Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និង​កាណាដា ឯកភាព​បន្ត​កិច្ចព្រមព្រៀង សម្រួល​ពាណិជ្ជកម្ម ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​

spot_img

ភ្នំពេញ​៖ ប្រទេស​កម្ពុជា និង​កាណាដា បាន​ឯកភាព​បន្ត​កិច្ច​ព្រមព្រៀង​ស្តី​ពី​ការសម្រួល​ពាណិជ្ជកម្ម ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទេ្វ​ភាគី ដោយ​ឈរ​មូលដ្ឋាន​ឈ្នះ​-​ឈ្នះ ខណៈ​កាលពី​ឆ្នាំ ២០១៧ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​កាណាដា សម្រេច​បាន​ទឹកប្រាក់​សរុប ១,០៤​ប៊ី​លាន​ដុល្លារ​អាមេរិក ។ កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ធ្វើ​រវាង​ក្រសួង​ពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​ការិយាល័យ​ទទួលបន្ទុក​កិច្ច​សម្រួល​ពាណិជ្ជកម្ម (TFO) នៃ​សាធារណរដ្ឋ​កាណាដា ហើយ​ដែល​បាន​ផុត​សុពលភាព កាលពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨ កន្លងមក​។​

​ការឯកភាព​បន្ត​កិច្ចព្រមព្រៀង​នេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​រវាង លោក ប៉ាន សូរ​ស័ក្កិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ជាមួយ​លោកស្រី ដូ​នីកា ប៉ូ​ទី (Donica Pottie) ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​ព្រះរាជា​ណា​ច​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​អង្គារ៍ ទី​១៦ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម​។​

​នៅក្នុង​ជំនួប លោក​រដ្ឋមន្ត្រី បាន​ជម្រាប​ភាគី​កាណាដា អំពី​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​កម្ពុជា ដែល​បានមកពី​ការចូលរួម​នៃ​វិស័យ​សំណង់ វាយ​ន​ភ​ណ្ឌ ទេសចរណ៍ និង​កសិកម្ម​។ នៅក្នុង​នោះ ទឹកប្រាក់​នៃ​ឧស្សាហកម្ម​កាត់ដេរ (​ឆ្នាំ​២០១៧) មាន​ចំនួន​ប្រមាណ ៧​ប៊ី​លាន​ដុល្លា​អាមេរិក ហើយ​ឧស្សាហកម្ម​នេះ បាន​បង្កើត​ការងារ​ជូន​ប្រជាជន ៧៦​ម៉ឺន​នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី នៅតាម​តំបន់​ជនបទ​។​

​លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្កិ បានលើកឡើង​ពី​កិច្ច​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការគាំទ្រ​វិស័យ​វាយ​ន​ភ​ណ្ឌ តាមរយៈ​ការបន្ត​ស្វែងរក​ទីផ្សារ​សក្តានុពល​បន្ថែម និង​ការបង្កើន​ប្រាក់បៀវត្ស​អតិបរមា​ជូន​កម្មករ​-​និយោជិត ចាប់ពី ១៤០​ដុល្លារ ក្នុង​ឆ្នាំ​២០១៦ ដល់ ១៧០​ដុល្លារ ក្នុង​ឆ្នាំ​២០១៨ ហើយ​គ្រោង​នឹង​បង្កើន​ឱ្យបាន ១៨២​ដុល្លារ នៅ​ដើមឆ្នាំ ២០១៩ ខាង​មុខ​ថែមទៀត​។​

​លោក ប៉ាន សូរ​ស័ក្កិ បាន​គូសបញ្ជាក់ថា “​រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុលោម​តាម​កាតព្វកិច្ច​ការងារ ដែល​អង្គការ ILO បានកំណត់​តាំងពី​ឆ្នាំ​១៩៩៩ និង​បាន​គាំទ្រ​ការអនុវត្ត​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​នៃ​រោងចក្រ​កម្ពុជា (Better Factory Cambodia) ដើម្បី​លើកស្ទួយ​លក្ខខណ្ឌ​ការងារ និង​ការប្រកួតប្រជែង​ក្នុង​វិស័យ​នេះ​”​។​

​ជា​ការឆ្លើយតប លោកស្រី​ឯកអគ្គរដ្ឋទូត ដូ​នីកា ប៉ូ​ទី បាន​កោតសរសើរ​អំពី​កំណែទម្រង់ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុងការ​លើកកម្ពស់​វិស័យ​វាយនភ័ណ្ឌ និង​ការស្វែងរក​អត្ថប្រយោជន៍​ជូន​កម្មករ​-​និយោជិត នា​ពេលកន្លងមក​។​

​លោកស្រី​ឯកអគ្គរដ្ឋទូត បាន​លើកទឹកចិត្ត​រដ្ឋាភិបាល​កម្ពុជា បន្ត​ប្រឹងប្រែង និង​ប្រកាន់​និយាម​ការងារ​នេះ​បន្តទៀត ដើម្បី​នាំមក​នូវ​ភាព​ឈ្នះ​-​ឈ្នះ ដល់​គ្រប់​តួអង្គ​ពាក់ព័ន្ធ សម្រាប់​ឧស្សាហកម្ម​មួយ​នេះ ហើយ​លោកជំទាវ នឹង​ពិនិត្យ​លទ្ធភាព​ជួយ​កៀរគរ​វិនិយោគិន​កាណាដា ឱ្យ​ចូលមក​បណ្តាក់ទុន​លើ​ការកែច្នៃ​វត្ថុធាតុដើម​សំខាន់ៗ ដើម្បី​បម្រើ​ការអភិវឌ្ឍ​ឧស្សាហកម្ម​វាយនភ័ណ្ឌ និង​ការធ្វើ​ទំនើបកម្ម​វិស័យ​កសិកម្ម នៅ​កម្ពុជា​។​

​សូមជម្រាបថា កាលពី​ឆ្នាំ ២០១៧ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​កាណាដា សម្រេច​បាន​ទឹកប្រាក់​សរុប ១,០៤​ប៊ី​លាន​ដុល្លារ​អាមេរិក ជាមួយ​អត្រាកំណើន​ប្រចាំឆ្នាំ គិត​ជា​មធ្យម ១១%​។ ក្នុងនោះ ទឹកប្រាក់​នាំ​ចេញ​ពី​កម្ពុជា ទៅ​កាណាដា មាន​ចំនួន ១​ប៊ី​លាន​ដុល្លារ​អាមេរិក និង​នាំចូល​មាន​ចំនួន ៤០​លាន​ដុល្លារ​អាមេរិក​។ ចំពោះ​ផលិតផល​សក្តានុពល​នាំ​ចេញ​របស់​កម្ពុជា រួមមាន​៖ សម្លៀក​បំពាក់ ស្បែកជើង គ្រឿង​បង្គុំ​យានយន្ត គ្រឿង​សង្ហារឹម ផ្លា​ស្ទីក ផលិតផល​ក្មេង​លេង និង​ទំនិញ​កសិកម្ម​៕ ​ដោយ​៖​កូឡាប​

spot_img
×