ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា គុនល្បុក្កតោ គឺជាក្បាច់គុនបុរាណខ្មែរដែលមានប្រវត្តិយូរលង់មកហើយ ដោយមានភស្តុតាងបង្ហាញតាមរយៈចម្លាក់នៅតាមប្រាសាទបុរាណ គំនូរតាមវត្តអារាម និងការសម្តែងក្នុងពិធីប្រពៃណីផ្សេងៗ។ ទោះបីក្បាច់គុនខ្មែរមានឈ្មោះហៅខុសៗគ្នាទៅតាមតំបន់ និងគ្រូគុនក្តី «ល្បុក្កតោ» គឺជាក្បាច់គុនបុរាណដែលប្រជាជនខ្មែរបានស្គាល់ និងបន្តថែរក្សាពីមួយជំនាន់ទៅមួយជំនាន់។ ក្រៅពីជាសិល្បៈការពារខ្លួន គុនល្បុក្កតោក៏ជាមរតកវប្បធម៌ដ៏មានតម្លៃ ដែលជួយពង្រឹងប្រាជ្ញាស្មារតី កម្លាំងកាយ កម្លាំងចិត្ត និងវិន័យ ព្រមទាំងបណ្តុះស្មារតីស្នេហាជាតិ និងការការពារសង្គមជាតិ។
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានថ្លែងបន្តទៀតថា នៅថ្ងៃទី២៩ វិច្ឆិកា ២០២២ នៅទីក្រុងរ៉ាបាត ព្រះរាជាណាចក្រម៉ារ៉ុក គុនល្បុក្កតោត្រូវបានអនុម័តបញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ នេះគឺជាមោទនភាពជាតិមួយ ដ៏ត្រចះត្រចង់មិនអាចកាត់ថ្លៃបាន។
កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប។ រក្សាសិទ្ធដោយ៖សុទ្ធលី





