ខេត្តកំពង់ធំ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួនពីរទីតាំង នៅក្រុងស្ទឹងសែន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ ចាត់ចែង និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ព្រមទាំងរឹបអូសបានគ្រឿងញៀន និងវត្ថុតាងមួយចំនួន។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចភូមិកំពង់រទេះ សង្កាត់កំពង់រទេះ និងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
សមត្ថកិច្ចកងរាជអាវុធហត្ថបាន អោយដឹងថា:ជនសង្ស័យទាំង ៧នាក់ដែលត្រូវបានឃាត់ខ្លួន រួមមាន បុរស ៦នាក់ និងស្ត្រីម្នាក់ មានអាយុចន្លោះពី ២៣ឆ្នាំ ដល់ ៤៣ឆ្នាំ និងមានទីលំនៅក្នុងក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
នៅក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានដកហូតម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ៥កញ្ចប់តូច ទម្ងន់សរុប ២,៨៨ក្រាម (រួមទាំងសំបកថង់) ម៉ូតូ ២គ្រឿង ទូរស័ព្ទដៃ ៦គ្រឿង ដែកកេះ ៤ ប្រាក់រៀលចំនួន ២៥.៧០០រៀល និងសម្ភារប្រើប្រាស់សារធាតុញៀនមួយចំនួនទៀត។
បច្ចុប្បន្ននេះ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទាំង ៧នាក់ រួមជាមួយវត្ថុតាងទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






