តារាចម្រៀងអាមេរិក Naya Rivera កាលពីចុងសប្តាហ៍មុន ត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីតុលាការថា នាងបានប្រើអំពើហិង្សាលើស្វាមី គឺតារាសម្តែង Ryan Dorsey ។
តាម TMZ ចុះផ្សាយ Rivea បានត្រូវចោទប្រកាន់ទោសប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ ក្រោយពីនាងបានវាយតប់លើស្វាមី ខណៈពេលដែលអ្នកទាំង ២ ទៅលេងស្រុកកំណើតរបស់ Ryan នៅ Chesapeake, រដ្ឋ West Virginia, អាមេរិក។ ករណីប្រព្រឹត្តអំពើហិង្សានេះកើតឡើងខណៈពេលអ្នកទាំង២បណ្តើគ្នាលេងរួមជាមួយកូនប្រុសអាយុ ២ឆ្នាំម្នាក់។
ក្នុងពេលដែលអ្នកទាំង ២ឈ្លោះប្រកែកគ្នាអតីតម្ចាស់ពានរង្វាន់ស្ត្រីទាក់ទាញបំផុតពិភពលោកនាឆ្នាំ ២០១១ បានវាយតប់ស្វាមីរបស់ខ្លួន លើក្បាលនិងបែកបបូរមាត់។
តារាសម្តែង Dorsey ជាស្វាមី បានថតទុកនូវជម្លោះខាងលើក្នុងទូរស័ព្ទចល័ត ហើយក្រោយមកក៏បានទូរស័ព្ទប្រាប់ប៉ូលិសជាហេតុធ្វើឲ្យនាង Rivera ត្រូវបានចាប់ខ្លួននៅទី ២៥/១១។
នាង Rivera បាននិយាយយ៉ាងខ្លីថា នាងត្រៀមបម្រុងជាស្រេចដើម្បីជួលមេធាវីតំណាងខ្លួនក្នុងសវនាការតុលាការខាងមុខ។ អំពើហិង្សាក្នុងគ្រួសារនៅអាមេរិកអាចបណ្តាលឲ្យជាប់ពន្ធនាគារ១ឆ្នាំ និងរងការពិន័យប្រាក់ ៥០០ដុល្លារ។
រឿងរ៉ាវនេះបានធ្វើឲ្យមានការផ្ទុះ និងមានការជជែកវែកញែកយ៉ាងតានតឹងក្នុងបញ្ហាញសង្គម ព្រោះថាអំពើហិង្សានៅក្នុងគ្រួសារពុំមែនជានិច្ចជាកាលកើតឡើងដោយសារតែភាគីបុរសតែម្ខាងឯណា៕ ដោយ ៖ ចន្ទ្រា