពយ៉ាងខ្ជាប់ខ្ជួននូវរាល់កិច្ចព្រមព្រៀងជាធរមានទាំងអស់រវាងកម្ពុជា និងថៃ ព្រមទាំងស្នើសុំឱ្យមានការចាប់ផ្ដើមឡើងវិញនូវការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោក។
សម្តេចបានពន្យល់យ៉ាងច្បាស់ថា ព្រំដែនកម្ពុជា-ថៃ មិនមែនជាព្រំដែនថ្មីនោះទេ វាជាព្រំដែនអន្តរជាតិដែលទទួលស្គាល់ដោយក្របខ័ណ្ឌច្បាប់អន្តរជាតិ និងត្រូវបានគូសវាសយ៉ាងច្បាស់លាស់រួចហើយតាំងពីជាងមួយសតវត្សរ៍មុនមកម្ល៉េះ ដូច្នេះភាគីទាំងអស់ត្រូវតែទទួលស្គាល់ និងគោរពយ៉ាងម៉ឺងម៉ាត់ស្របតាមច្បាប់អន្តរជាតិ។ រីឯនៅតំបន់សមុទ្រវិញ កម្ពុជាបានជ្រើសរើសយកផ្លូវច្បាប់តាមរយៈការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ហើយការដែលប្រទេសថៃបានចូលរួមក្នុងនីតិវិធីនេះ គឺជាសញ្ញាដ៏មានក្តីសង្ឃឹមមួយ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញឆន្ទៈច្បាស់លាស់ថា កម្ពុជាចង់បានព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសថៃ ជាខ្សែបន្ទាត់ព្រំដែនដែលការពារ និងនាំឱ្យប្រជាជននៃប្រទេសទាំងពីរកាន់តែខិតជិតគ្នាបន្ថែមទៀត។ សម្តេចបានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា៖ «គោលការណ៍នេះគឺជាបញ្ហាដែលពាក់ព័ន្ធដល់សហគមន៍អន្តរជាតិទាំងមូល។ គ្មានព្រំដែនណាមួយត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងអាវុធ ឬការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង (Faits Accomplis) នោះឡើយ។ ការគោរពច្បាប់អន្តរជាតិ គឺជាការធានាបាននូវសន្តិសុខដល់គ្រប់បណ្តារដ្ឋ មិនថាជារដ្ឋធំឬតូចឡើយ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់អាស៊ាន និងបណ្តាប្រទេសមិត្តទាំងអស់នៃសហគមន៍អន្តរជាតិ ដែលបានគាំទ្របទឈប់បាញ់ និងដំណោះស្រាយតាមរយៈកិច្ចសន្ទនា និងការគោរពច្បាប់អន្តរជាតិ ដោយសម្តេចបានសង្កត់ធ្ងន់ថា ទាំងនេះហើយជាចំណុចស្នូលដ៏សំខាន់នៃមូលបទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គឺ៖ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»៕រក្សាសិទ្ធដោយ៖សុទ្ធលី




















