តាមព័ត៌មានថ្មីដែលទើបត្រូវបានប្រកាសនោះ ICBM ថ្មីរបស់កូរ៉េខាងជើង ដែលប្រទេសនេះ ហៅថា Hwasong-15 បានហោះដល់រយៈកម្ពស់ជាង ៤៥០០គីឡូមែត្រ ហើយហោះក្នុងលំហអាកាសប្រើពេលតែជិត១ម៉ោង ប៉ុណ្ណោះ។ ជាមួយនឹងលទ្ធភាពនេះ កាំជ្រួចថ្មីរបស់កូរ៉េខាងជើងត្រូវបាននិយាយថា អាចបាញ់ទៅដល់គ្រប់ទីកន្លែងនៃប្រទេសអាមេរិក ។
ប៉ុន្តែខុសប្លែកពីការសាកល្បងលើកមុនៗទាំងស្រុង នៅលើកនេះកាំជ្រួចកូរ៉េខាងជើង បានសំយ៉ុងធ្លាក់ចុះមកក្នុងសមុទ្រជប៉ុន ប៉ុន្តែគ្មានម៉ាស៊ីនថតជាប់នឹងរ៉ាដាណាមួយរបស់ជប៉ុនដែលបង្ហាញឲ្យឃើញក្បាលគ្រាប់នៅពេលវាធ្លាក់ចុះមក។
តាម Business insider ក្រុមមន្ត្រីការពារជាតិរបស់អាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានតាមឃ្លាំមើលយ៉ាងមធ្យ័ត នៃការបាញ់បង្ហោះកាំជ្រួចនេះបានផ្តើមនូវការមន្ទិលសង្ស័យសមហេតុផលគឺ ៖ កូរ៉េខាងជើងបានសាកល្បងកាំជ្រួចមួយមែន បុន្តែគេបាន “ក្លែងបន្លំ” នៅផ្នែកសំខាន់មួយរបស់កាំជ្រួច។
ឃ្លីប ស្តីពីការបាញ់បង្ហោះកាំជ្រួច Hwasong-15
គោលគំនិតនៃការបាញ់បង្ហោះកាំជ្រួចកន្លងទៅថ្មីៗនេះ តាមក្រុមអ្នកជំនាញការគឺសំដៅបញ្ជាក់ថា កាំជ្រួចកូរ៉េខាងជើងអាចបាញ់ដល់អាមេរិក។ ប៉ុន្មាននាទីក្រោយហេតុការណ៍កើតឡើងក្រុមអ្នកវិទ្យាសាស្ត្រអាមេរិក បានធ្វើការគណនាដោយផ្អែកលើពេលវេលាហោះហើររយៈចម្ងាយ និងរយៈកម្ពស់នៃកាំជ្រួចនោះ។
អ្វីៗដែលអ្នកស្ថិតនៅក្រៅ ពុំអាចដឹងច្បាស់នោះគឺកាំជ្រួចថ្មីរបស់កូរ៉េខាងជើង បានតាមយកនូវអ្វី? ព្រោះថាប្រសិនបើកាំជ្រួចទទេ វាពិតជាពុំអាចបង្កការបំផ្លិចបំផ្លាញណាមួយឡើយ។ បញ្ហានេះ ស្ថិតនៅត្រង់ក្បាលគ្រាប់នុយក្លេអ៊ែររបស់វាទើបជា “អ្នកបំផ្លាញ”។ សម្រាប់ការចលនាបាននូវក្បាលគ្រាប់នុយក្លេអ៊ែរមួយដែលមានទម្ងន់ត្រឹមតែ ១០០គីឡូក្រាម វាពិតជាកិច្ចការមួយដ៏សែនលំបាកចំពោះក្រុមអ្នកវិទ្យាសាស្ត្រ។
ហើយក្នុងករណីនេះ កូរ៉េខាងជើងអាចបាញ់បង្ហោះ ICBM ចាស់ (គំរូមុន) តែពុំមានបំពាក់ក្បាលគ្រាប់ធ្វើឲ្យវាអាចហោះហើរបានឆ្ងាយ និងលឿនជាងមុន។
“កាំជ្រួចនេះអាចបាញ់ដល់គ្រប់ទីកន្លែងនៃប្រទេសអាមេរិក?” -David Wight រូបវិទូម្នាក់និងជាអ្នកជំនាញការខាងកាំជ្រួចនៃសហព័ន្ធបណ្តាអ្នកវិទ្យាសាស្ត្រ UCS បានវាយតម្លៃប្រាប់កាសែត Business insider “ប្រសិនបើគ្រាន់តែកាំជ្រួចដែលសាកល្បងនោះ ធ្វើដំណើរទៅដល់អាមេរិកវាពុំមានអត្ថន័យអ្វីច្រើនទេ ប្រការដែលសំខាន់នោះ តើវាមាននាំតាមនូវក្បាលគ្រាប់ដែរឬទេ”។
តាមរយៈកាំជ្រួចថ្មីនេះ កូរ៉េខាងជើងអាចបញ្ជាក់ថាខ្លួននឹងបាញ់កាំជ្រួចទៅដល់គ្រប់ទីកន្លែងនៃប្រទេសអាមេរិក ប៉ុន្តែពុំបញ្ជាក់បានថា ប្រទេសនេះអាចវាយប្រហារអាមេរិកដោយប្រើប្រាស់ក្បាលគ្រាប់នុយក្លេអ៊ែរមួយដែរឬទេ? ៕ ដោយ ៖ អាទិត្យ