ភ្នំពេញ៖ គណៈប្រតិភូសភាប្រជាជនទីក្រុងសៀងហៃ ដឹកនាំដោយលោកអ៊ូ ហានមីន អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនទីក្រុងសៀងហៃ បានបញ្ជាក់ពីជំហរបស់ខ្លួនថា នឹងជំរុញឲ្យក្រុមហ៊ុនធំៗជាច្រើន នៅទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន មកបណ្តាក់ទុនរកស៊ី នៅទីក្រុងភ្នំពេញ ឲ្យបានច្រើន ខណៈដែលទីក្រុងភ្នំពេញ កំពុងតែមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ។ ការបញ្ជាក់ពីជំហររបស់លោកអ៊ូ ហានមីន បែបនេះបានធ្វើឡើងក្នុងជំនួបដម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោកឃួង ស្រេង អភិបាលរាជធានី នៅរសៀលថ្ងៃទី១ ធ្នូឆ្នាំ២០១៧នេះនៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេង ក្នុងឱកាសនោះ បានលើកឡើងពីស្ថានភាពទូទៅរបស់ទីក្រុងភ្នំពេញ ដែលជាទីក្រុងចំណាស់មានអាយុកាលជាង៦០០ឆ្នាំ ។ ទីក្រុងភ្នំពេញបច្ចុប្បន្ននេះ ក្រោយការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើអោយទីក្រុងនេះមានការរីកចម្រើនយ៉ាងឆាន់រហ័ស ។ ទន្ទឹមនឹងការរីកចម្រើនយ៉ាងឆាន់រហ័សបាន នាំឲ្យទីក្រុងភ្នំពេញមានបញ្ហាប្រឈមមួយចំនួន ពិសេសបញ្ហាការកកស្ទះចរាចរណ៍ ដែលយើងបាននឹងកំពុងធ្វើការដោះស្រាយ។
លោកអ៊ូ ហានមីន បានមានប្រសាសន៍លើកឡើងថា នៅភ្នំពេញ មានការអភិវឌ្ឍច្រើន មានអគារខ្ពស់ច្រើន ធ្វើឲ្យទីក្រុងកាន់តែស្អាត ។កម្ពុជានិងប្រទេសចិនបានមានទំនាក់ទំនងល្អជាមួយគ្នា ៦០ឆ្នាំហើយ។ ទំនាក់នេះនឹងជំរុញប្រទេសទាំង២កាន់តែមានទំនាក់ល្អទៅមុខទៀត ។ ទីក្រុងភ្នំពេញ ជាមួយទីក្រុងសៀង ហៃ បានចងសម្ព័ន្ធមេត្រីភាពជាមួយ ទីក្រុងភ្នំពេញ នៅឆ្នាំ២០០៨ ដោយបានសហប្រតិបត្តិការគ្នាលើគ្រប់វិស័យ ហើយនយោបាយផ្លូវមួយខ្សែមួយនៅប្រទេសចិន ត្រូវបានកម្ពុជាគាំទ្រ ។ លោកបន្តថា ទីក្រុងសៀងហៃ ចង់បណ្តាក់ទុករកស៊ីនៅកម្ពុជាឲ្យបានច្រើន ដោយមានក្រុមហ៊ុនធំជាច្រើនចង់ប្រតិបត្តិការជាមួយក្រុមហ៊ុនកម្ពុជា ។
លោកអ៊ូ ហានមីន ក្នុងឱកាសនោះដែរ បានស្នើឲ្យលោកឃួង ស្រេង ដឹកនាំប្រតិភូទីក្រុងភ្នំពេញ ទៅបំពេញទស្សនកិច្ចនៅក្រុងសៀង ហៃនៅឆ្នាំក្រោយនេះគឺចំពេលគម្រប់ខួបទី១០នៃទំនាក់ទំនង ចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា រវាងភ្នំពេញ និងសៀង ហៃ។ លោកឃួង ស្រេងបានបញ្ជាក់ថា តាមពិតយើងមានចំណងចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាល្អ១០ឆ្នាំហើយ ហើយចិនក៏បានមករកស៊ីនៅភ្នំពេញច្រើនដែរ តែលោកសុំឲ្យអ្នកវិនិយោគចិនបន្តមករកស៊ីនៅភ្នំពេញឲ្យច្រើនបន្ថែមទៀត ហើយសមត្ថកិច្ចយើងជា អ្នកការពារសុវត្ថិភាពចំពោះអ្នកវិនិយោគទាំងនេះ ។ លោកបន្តថា ប្រទេសកម្ពុជាកំពុងអភិវឌ្ឍ ក្នុងនោះអចលនទ្រព្យជាចំណុចខ្មាំងចំពោះការវិនិយោគផងដែរ។
ចំពោះការអញ្ជើញលោកឃួងស្រេងទៅបំពេញទស្សនកិច្ចនៅទីក្រុងសៀង ហៃ លោកឃួងស្រេងបានបញ្ជាក់ថា នឹងជ្រើសពេលវេលាសមស្របមួយទៅបំពេញទស្សនកិច្ចនៅទីក្រុងសៀង ហៃតបតាមការអញ្ជើញនេះ។ លោកអ៊ូ ហានមីន បានថ្លែងការដឹងគុណដែលកម្ពុជាគាំទ្រចំពោះគោលនយោបាយចិនតែមួយ យើងនឹងចាប់ដៃគ្នាជាប់ ទុកក្នុងបេះដូង ហើយពេលប្រតិភូកម្ពុជាទៅបំពេញទស្សនកិច្ចនៅទីក្រុងសៀង ហៃលោកនឹងណែនាំក្រុមហ៊ុនធំៗជាច្រើនឲ្យមកបណ្តាក់ទុនរកស៊ីនៅភ្នំពេញ៕ ដោយ៖កូឡាប