ភ្នំពេញ៖ តាមចម្លើយសារភាព របស់បក្ខពួកម្នាក់ នៃក្រុមជនប្រដាប់អាវុធ ដែលបាញ់ប្រហារនៅមជ្ឈមណ្ឌលកម្សាន្ដ Rock បណ្តាលឲ្យរបួសឌីជេម្នាក់នោះ នាវេលាម៉ោង១២ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧នេះ សមត្ថកិច្ចបានស្រាវជ្រាវ រហូតឈានទៅដល់ការចាប់ខ្លួន បក្ខពួកចំនួន២នាក់បន្ថែមទៀត រួមជាមួយនឹងអាវុធខ្លីស៊េរីទំនើបចំនួនពីរដើម បន្ទាប់ពីបានរត់គេចខ្លួន ដល់ខេត្តកំពង់ធំ។ ប៉ុន្តែទោះយ៉ាងណា ជនដែលបាញ់រះពិតប្រាកដ មិនទាន់ចាប់ខ្លួនបាននឡើយទេ។
លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធានានាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា បក្ខពួកជនដៃដល់ដែលបាញ់ប្រហារនៅមជ្ឈមណ្ឌលកម្សាន្ដ Rock ចំនួន២នាក់ទៀត ត្រូវបាននគរបាលក្រសួងមហាផ្ទៃ ចាប់ខ្លួននៅខេត្តកំពង់ធំ ។ ប៉ុន្តែទោះយ៉ាងណា លោកឧត្តមសេនីយ៍ឯកមិនទាន់បញ្ជាក់ពីអត្តសញ្ញាណជនទាំងពីរនាក់នេះទេ។ ដោយលោកឧត្តមសេនីយ៍ គ្រាន់តែបង្ហើបប្រាប់បន្ថែមថា ពេលនេះដែលកម្លាំងនគរបាលជំនាញរបស់លោក កំពុងស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ យ៉ាងយកចិត្តទុកដាក់ផងដែរ។
សូមជម្រាបថា កាលពីវេលាព្រឹកព្រលឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះនៅក្នុងមជ្ឈមណ្ឌលកម្សាន្ត Rock ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីផ្ទុះអាវុធនេះ កើតឡើងដោយសារជម្លោះនៅក្នុងបន្ទប់លេខ២០២ និង២០៣ ជនដៃដល់បានបាញ់ប្រហារលើជនរងគ្រោះចំនួន៤គ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់ត្រង់ជើង និងដៃ។ ជនដៃដល់ជាជាមន្ត្រីយោធានិងជាកូនមន្ត្រីធំម្នាក់ ។ ចំណែកជនរងគ្រោះ ឈ្មោះ បៀ សំអឿន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ DJ ប្រចាំមជ្ឈមណ្ឌលកម្សាន្ត រ៉ុក៕ ដោយ៖កូឡាប