រាជធានីភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ «សិក្ខាសាលាបូកសរុបលទ្ធផលការងារយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧» ដើម្បីពិនិត្យលទ្ធផលការងារ និងកំណត់ទិសដៅជំរុញវិស័យទេសចរណ៍សម្រាប់ឆ្នាំ២០២៧ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត វិស័យឯកជន សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ដៃគូសហការ បណ្តាញសារព័ត៌មាន និងអ្នកផលិតមាតិកាព័ត៌មានជាច្រើនរូប នៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមអនុវត្តយុទ្ធនាការ «រដូវកាលបៃតង» ចាប់តាំងពីឆ្នាំ២០២៥ និងបន្តពង្រឹងសកម្មភាពក្នុងឆ្នាំ២០២៦ ព្រមទាំងបានថ្លែងអំណរគុណចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានគាំទ្រគំនិតផ្តួចផ្តើមរបស់ក្រសួងទេសចរណ៍ ក្នុងការប្រែក្លាយ «រដូវកាលភ្ញៀវតិច» ទៅជា «រដូវកាលបៃតង» ដើម្បីលើកកម្ពស់ទស្សនៈវិជ្ជមាន និងជំរុញសក្តានុពលទេសចរណ៍កម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ បន្តសហការជំរុញចលនាទេសចរណ៍ក្នុងស្រុក ស្វែងយល់ពីគោលដៅទេសចរណ៍ថ្មីៗ និងគាំទ្រផលិតផល និងសេវាកម្មទេសចរណ៍របស់សហគមន៍ ដើម្បីរួមគ្នាប្រែក្លាយកម្ពុជាទៅជាគោលដៅទេសចរណ៍ដែលភ្ញៀវអាចមកទស្សនាបានគ្រប់រដូវកាល និងចង់ត្រឡប់មកទស្សនាម្តងហើយម្តងទៀត។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល៦ខែ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២៦ ភ្ញៀវទេសចរជាតិបានធ្វើដំណើរកម្សាន្តសរុបប្រមាណ ១០,៨៩លាននាក់ កើនឡើង ១៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដែលលទ្ធផលនេះបានបង្ហាញពីភាពរស់រវើកនៃសកម្មភាពទេសចរណ៍ ការកើនឡើងនៃព្រឹត្តិការណ៍ទាក់ទាញភ្ញៀវទេសចរ និងការចូលរួមកាន់តែសកម្មពីវិស័យឯកជន និងប្រជាពលរដ្ឋ ។រក្សាសិទ្ធដោយ៖សុទ្ធលី










