រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២៦បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបើកដំណើរការ “ផ្លូវថ្មើរជើងចតុុមុខរាជធានីភ្នំពេញ (Walk Street)” រយៈពេលចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នាឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ខាងមុខនេះ។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបដំណឹងដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា ដើម្បីចូលរួម អបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ និងចូលរួម ចំណែកថែរក្សាការពារទំនៀមទម្លាប់ប្រពៃណី វប្បធម៌ជាតិដ៏ល្អផូរផង់ ក៏ដូចជាលើកកម្ពស់វិស័យទេសចរណ៍ និងផ្តល់ ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋជាភ្ញៀវទេសចរជាតិ-អន្តរជាតិ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកដំណើរការ “ផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ (Chaktomuk Walk Street)” រយៈពេលចំនួន ៥ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវេលាម៉ោង ១៨:០០នាទី ដល់វេលាម៉ោង ២៣:០០នាទី ក្នុងនោះ មានរៀបចំ កម្មវិធីសម្តែងទស្សនីយភាពសិល្បៈវប្បធម៌ជាតិជាច្រើនទម្រង់ កម្មវិធីកម្សាន្តសប្បាយផ្សេងៗ ការដាក់តាំងពិព័រណ៍ ផលិតផលក្នុងស្រុក និងលក់ម្ហូបអាហារជាច្រើន។
ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន សូមអញ្ជើញ មកចូលរួមទស្សនាកម្សាន្តសប្បាយនៅ “ផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ (Chaktomuk Walk Street)-ឱ្យបានច្រើនកុះករ។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវចូលរួម ផ្សព្វផ្សាយ អនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕រក្សាសិទ្ធិដោយ ៖សុទ្ធលី







