ខេត្តត្បូងឃ្មុំ៖ មនុស្សម្នាក្មេងចាស់ប្រុសស្រីខ្ទង់ម៉ឺននាក់ មកពីគ្រប់ទិសទីបានចូលរួមមើលពិធីប្រណាំងទូកងកាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតំបន់រដ្ឋបាលសាលាខេត្តត្បូងឃ្មុំ។ជាមួយនោះគេសង្កេតឃើញវត្តមានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន
អញ្ជើញជាអធិបតី។ក្នុងឱកាសនោះមានវត្តមានអភិបាលខេត្ត ព្រមទាំងអង្គភាពពាក់ព័ន្ធជុំវិញខេត្តចូលរួមច្រើនកុះករ។
សូមបញ្ជាក់ថា បុណ្យអុំទូកខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦ បានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ អធិកអធម និងពោរពេញដោយស្មារតីសាមគ្គីភាព ដោយមានការប្រកួតប្រណាំងទូកខ្នាតអន្តរជាតិ ទូកផ្កាចារ និងទូកខ្នាតពិសេសអន្តរជាតិ ដែលទទួលបានការគាំទ្រ និងការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិមកពីបណ្ដាខេត្តនានា។
បន្ទាប់ពីដំណើរការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ចាប់ពីវគ្គជម្រុះរហូតដល់វគ្គផ្ដាច់ព្រ័ត្រ ឯកឧត្តម ប៉ែន កុសល្យ បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងមោទនភាពចំពោះភាពជោគជ័យនៃព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ដែលបានដំណើរការយ៉ាងរលូន មានសណ្ដាប់ធ្នាប់ល្អ និងគ្មានឧបទ្ទវហេតុអវិជ្ជមានណាមួយកើតឡើងឡើយ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ និងសម្ដែងការអបអរសាទរយ៉ាងកក់ក្ដៅចំពោះកីឡាករ និងក្រុមទូក ដែលទទួលបានជ័យលាភីលេខ១ លេខ២ និងលេខ៣ ក្នុងគ្រប់ប្រភេទវិញ្ញាសា ព្រមទាំងបានកោតសរសើរចំពោះការខិតខំហ្វឹកហាត់ ការតស៊ូអំណត់ និងសាមគ្គីភាពរបស់កីឡាករគ្រប់រូប។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ក្រុមទូកដែលមិនទាន់ទទួលបានជ័យលាភី ឱ្យបន្តរក្សាស្មារតីតស៊ូ ពង្រឹងសមត្ថភាព និងដកស្រង់បទពិសោធន៍សម្រាប់ការប្រកួតនាពេលខាងមុខ ព្រមទាំងកោតសរសើរស្មារតីកីឡាដ៏ថ្លៃថ្នូរ ដែលផ្ដល់តម្លៃដល់មិត្តភាព និងសាមគ្គីភាពខ្ពស់ជាងជ័យជម្នះ។
ឯកឧត្តម ប៉ែន កុសល្យ ក៏បានបន្តលើកឡើងពីមេរៀននៃការប្រណាំងទូកថា ភាពជោគជ័យរបស់ទូកមួយទាមទារឱ្យសមាជិកចែវទាំងអស់ មានសង្វាក់ និងទិសដៅតែមួយ ដូចគ្នានឹងការអភិវឌ្ឍជាតិ និងខេត្ត ដែលត្រូវការការរួបរួមសាមគ្គីក្រោមការដឹកនាំច្បាស់លាស់ និងការតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។
ឯកឧត្តមបានគូសបញ្ជាក់ថា សន្តិភាព និងស្ថិរភាពនយោបាយបច្ចុប្បន្ន គឺជាផ្លែផ្កានៃនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការបន្តអភិវឌ្ឍក្រោមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានជំរុញការកសាង និងអភិវឌ្ឍទីរួមខេត្តត្បូងឃ្មុំ រួមទាំងអាងទន្លេសិប្បនិម្មិតដ៏ធំទូលាយនេះ ឱ្យក្លាយជាកន្លែងកម្សាន្ត មជ្ឈមណ្ឌលសេដ្ឋកិច្ច-ទេសចរណ៍ និងទីតាំងវប្បធម៌ជាតិ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ កម្លាំងប្រជាការពារ ក្រុមគ្រូពេទ្យ គណៈកម្មការរៀបចំពិធី មន្ទីរ-អង្គភាព អាជ្ញាធរមូលដ្ឋាន សប្បុរសជន វិស័យឯកជន ក្រុមការងារអនាម័យ-បរិស្ថាន យុវជនស្ម័គ្រចិត្ត និងអ្នកសារព័ត៌មាន ដែលបានចូលរួមរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ និងផ្សព្វផ្សាយយ៉ាងសកម្ម។ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមកម្មវិធីកម្សាន្តពេលរាត្រី មានការ បាញ់កាំជ្រួច តន្ត្រីសម័យ សិល្បៈវប្បធម៌ ការតាំងពិព័រណ៍ផលិតផល ដោយថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន មើលថែកូនចៅ រក្សាអនាម័យ និងគោរពច្បាប់ចរាចរណ៍ ជាពិសេសហាមបើកបរក្រោយពិសាគ្រឿងស្រវឹង។
ឯកឧត្តម ប៉ែន កុសល្យ បានប្ដេជ្ញាបន្តថែរក្សាប្រពៃណីបុណ្យអុំទូកឱ្យកាន់តែអធិកអធមនៅឆ្នាំក្រោយៗទៀត និងបានប្រកាសបិទការប្រកួតទូក ក្នុងពិធីបុណ្យអុំទូក ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦ ជាផ្លូវការ ព្រមទាំងបន្តបើកកម្មវិធីកម្សាន្តពេលរាត្រីជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទស្សនាដោយសប្បាយរីករាយ។
ជាលទ្ធផលការប្រកួតប្រណាំងទូករយៈពេល ០១ថ្ងៃពេញនេះ មានទូកចូលរួមសរុបចំនួន ៦៣ទូក រួមមាន ទូកខ្នាតអន្តរជាតិ ចំនួន ៣៨ទូក និង ទូកផ្កាចារ ចំនួន ២៥ទូក ដោយធ្វើការប្រកួតអុំចំនួន ៣ជើង ដើម្បីស្វែងរកទូកឈ្នះ-ចាញ់ និងចម្រាញ់យកចំណាត់ថ្នាក់ផែនលេខ១ លេខ២ លេខ៣ និងផែនកិត្តិយស រួមទាំងគូពិសេសទូកខ្នាតអន្តរជាតិផងដែរ។ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី


















