ខ្មាន់កាំភ្លើងមួយក្រុមបានសំរុកចូលក្នុងសកលវិទ្យាល័យមួយ ស្ថិតក្នុងទីក្រុង Peshawar ប្រទេសប៉ាគីស្ថាន រួចបានបាញ់សម្លាប់មនុស្សយ៉ាងតិចចំនួន ៩នាក់ និងធ្វើឲ្យ ៣៦នាក់ផ្សេងទៀតរងរបួស។
ក្នុងចំណោមខ្មាន់កាំភ្លើងទាំងអស់ មាន៣នាក់ ស្លៀកពាក់រ៉ូបគ្របខ្លួនពីក្បាលដល់ចុងជើង ហើយបានចូលក្នុងវិទ្យាស្ថានបណ្តុះបណ្តាលផ្នែកកសិកម្មកាលពីព្រឹកថ្ងៃសុក្រម្សិលមិញនេះ។
បើតាមការបញ្ជាក់របស់កងកំលាំង ខ្មាន់កាំភ្លើងទាំងអស់ត្រូវបានបាញ់ស្លាប់ទាំងអស់។ ក្រុមតាលីបង់នៅក្នុងប្រទេសនេះ បានអះអាងថា ការវាយប្រហារគឺជាទង្វើរបស់ពួកគេ។
សិស្សចំនួន ៨នាក់ និងមន្ត្រីម្នាក់ត្រូវបានបាញ់ស្លាប់នៅក្នុងហេតុការណ៏នោះ។
សិស្សម្នាក់ដែលរងរបួស ឈ្មោះ Ahteshan ul-Haq បានថ្លែងប្រាប់សារព៌តមាន Reuters ថាមានសិស្សចំនួន ១២០នាក់ ក្នុងចំណោមសិស្សសរុបទាំងអស់ ៤០០នាក់មានវត្តមាន ក្នុងកំឡុងពេលមានការវាយប្រហារ ខណៈដែលសិស្សភាគច្រើនបានទៅផ្ទះអស់ហើយដើម្បីសំរាកពេលចុងសប្តាហ៍។
ទៅក្រុង Peshawar ដែលមានព្រំប្រទល់ជិតនឹងប្រទេសអាហ្គានីស្ថាន បានទទួលរងការវាយប្រហារជាច្រើន ក្នុងកំឡុងមានកុប្បកម្មរបស់ក្រុមតាលីបង់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
កាលពីឆ្នាំ ២០១៤ ពួកសកម្មប្រយុទ្ធតាលីបង់បានធ្វើការវាយប្រហារសាលាយោធាមួយ នៅក្នុងទីក្រុងនេះ បណ្តាលឲ្យមនុស្សចំនួន ១៤២នាក់ស្លាប់៕ សុភ័ក្ត្រ