ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហួតហៃ ៖ សម្រាប់រាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះមានសោភ័ណភាព ស្រស់បំព្រង នឹងមានបរិស្ថានល្អ ជាមួយនឹងការរក្សាបាននូវសន្តិសុខ សុវត្ថិភាពយ៉ាងល្អប្រសើរ

ភ្នំពេញ៖ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបន្តចូលរួមជាមួយអាជ្ញាធររាជធានីភ្នំពេញ ក្នុងការវេចខ្ចប់ និងញែកសំរាម ដោយអនុវត្ត តាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ គោរពពេលវេលា និងកាតព្វកិច្ច ដោយបញ្ចេញសំរាមឱ្យបានទៀងទាត់តាមម៉ោងពេលកំណត់ មិនបោះសំរាមចោលផ្តេសផ្តាសតាមដងផ្លូវ ឬប្រឡាយ-លូ និងចូលរួម បង់ថ្លៃសេវាប្រមូលសំរាមឱ្យបានគ្រប់ៗគ្នា។
ការអំពាវនាវបែបនេះរបស់ឯកឧត្តម ហួត ហៃ បានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ខណៈឯកឧត្ដមបានអញ្ជើញជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ក្នុងកម្មវិធីទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ”បរិស្ថានបៃតង ភូមិឋានស្អាត”នៅសួនច្បារតេជោមាស តេជោយ៉តនៅមុខវត្តឧណ្ណាលោម ក្នុងខណ្ឌដូនពេញ។
ឯកឧត្តម ហួត ហៃ បានមានប្រសាសន៍ថា៖ សម្រាប់រាជធានីភ្នំពេញរបស់យើងនាពេលបច្ចុប្បន្ននេះមានសោភ័ណភាព ស្រស់បំព្រង នឹងមានបរិស្ថានល្អ ជាមួយនឹងការរក្សាបាននូវសន្តិសុខ សុវត្ថិភាពយ៉ាងល្អប្រសើរ។ជាក់ស្ដែងសម្រាប់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០នៅកម្ពុជាកន្លងទៅថ្មីៗនេះ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសធំៗមួយចំនួនលើពិភពលោកបានមកចូលរួមកិច្ចប្រជុំនេះនិងបានឆ្លៀតដើរលេងនៅតំបន់ផ្សេងៗនៅក្នុងរាជធានីភ្នំពេញ ពិសេសនៅផ្លូវថ្មីជើងចតុមុខដោយថ្នាក់ដឹកនាំទាំងនោះ មិនខ្វល់ពីសន្តិសុខសុវត្ថិភាពឡើយ។ បន្ថែមពីនេះការរៀបចំកិច្ចប្រជុំនេះក៏ទទួលបាននូវការកោតសរសើរពីថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាផងដែរ ជុំវិញការរក្សាសន្តិសុខសុវត្ថិភាពនិងការសំអាតបរិស្ថាននៅក្នុងរាជធានីភ្នំពេញ។
ឯកឧត្តម ហួត ហៃ បានបន្តថា៖ ការរៀបចំកម្មវិធីនេះឡើង គឺក្នុងគោលបំណងលើកកម្ពស់ការអប់រំផ្សព្វផ្សាយនិងជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត ឱ្យចូលរួមធ្វើអនាម័យ កែលម្អសោភ័ណភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ និងមជ្ឈមណ្ឌលសេដ្ឋកិច្ច សំដៅរួមចំណែកកសាងសង្គម កម្ពុជាឱ្យមានបរិស្ថានបៃតងស្អាត និងភាពស្រស់បំព្រង។
ឯកឧត្តម ហួត ហៃ បន្តទៀតថា៖ ក្រៅពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផ្លូវថ្នល់ ប្រឡាយ-ប្រព័ន្ធលូ ភ្លើងបំភ្លឺសាធារណៈ និងការពង្រីកសួនច្បារលំហបៃតង រដ្ឋបាលរាជធានីភ្នំពេញក៏បានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅលើ ការគ្រប់គ្រងសំណល់រឹង តាមរយៈការជ្រើសរើសក្រុមហ៊ុនចំនួន៣ ក្នុងការសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងនៅក្នុង ភូមិសាស្រ្តរាជធានីភ្នំពេញ យកទៅទុកដាក់នៅទីលានទុកដាក់។សកម្មភាពដ៏ផុលផុសនេះ នឹងក្លាយជាចលករជំរុញស្មារតីស្រឡាញ់បរិស្ថានឱ្យជ្រាបចូលទៅ ក្នុងបេះដូងប្រជាពលរដ្ឋគ្រប់រូប ដើម្បីប្រែក្លាយរាជធានីភ្នំពេញឱ្យ ទៅជាទីក្រុងដែលគ្មានសំរាមរាយប៉ាយ មានសោភ័ណភាពស្រស់ បំព្រង ស័ក្តិសមជារាជធានី នៃព្រះរាជាណាចក្រកម្ពុជាដ៏ស្រស់បំព្រង។ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម