Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខួប​លើក​ទី ៣៩ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍ មាតុភូមិ​កម្ពុជា ធ្វើ​នៅ​សាល​មហោស្រព​ចតុមុខ​

ភ្នំពេញ​៖​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុ ភូមិ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២​ធ្នូ​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី ៣៩ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ​១៩៧៨-២​ធ្នូ​២០១៧) នៅ​សាល​មហោស្រព​ចតុមុខ​។ ទិវា​នេះ​ក៏​មាន​ការ​និមន្ត និង អញ្ជើញ​រួម​ផងដែរ​ពី​សម្តេច​សង្ឃរាជ តំណាង​អង្គទូត តំណាង​ក្រសួង​-​ស្ថាប័ន គ្រប់​ខេត្ត រាជធានី ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​យ៉ាងច្រើន​កុះករ​។​

​សូមបញ្ជាក់​ថា វិមាន​រម្លឹក​អនុស្សាវរីយ៍​នៃ​ការបង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​នៅ​ភូមិ​២​ធ្នូ​ឃុំ​ជើង​ឃ្លូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ត្រូវបាន​បើក​ប្រារព្ធ​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០១៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ព​ញាច​ក្រី ហេង សំរិន ប្រធាន​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​។ ប្រជាជន​កម្ពុជា ដែល​កាត់​របប ៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ​ដែល​គ្រប់គ្រង​ដោយ​របប​ខ្មែរក្រហម បាន​ចងចាំ​ថា​ព្រឹត្តិការណ៍​២​ធ្នូ​គឺ​ជា​ថ្ងៃ​ដែល​នាំមុខ​នៃ​ការឈាន​ទៅ​ផ្តួលរំលំ​របប​ខ្មែរក្រហម​ប្រល័យពូជសាសន៍​នា​ថ្ងៃ​ទី​៧​ខែ​មករា​ឆ្នាំ​១៩៧៩។​

​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្សកាន់អំណាច​នាពេល​បច្ចុប្បន្ន​គឺជា​គណបក្ស​ដែល​ដឹកនាំ​ក្នុងការ​រំដោះ​ប្រទេស​និង​កសាង​ប្រទេស​ឡើងវិញ​ចាប់តាំងពី​ឆ្នាំ​១៩៧៩​។​គឺជា​ការ​កសាង​ដែល​គេ​ពណ៌នា​ថា​ជា​ការកសាង​ប្រទេស​ពី​បាតដៃ​ទទេរ​និង​ពី​គំនរ​ផង់ ជាមួយ​នឹង​ជីវភាព​ប្រជាជន​យ៉ាង​ក្រីក្រ ពោរពេញ​ដោយ​ជំងឺ កូនកំព្រា ស្ត្រី​មេម៉ាយ​និង​ការបែកបាក់​គ្រួសារ​ជា​ដើម​។​

​ដើមដំបូង​រណសិរ្ស​នេះ មានឈ្មោះ​ថា “​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​” ដែល​បង្កើតឡើង​នៅ​ភូមិ​២​ធ្នូ ឃុំ​ជើង​ឃ្លូ ស្រុក​ស្នួល ខេត្ត​ក្រចេះ នា​ថ្ងៃ​ទី​២​ធ្នូ​ឆ្នាំ​១៩៧៨​។ ឆ្លងកាត់​ដំណាក់កាល​រីកចំរើន​ជា​ច្រើន​មក​រណសិរ្ស​នេះ​ក៏​បាន​ប្តូរ​ឈ្មោះ​មកជា​”​រណសិរ្ស​សាមគ្គី​កសាង​ការពារ​មាតុភូមិ​កម្ពុជា​”​និង​ជា​ចុងក្រោយ​នេះ​បាន​ប្តូរ​មក​ជា​” រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​”​។​

​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ត្រូវ​បាន​កើតឡើង​ដោយ​កម្លាំង​មហា​សាមគ្គី​ប្រជាជន​ទាំងមូល ទាំង​ក្នុង និង​ក្រៅប្រទេស ដែលមាន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​វីរជន​ស្នេហា​ជាតិ ជាច្រើរូប​ទៀត​ជា​ប្រមុខ​ដឹកនាំ ។​

​ការ​នាំឲ្យ​មាន​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​៖

-​ក្នុង​អំឡុង​ឆ្នាំ ១៩៧៥-១៩៧៨ ក្រោម​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត សភាពការណ៍ ប្រទេសជាតិ បាន​ធ្លាក់​ចូលទៅក្នុង​ជ្រោះ​មហន្តរាយ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត ។​

-​ពេល​នោះ​ពួក​ឃាតក ប៉ុល ពត បាន​រុញច្រាន​ប្រទេសជាតិ​ឲ្យ​ក្រឡាប់​ចាក់ធាក់​ថយ ក្រោយ​យ៉ាង ឆ្ងាយ​ដាច់​សង្វែង ដែល​គ្មាន​អ្នកណា​ម្នាក់​នឹកស្មាន​ដល់ ។​

​ក្រោម​ស្លាក​សញ្ញា​បដិវត្តន៍​ដាច់ខាត ពួកគេ​បាន ចាប់ផ្តើម​បោសសម្អាត​សង្គម​ខ្មែរ​ជា បន្តបន្ទាប់ ដោយ​បំបាត់ចោល​ទីក្រុង ចាប់បង្ខំ​ប្រជាជន​ទីក្រុង ទីផ្សារ​រាប់ លាន នាក់​ឲ្យ​ចាកចោល​ផ្ទះ​សម្បែង ទ្រព្យសម្បត្តិ​របស់​ខ្លួន​ឲ្យទៅ​រស់នៅ​ជនបទ ព្រៃ​ភ្នំ​ក្រំ​ថ្ម​ក្នុង​ស​ភាពលំបាក វេទនា និង​ចាប់បង្ខំ​ឲ្យធ្វើ​ការជា​ទម្ងន់ ។​

-​កាត់ផ្តាច់​មនោសញ្ចេតនា​ដ៏​ពិសិដ្ឋ​ក្នុង​គ្រួសារ​រវាង​ឪពុក ម្តាយ ជីដូន​ជីតា បងប្អូន ប្តី​ប្រពន្ធ ញាតិមិត្ត សាច់​សាលោហិត ហើយ​មិន​អនុញ្ញាត​ឲ្យមាន​ទំនា​ក់​ទំនង​ជា​ប្រក្រតី​បានឡើយ ។​

-​រំលាយចោល​នូវ​ភូមិ​ករ ដែល​ជា​ប្រភព​ភ្ជាប់​នូវ​មនោសញ្ចេតនា​និង​ជា​លំនៅឋាន របស់ ប្រជាជន យើង តាំងពី​បុរាណកាល​មក ។​

-​រឹបអូស​ឧបករណ៍​ផលិតកម្ម សម្ភារ​ប្រើប្រាស់​សម្រាប់​ជីវភាព​ផ្ទាល់ ចាប់បង្ខំ​ឲ្យ ប្រជាជន​ធ្វើ​ពលកម្ម ដូច​គោ ក្របី ស៊ី​អត់​ស៊ី​ឃ្លាន សម្លៀក​បំពាក់​ប៉ះ​មុខ​ប៉ះ​ក្រោយ រហែក​រយ៉ីរយ៉ៃ ធ្វើឲ្យ​ខ្មែរ​គ្រប់រូប​ធ្លាក់​ចូល​ក្នុង ទុគ៌ត​ភាព និង​ជា​ទាសករ​។​

-​ជាន់ឈ្លី និង​បំផ្លាញ​វប្បធម៌ អរិយធម៌ បំបាត់​សិទ្ធិសេរីភាព​ខាង​ជំនឿ សាសនា ចាប់បង្ខំ​ឲ្យ​បុរស​នារី រៀប​អាពាហ៍ពិពាហ៍​ជា​សមូហភាព​រាប់សិប​គូ ដោយ​គ្មាន​មនោសញ្ចេតនា សាសនា​នានា​។​

-​ពួក​វា​បំផ្លិចបំផ្លាញ​វត្ត​អារាម​ព្រះពុទ្ធសាសនា ដែល​ជា​សាសនា​របស់​ជាតិ​តាំងពី​យូរលង់ កម្ទេច វិហារ កុដិ​សាលា​គម្ពីរ​ដីកា ក្បួន ច្បាប់ នៃ​ពុទ្ធសាសនា និង​ឥស្លាម​សាសនា ។​

-​បំបិទ​ស្ទើរតែ​ទាំងស្រុង​ការអភិវឌ្ឍ​ធនធានមនុស្ស បិទទ្វារ​សាលារៀន​តាំង ពី​បឋម​រហូត​ដល់​ឧត្តម សិក្សា ។ កុមារ​ដល់​វ័យ​សិក្សា​មិន​ត្រូវ​បាន​រៀនសូត្រ និង​ត្រូវ​ពួក​វា​បង្ខំ​ឲ្យទៅ​នៅក្នុង​កងចល័ត​ធ្វើ​ការងារ​ដូច មនុស្សពេញវ័យ ។​

-​មនុស្ស​ចាស់ជរា​ត្រូវបាន​ចាត់ទុក​ជា​បុគ្គល​គ្មាន​ប្រយោជន៍​ដល់​សង្គម មិន​ត្រូវបាន​ទទួល​ការជួយ ឧបត្ថម្ភ ទំនុក​បម្រុង និង​ត្រូវ​កម្ទេចចោល ។ ជា​បន្តបន្ទាប់​ពួក​គ​
​េ​អនុវត្តន៍​នយោបាយ​កាប់សម្លាប់​ជនជាតិ​ឯង រហូតដល់​អស់​ជាង ៣ លាន​នាក់​។​

​ដោយ​ពួក​ឃាតក ប៉ុល ពត បាន​ជ្រលក់​មាតុភូមិ​កម្ពុជា​ដោយ​ឈាម និង​ទឹកភ្នែក ដូច្នោះ​ហើយ​ទើប​កម្លាំង​ប្រជាជន ដែល​នៅ​សេសសល់ ពី​ការកាប់សម្លាប់ ក្រោម​ការដឹកនាំ​នៃ​វីរជន ស្នេហា​ជាតិ​បាន​បង្កើត​រណសិរ្ស​សាមគ្គី សង្គ្រោះ​ជាតិ​កម្ពុជា ដើម្បី​ផ្តួលរំលំ​របប​ឃាតក ប៉ុល ពត សង្គ្រោះ រំដោះ​មាតុភូមិ និង​ប្រជាជន​កម្ពុជា​ឲ្យ​ចាក​ផុត​ពី​គ្រោះមហន្តរាយ នៃ​របប​ប្រល័យ​ពូជសាសន៍ និង​បាន​ទទួល ជ័យជម្នះ​ទាំងស្រុង​នា​ថ្ងៃ​ទី ៧ ខែ​មករា ឆ្នាំ ១៩៧៩ ។​

​សេចក្តីថ្លែងការណ៍ ១១ ខ របស់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា មាន​ដូចតទៅ​នេះ​៖
១-​អនុវត្តន៍​មាគ៌ា​មហា​សាមគ្គី​ជាតិ វាយ​រំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ។ រៀបចំ​ការបោះឆ្នោត ជ្រើសរើស​តំណាងរាស្ត្រ​ទូទាំង​ប្រទេស ។ បង្កើត​រដ្ឋ​ធ​ម្មនុ​ញ្ញា​ថ្មី​សំដៅ​ធានា​អះអាង​រាល់​សិទ្ធិ​ស្មើភាព សេរី ភាព ប្រជាធិបតេយ្យ​ពិតប្រាកដ​របស់​ប្រជាជន ។​
២-​កសាង​រាល់​សមាគម ដែល​ជា​សមាជិក​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដើម្បី​ប្រមែប្រមូល​គ្រប់ កម្លាំង​ក្នុង​សង្គម គ្រប់​មជ្ឈដ្ឋាន មាន​សមាគម​យុវជន នារី សហជីព កសិករ និង​សមាគម​បញ្ញវន្ត​។​ល​។​
៣-​កសាង និង​ពង្រឹងកម្លាំង​កងទ័ព​ជាតិ ដើម្បី​ការពារ​មាតុភូមិ ការពារ​អាយុជីវិត និង​ទ្រព្យសម្បត្តិ​ប្រ ជា​ជន ការពារ​នូវ​ឯករាជ្យ អធិតេ​យ្យ និង​បូរណភាព​ទឹកដី ។​
៤-​អនុវត្តន៍​សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ។ គោរព​សិទ្ធិ និង​តម្លៃ​មនុស្ស​របស់​ប្រជាជន គ្រប់​ជាន់ថ្នាក់ ។ បើក​សិទ្ធិ​ជូន​ប្រជាជន​ឲ្យ​វិលត្រឡប់​មក​រស់នៅ​តាម​ភូមិឋាន​ចាស់​របស់​ខ្លួន និង​កសាង​ជីវ ភាព​រស់នៅ​ប្រកប​ដោយ​សុភមង្គល​ក្នុង​គ្រួសារ​ឡើងវិញ ។ ធានា​សិទ្ធិ​ក្នុង​ការស្នាក់អាស្រ័យ នូវ​ការធ្វើ​ដំណើរ ក្នុង​ប្រទេស​ដោយ​សេរី មាន​សិទ្ធិ​ក្នុងការ​ឈរឈ្មោះ​ជា​បេក្ខជន​បោះឆ្នោត​ជ្រើសតាំង មាន​សិទ្ធិ​សេរីភាព​ក្នុង ការនិយាយស្តី មាន​សិទ្ធិ​សេរី​ក្នុង​ការបង្កើត​សមាគម មាន​សិទ្ធិ​សេរីភាព​ក្នុង​ជំនឿ​សាសនា មាន​សិទ្ធិ​ប្រកប ពលកម្ម សម្រាក និង​រៀនសូត្រ ។​ធានា​អះអាង​នូវ​សិទ្ធិសេរីភាព​ខាង​រូប​កាយ​របស់​ប្រជាជន​គ្រប់រូប ។ មាន សិទ្ធិ​
​រស់នៅ​ស្មើភាព ។ មាន​កាតព្វកិច្ច និង​មាន​ផលប្រយោជន៍​ដូចគ្នា ។​

៥-​អនុវត្តន៍​មាគ៌ា​សេដ្ឋកិច្ច ឯករាជ្យ​តាម​ដំណាក់កាល​នីមួយៗ កសាង​ឡើងវិញ​នូវ​ទឹកដី ដែល​បំផ្លិច​បំ ផ្លា​ញ ជួសជុល​សេដ្ឋកិច្ច​ថ្មី​គឺ សេដ្ឋកិច្ច​បម្រើ​ផលប្រយោជន៍​លើ​មូលដ្ឋាន​ពង្រីក​កសិកម្ម និង​ឧស្សាហកម្ម ។ បំបាត់​ចោលរ​បបចាប់​បង្ខំ​ឲ្យធ្វើ​រួម​ហូប​រួម​
​បំបាត់​ចោល​របប​គៀរ​ប្រមូលស្រូវ អង្ករ ទ្រព្យសម្បត្តិ​ប្រជាជន បើក​ធនាគារ ចាយវាយ​ក្រដាសប្រាក់ ជួសជុល និង​ពង្រីក​ការផ្លាស់ប្តូរ​នូវ​រាល់​មុខទំនិញ បើកទូលាយ​ការ លក់ដូរ​ក្នុង​ប្រទេស លុបបំបាត់​ចោល​របប​ចាប់បង្ខំ​ឲ្យធ្វើ​ពលក​ម្ម​បាក់កម្លាំង ។​
៦-​បំបាត់​ចោល​របប​អាពាហ៍ពិពាហ៍​ដោយ​ចាប់បង្ខំ ។ អនុវត្តន៍រ​បបក​សា​ង​ជីវភាព​គ្រួសារ អនុវត្តន៍ សិទ្ធិ​ស្មើភាព​រវាង​បុរស និង​នារី ។ លើកទឹកចិត្ត​នារី​ឲ្យបាន​រៀនសូត្រ​ខាងវប្បធម៌ និង​មុខវិជ្ជា​ជំនាញ ដើម្បី បម្រើ​សង្គម ជួយ​ឧបត្ថម្ភ​ដល់​ជនពិការ គ្រួសារ​ពលី មរណៈ ។ យកចិត្តទុកដាក់​អ្នក​ចាស់ជរា ក្មេង​កំព្រា ស្ត្រី មេម៉ាយ​។ មាន​មាគ៌ា​ត្រឹមត្រូវ​ចំពោះ​បងប្អូន​ខ្មែរ​កំពុង​រស់នៅ​បរទេស និង​ជនបរទេស​កំពុង​រស់​នៅ​ក្នុងប្រ ទេស​កម្ពុជា ។​

៧-​បំបាត់​ចោល​វប្បធម៌​ប្រតិ​កិរិយា ហើយ​កសាង​វប្បធម៌​ថ្មី មាន​ចរិក​ជា​តិ និង​ទស្សនៈ​ប្រជាជន ។ បំបាត់​គ្រោះ​អវិជ្ជា ពង្រីក​កម្រិតសិក្សា​គ្រប់​ថ្នាក់ និង​វិជ្ជាជីវៈ​ជំនាញ ។ ថែរក្សា​ការពារ​វត្ថុ​បុរាណ បេតិកភណ្ឌ ជាតិ សួន​ឧទ្យាន វត្ត​អារាម ដែល​ត្រូវ ប៉ុល ពត​
​បំផ្លាញ ។​

៨-​អបអរសាទរ និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​នាយទាហាន ពលទាហាន ក្នុង​កម្លាំងប្រដាប់អាវុធ កម្មាភិបាល បុគ្គលិក ដែល​បាន​បោះបង់​របប ប៉ុល ពត ហើយ​វិលត្រឡប់​មក​រួមរស់​ជាមួយ​ប្រជាជន ។ ផ្តទ្ទាទោស​មេក្លោង​ក្បាលរឹង និង​អនុគ្រោះ​ចំពោះ​អ្នក​ស្មោះត្រង់ និង​កែប្រែ​ទាន់ពេលវេលា ព្រមទាំង​លើកសរសើរ ចំពោះ​អ្នក​មាន​ស្នាដៃ ។​

៩-​អនុវត្តន៍​មាគ៌ា​បរទេស សន្តិភាព មិត្តភាព និង​មិន​ចូល​បក្ខសម្ព័ន្ធ​ជាមួយ​ប្រទេស​ទាំងឡាយ ដោយ​មិន​ប្រកាន់​របប​នយោបាយ​សង្គម លើ​លក្ខការណ៍​សន្តិ​សហ​វិជ្ជមាន គោរព​ឯករាជ្យ អធិបតេយ្យ និង​បូ​រណ ភាព​ដែនដី​គ្នា មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា ស្មើភាព និង​មាន​ផលប្រយោជន៍​ទៅវិញទៅមក ។​

១០-​ដោះស្រាយ​រាល់​បញ្ហា​វិវាទ​ជា​មួយ​បណ្តា​ប្រទេស​ជិតខាង​ដោយ​សន្តិវិធី ផ្អែកលើ​មូលដ្ឋាន​គោរព ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ដែន​ដី​គ្នា​ទៅវិញទៅមក ។ បញ្ចប់សង្គ្រាម​តាម​ព្រំដែន​ជាមួយ​វៀតណាម ដែល​ពួក ប៉ុល ពត បង្កឡើង ។ ស្ថាបនា​ឡើង​វិញ​នូវ​ចំណងមិត្តភាព សហប្រតិបត្តិការ​ល្អ ក្នុងន័យ​ជា​អ្នកភូមិ ផង​របង​ជាមួយ និង​បណ្តា​ប្រទេស​នៅ​ភូមិភាគ​អាស៊ីអាគ្នេយ៍ រួមចំណែក​កសាង​ភូមិភាគ​អាស៊ីអាគ្នេយ៍​ជា មណ្ឌល​មួយ​ប្រកបដោយ​សន្តិភាព ឯករាជ្យ សេរីភាព អព្យាក្រឹត ស្ថិរភាព និង​សម្បូណ៌​ស្តុកស្តម្ភ ។​

១១-​បង្កើន​សាមគ្គីភាព​ជាមួយ​បណ្តា​ប្​​រទេស​លើ​សកលលោក ដើម្បី​សន្តិភាព ឯករាជ្យ​ជាតិ ប្រជា​ធិប តេ​យ្យ និង​វឌ្ឍន​សង្គម​៕

​ដើម្បី​រម្លឹក​ដល់​ថ្ងៃ​ជា​ប្រវត្តិសាស្ត្រ​នោះ កាលពី​ថ្ងៃអាទិត្យ ទី​១​ធ្នូ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​នី បាន​រៀបចំ​ពិធី​តាំងពិព័រណ៍ និង​បាន​រៀបចំ​ការប្រគំ​តន្ត្រី នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។

​ការបង្កើត​រណសិរ្ស ២​ធ្នូ ធ្វើឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការគាំទ្រ​ពី​ប្រទេស​វៀតណាម ដើម្បី​ផ្តួលរំលំ​របប​កម្ពុជា​ប្រជា​ជា​ធិបតេយ្យ ខ្មែរក្រហម​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

 

×