ភ្នំពេញ៖កម្ពុជានិងម៉ាឡេស៊ី បានចាប់ផ្តើមចុះហត្ថលេខាលើអនុស្សរណៈ នៃកិច្ចព្រមព្រៀង ស្តីពីយន្តការការពារ និងផ្តល់សុខុមាលភាពជូនពលករកម្ពុជា ធ្វើការនៅប្រទេសម៉ាឡេស៊ី គឺបានន័យថាត្រួតពិនិត្យមើលលក្ខណសម្បត្តិនិងប្រវត្តិជនម៉ាឡេស៊ី ឲ្យស្របតាមបទប្បញ្ញត្តិម៉ាឡេស៊ីដែលតម្រូវក្នុងការប្រើប្រាស់ពលករបរទេស។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ កាលពីថ្ងៃទី១ខែធ្នូ បានឲ្យដឹងថា គណៈប្រតិភូក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ បានបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃប្រទេសទាំងពីរ(កម្ពុជានិងម៉ាឡេស៊ី) នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ អញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃកិច្ចព្រមព្រៀង ស្តីពីយន្តការការពារ និងផ្តល់សុខមាលភាពជូនពលករកម្ពុជាធ្វើការនៅប្រទេសម៉ាឡេស៊ី រវាងអគ្គនាយកដ្ឋានការងារ និងសមាគមទីភ្នាក់ងារពលករបរទេសម៉ាឡេស៊ី។
អនុស្សរណៈ នៃកិច្ចព្រមព្រៀងនេះ មានសារសំខាន់ណាស់ ដើម្បីជាយន្តការបន្ថែមទៀតសម្រាប់ឆ្លើយតបឱ្យបានប្រសិទ្ធភាពខ្ពស់បំផុត ទៅតាមស្មារតី នៃអនុស្សរណៈយោគយល់គ្នារវាងប្រទេសទាំងពីរ ក្នុងការការពារ និងលើកកម្ពស់សិទ្ធិ ការសម្របសម្រួល និងធានាចំពោះសុវត្ថិភាព និងសុខុមាលភាពរបស់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅម៉ាឡេស៊ី។ អនុស្សរណៈនឹងត្រួតពិនិត្យមើលលក្ខណសម្បត្តិនិងប្រវត្តិជនម៉ាឡេស៊ី ឲ្យស្របតាមបទប្បញ្ញត្តិម៉ាឡេស៊ីដែលតម្រូវក្នុងការប្រើប្រាស់ពលករបរទេស។ រៀបចំគ្រប់គ្រងប្រព័ន្ធទិន្នន័យពលករទេសន្តរប្រវេសន៍កម្ពុជា និងទិន្នន័យរបស់និយោជន ចាប់តាំងពីចុះឈ្មោះ ពេលចុះកិច្ចសន្យាការងារ រហូតដល់ពេលធ្វើមាតុភូមិនិវត្តន៍។ កំណត់យន្តការទស្សនកិច្ចដល់ទីកន្លែងធ្វើការរបស់ពលករ ពលការិនី រៀងរាល់ត្រីមាស ដោយទីភ្នាក់ងារនៃប្រទេសទាំងពីរ ដើម្បីធានាថាពលករ ពលការិនី ទទួលបាននូវសុខុមាលភាព និងការការពារសិទ្ធិស្របច្បាប់។ ផ្តល់ការបណ្តុះបណ្តាល និងផ្តល់ទូរស័ព្ទដៃសម្រាប់ទំនាក់ទំនង រវាងស្ត្រីជំនួយការមេផ្ទះ និងក្រុមគ្រួសារ ក៏ដូចជាមន្ត្រីមានសមត្ថកិច្ចកម្ពុជា។ រៀបចំឲ្យមានធានារ៉ាប់រងគ្រោះថ្នាក់ការងារ ធានារ៉ាប់រងសុខភាពដល់ពលករ ពលការិនី មុនពេលចាប់ផ្តើមការងារ។ ផ្តល់មេធាវី និងផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្ន នៅពេឡមានវិវាទកើតឡើង។ ផ្តល់ការបណ្តុះបណ្តាលមុនពេលចេញដំណើរ និងក្រោយពេលមកដល់ប្រទេសម៉ាឡេស៊ី និងត្រួតពិនិត្យ និងណែនាំដល់ទីភ្នាក់ងារជ្រើសរើសឯកជន នៃប្រទេសទាំងពីរ ឲ្យគោរពតាមលិខិតបទដ្ឋានគតិយុត្តិរបស់ប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា៕ ដោយ៖បញ្ញាស័ក្តិ