ខេត្តបន្ទាយមានជ័យ — ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងសិរីសោភ័ណ តាមប្រមាញ់ និងឃាត់ខ្លួនបានភ្លាមៗ ក្រោយធ្វើសកម្មភាពយកកាំបិតកាប់ប្រហារទៅលើបុរសម្នាក់យ៉ាងសាហាវបណ្តាលឱ្យបាត់បង់ជីវិត ដោយសារភ្លើងប្រចណ្ឌរឿងលួចទាក់ទងស្នេហាជាមួយប្រពន្ធរបស់ខ្លួន។
អំពើឃាតកម្មដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ១២:០០ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះ មានឈ្មោះ អ៊ុក ហាក់ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរកម្មករទឹកស្អាត មានស្រុកកំណើតនៅស្រុកសូទ្រនិគម ខេត្តសៀមរាប និងស្នាក់នៅភូមិកើតហេតុខាងលើ។ រីឯជនដៃដល់ឈ្មោះ វីត ជាអ្នករស់នៅភូមិជាមួយគ្នា។
តាមការបញ្ជាក់ពីសាច់ញាតិជនរងគ្រោះ មុនពេលកើតហេតុ ជនរងគ្រោះកំពុងដើរតាមផ្លូវស្ងាត់នៅពេលយប់ ស្រាប់តែជនដៃដល់បានស្ទាក់កាប់ប្រហារចំនួន ៣កាំបិតយ៉ាងដំណំ។
ទោះបីជាជនរងគ្រោះព្យាយាមរត់ទាំងឈាមស្រោចខ្លួនបានចម្ងាយជិត ១០០ម៉ែត្រ ដើម្បីស្រែកឱ្យគេជួយ និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក៏ដោយ ក៏ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅហើយ ដោយសារមុខរបួសធ្ងន់ធ្ងរពេក ខណៈជនដៃដល់បានជិះម៉ូតូគេចខ្លួនបាត់ស្រមោលភ្លាមៗ។
ប្រភពពីអ្នកធ្វើការជាមួយគ្នាបានទម្លាយឱ្យដឹងថា ដើមចមនៃឃាតកម្មនេះ គឺផ្តើមចេញពីរឿងស្នេហាត្រីកោណ ដោយជនរងគ្រោះបានលួចបង្កាត់ភ្លើងស្នេហ៍ជាមួយប្រពន្ធជនសង្ស័យអស់រយៈពេលជាច្រើនខែមកហើយ។
កន្លងមក ជនសង្ស័យធ្លាប់បានព្រមានជនរងគ្រោះឱ្យដកខ្លួនចេញ និងថែមទាំងបង្ខំចិត្តបញ្ជូនប្រពន្ធឱ្យទៅធ្វើការនៅរាជធានីភ្នំពេញអស់ជិត ១ខែមកហើយ ដើម្បីផ្តាច់ទំនាក់ទំនងនេះ ប៉ុន្តែភ្លើងកំហឹងនៅតែពុះកញ្ជ្រោលរហូតឈានដល់ការកាប់សម្លាប់គ្នាយ៉ាងព្រៃផ្សៃបែបនេះ។
យ៉ាងណាក៏ដោយ ជនដៃដល់គេចខ្លួនមិនបានប៉ុន្មានម៉ោងផង ក៏ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនបាននៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ដដែល។
បច្ចុប្បន្ននេះ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តសុភមង្គល ចំណែកជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បី អនុវត្តតាម នីតិវិធីច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN





