ខេត្តសៀមរាប៖ ឈ្មួញនៅតែអាចនាំជ្រូកគេចពន្ធនិងជ្រូកឈឺពីប្រទេសវៀតណាម មកកាប់សាច់លក់ ក្នុងទីផ្សារខេត្តសៀមរាបកាន់តែច្រើនឡើងៗព្រោះ មានការឃុបឃិតបើកដៃពីលោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ។
ឈ្មួញខ្លះទៀតសម្រុក ដឹកជញ្ជូនជ្រូករស់សង្ស័យមានជម្ងឺ ពីស្រុកសៀមមកកាប់សាច់ លក់ពេញទីផ្សារ ក៏ដូចជានាំចូលមាន់ទាររស់ពីស្រុកសៀមមកលក់ ចែកចាយពេញផ្សារ ក្នុងខេត្តសៀមរាប ហើយមិន ឃើញលោក ព្រំ វិច ព្រមទាំងមន្ត្រី ក្រោមឱវាទចាត់វិធានការត្រួតពិនិត្យ តាមតួនាទីរបស់ខ្លួននោះទេ។
រឿងអាស្រូវពុករលួយរបស់លោក ព្រំ វិច និងបក្ខពួកត្រូវបានមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តសៀមរាប បើកកកាយជាបន្តបន្ទាប់ដើម្បីឲ្យថ្នាក់ដឹកនាំក្រសួងកសិកម្ម បានដឹងឮនិងចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា។
មន្ត្រីនៃផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តសៀមរាប បានឃុបឃិតឲ្យឈ្មួញដែលមានលោកឧកញ៉ា ទូច សៀ ជាមេឈ្នួញធំនាំចូលជ្រូករស់ ជ្រូកឈឺ និងជ្រូកត្រចៀកខៀវ មកកាប់សាច់លក់ចែកចាយពេញទីផ្សារក្នុងខេត្តសៀមរាប។
តាមការបង្ហើបពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តសៀមរាប បានឲ្យដឹងថាលោក ព្រំ វិច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលឬហៅថាមេពេទ្យសត្វខេត្តសៀមរាប នៅតែបន្តឃុបឃិតឲ្យឈ្មួញនាំចូលជ្រូករស់ ជ្រូកងាប់ ឬជ្រូកមានជំងឺ មកកាប់សាច់លក់ចែកចាយពេញទីផ្សារក្នុងខេត្តសៀមរាប ដោយគ្មានញញើតអ្វីទាំងអស់។
មន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តសៀមរាប បានឲ្យដឹងទៀតថា រឿងអាស្រូវពុករលួយបក្ខពួកនិយមរបស់លោក ព្រំ វិច ត្រូវបានបើកកកាយជាបន្តបន្ទាប់ ក៏ប៉ុន្តែរហូតមកដល់ពេលនេះលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប ។ ហេតុនេះហើយទើបឈ្មួញ ដូចជាឧកញ៉ា ទូច សៀ ជាដើម អាចនាំចូលជ្រូកឈឺ ជ្រូកត្រចៀកខៀវ ឬជ្រូកងាប់មកកាប់សាច់លក់ចែកចាយតាមទីផ្សារក្នុងខេត្តសៀមរាប យ៉ាងរាលដាលដោយមិនខ្វល់ពីផលប៉ះពាល់ទៅលើសុខភាពប្រជាពលរដ្ឋនោះទេ។ លើសនេះទៅទៀតឈ្មួញមួយចំនួនអាចនាំចូលជ្រូករស់ ឬមាន់ទាររស់ពីស្រុកសៀមមកកាប់សាច់លក់ចែកចាយតាមទីផ្សារក្នុងខេត្តសៀមរាប ស្រេចតែអំពើចិត្តដោយគ្មានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវពីសំណាក់ក្រុមមន្ត្រីពេទ្យសត្វក្នុងខេត្តសៀមរាប ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក ព្រំ វិច នោះទេ។
បន្ទាប់ពីប្រជាពលរដ្នមានការព្រួយបារម្ភពីសុខភាពចំពោះការបរិភោគសាច់ជ្រួក និងមានសេចក្តីរាយការណ៍ពីការចេញផ្សាយការទាក់ទងនឹងការដឹកជញ្ជូន សត្វ មាន់ ទា ជ្រូក គោ ក្របី មកពីប្រទេសជិតខាងចូលមកក្នុងក្រុងសៀមរាប ដោយសេរីគ្មានការត្រួតពិនិត្យសុខភាពសត្វ និងគ្មានប្រភពច្បាស់សាល់រួចមក លោក ព្រំ វិចប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តសៀមរាប បានច្រានចោលចំពោះការចោទប្រកាន់នេះ ។
ពលរដ្ឋសួរថា បើមន្ដ្រីពេទ្យសត្វមិនទទួលខុសត្រូវចំពោះការងាររបស់ខ្លួន ក្នុងការពិនិត្យសុខភាពសត្វទៅហើយនោះ ចុះពលរដ្ឋរាប់លាននាក់ ដែលទទួលទានសាច់ជ្រូករាល់ថ្ងៃ ប្រសិនបើមានជំងឺតម្កាត់ឆ្លងពេញស្រុក តើអ្នកណាជាអ្នកទទួលខុសត្រូវ ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា សព្វថ្ងៃគាត់សង្កេតឃើញ តាមកុងស៊ី និងសត្វឃាតដ្ឋាននានា មានការដឹកជញ្ជូនសត្វចូលយ៉ាងអនាបតេយ្យដោយគ្មានការពិនិត្យសុខភាព និងគ្មានអនាម័យឲ្យបានត្រឹមត្រូវឡើយ រួចយកសាច់មកលក់ចែកចាយគ្រប់ទីផ្សារ ។
លោកក ព្រុំ វិច បានបញ្ជាក់ថា រាល់ការដឹកជញ្ជូនសត្វចូលមកក្រុងសៀមរាប នឹងនៅតាមកុងស៊ី សត្វអត្តឃាតទាំងអស់គឺមានអ្នកមានអំណាចម្នាក់បានចេញមុខនឹងដេញថ្លៃយកអស់ហើយ លោកមិនបានទទួលខុសត្រូវឡើយ ឯអ្នកមាន អំណាចម្នាក់នោះ គឺលោក ទូច សៀ ហើយប្រសិនបើចង់ដឹងឲ្យទាក់ទងនិងទៅសួរ លោក ទូច សៀ ទៅ ។

ចំណែកលោកទូច សៀ អ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺបានទេ៕ ដោយ ៖ រចនា