ខេត្តស្ទឹងត្រែង៖ មន្ត្រីម្នាក់ដែលមានតួនាទីជាអនុប្រធានមន្ទីរសាធារការ និង ដឹកជញ្ជូនខេត្តស្ទឹងត្រែង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីបើករថយន្តបើកព័ទ្ធជុំវិញរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ចំនួន ៤ ទៅ ៥ជុំ ក្នុងល្បឿនលឿន បង្កសំឡេងកង់រថយន្តកកិតនឹងផ្លូវឮខ្លាំង ធ្វើឱ្យប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរមានការភ្ញាក់ផ្អើល និងភ័យខ្លាច។
យោងតាមសេចក្តីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
តាមការស្រាវជ្រាវរបស់សមត្ថកិច្ច អ្នកបើកបររថយន្តមានឈ្មោះ សរ សុជាតិ ភេទប្រុស អាយុ៣៨ឆ្នាំ មានមុខរបរជាអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង។
ជនរូបនេះបានបើកបររថយន្តម៉ាក ISUZU D-MAX ពណ៌ខ្មៅ ពាក់ស្លាកលេខស្ទឹងត្រែង 2B-1717 ក្នុងទិសដៅពីត្បូងទៅជើង។
នៅពេលមកដល់ចំណុចកើតហេតុ អ្នកបើកបរបានបើករថយន្តព័ទ្ធជុំវិញរង្វង់មូលចំនួន ៤ ទៅ ៥ជុំ ក្នុងល្បឿនលឿន បង្កឱ្យមានសំឡេងកង់រថយន្តកកិតនឹងផ្លូវយ៉ាងខ្លាំង។
សកម្មភាពនេះមិនត្រឹមតែបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅក្បែរនោះមានការព្រួយបារម្ភអំពីសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈផងដែរ។
ក្រោយទទួលបានព័ត៌មាន និងស្រាវជ្រាវអំពីករណីនេះ កម្លាំងជំនាញបានចាត់វិធានការតាមនីតិវិធី ដោយឃាត់ខ្លួនឈ្មោះ សរ សុជាតិ ព្រមទាំងចាប់យករថយន្តមួយគ្រឿងជាវត្ថុតាង និងបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចាត់ការបន្តតាមច្បាប់។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក៏បានអំពាវនាវដល់សាធារណជន ជាពិសេសអ្នកសារព័ត៌មាន ឱ្យផ្សព្វផ្សាយព័ត៌មានដោយផ្អែកលើប្រភពច្បាស់លាស់ និងការពិត ព្រមទាំងស្នើឱ្យសុំការបំភ្លឺពីសាមីអង្គភាព ឬមន្ត្រីជំនាញជាមុន ដើម្បីជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ។
ករណីនេះបានបង្ហាញពីសារៈសំខាន់នៃការគោរពច្បាប់ចរាចរណ៍ និងការរក្សាសុវត្ថិភាពនៅទីសាធារណៈ ព្រោះការបើកបរដោយប្រើល្បឿនលឿន និងធ្វើសកម្មភាពប្រថុយប្រថាននៅលើដងផ្លូវ អាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃគ្រប់ពេលវេលា៕
រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






