Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៣៩​ឆ្នាំ​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ រាជរដ្ឋាភិបាល​សម្រេច​បាន​សមិទ្ធផល​ធំៗ និង​សំខាន់ៗ ជា​ប្រវត្តិសាស្ត្រ​

​ភ្នំពេញ​៖​សម្តេច​ពញា​ចក្រី​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បាន​លើកឡើង​ថា រយៈពេល​៣៩​ឆ្នាំ​កន្លងមកនេះ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ របស់​រាជរដ្ឋាភិបាល តាមរយៈ​ការ​ជម្នះ​រាល់​ឧបសគ្គ និង​ការលំបាក​យ៉ាងច្រើន​ឥត​គណនា ធ្វើឲ្យ​ប្រទេស​ជាតិ​សម្រេច​បាន​សមិទ្ធផល​ធំៗ និង​សំខាន់ៗ ជា​ប្រវត្តិសាស្ត្រ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ជា​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៩ ទិវា​កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា នៅ​សាលសន្និសីទ​ចតុមុខ បាន​បញ្ជាក់​ប្រាប់​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ថា កម្ពុជា ក្រោយ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន បាន​និង​កំពុង​បោះជំហាន​ទៅ​មុខ​យ៉ាង​ស្វាហាប់ លើ​មាគ៌ា​សុខ​សន្តិភាព​ពេញលេញ ស្ថិរភាព​នយោបាយ សណ្តាប់ធ្នាប់​សង្គម និង​មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ សេដ្ឋកិច្ចសង្គម មានការ​ងើបឡើង​យ៉ាង​ឆាប់រហ័ស ដោយ​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ កម្ពុជា​សម្រេចបាន​កំណើន​សេដ្ឋកិច្ច​ថេរ​ជា​មធ្យម ក្នុង​រង្វង់ ៧​ភាគរយ ក្នុង​១​ឆ្នាំ​។ ដោយឡែក ឆ្នាំ​២០១៧​នេះ សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន​កំណើន​ក្នុង​រង្វង់ ៧% អត្រា នៃ​ភាពក្រីក្រ​ត្រូវបាន​កាត់​បន្ថយ​មក​ត្រឹម​១៣,៥% និង​អត្រា​នៃ​ការ​អត់​ការងារ​ធ្វើ មាន​ចំនួន​០,៧%​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន បាន​មានប្រសាសន៍ថា ស្មារតី​២​ធ្នូ និង​ស្មារតី​៧​មករា នៅតែ​បាន​ចា​រិត​ជាប់​ក្នុង​ក្រអៅ​បេះដូង របស់​ប្រជាជន​កម្ពុជា​គ្រប់រូប និង​បាន​ប្រែ​ក្លាយទៅជា​កម្លាំង​សាមគ្គី​ដ៏​ធំ ក្នុង​ការបង្កើតឡើង​នូវ​សមិទ្ធផល​នានា លើ​គ្រប់​វិស័យ​សម្រាប់​សង្គមជាតិ​ទាំងមូល​។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ក្រោម​ពន្លឺ​នៃ​សន្តិភាព​និង​សេរីភាព​ព្រះរាជាណាចក្រ​កម្ពុជា​យើង​មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ សមិទ្ធផល​ធំៗ​ជាច្រើន​បាន​រីក​ស្គុះស្គាយ​ពេញ​ផ្ទៃ​ប្រទេស​ទាំងនេះ​គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​អោយឃើញ​ពី​សមិទ្ធផល​និង​ជោគជ័យ​ថ្មីៗ​បន្ថែម​ទៀត​ដែល​នឹង​កើតឡើង​នៅក្នុង​ឆ្នាំ​២០១៨​និង​ឆ្នាំ​ខាង​មុខ​បន្តបន្ទាប់​ទៀត​។​

​សម្តេច​ពញា​ចក្រី បាន​លើកឡើង​ថា នៅក្នុង​អាណត្តិ​ទី​៥ របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​និង​កំពុង​បន្ត​អនុវត្ត​យ៉ាង​សកម្ម នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ដែល​ជា​របៀបវារៈ​នៃ​គោលនយោបាយ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​ខ្លួន​។ រាជរដ្ឋាភិបាល​បាន​បង្ហាញ​ឆន្ទៈ​ដ៏​ប្តូរផ្តាច់ និង​សកម្មភាព​ប្រកបដោយ​ផ្លែផ្កា ក្នុង​ការអនុវត្ត​រាល់​កំណែទម្រង់​ដ៏​ទូលំទូលាយ និង​ស៊ីជម្រៅ​ទាំងឡាយ ដែល​កាន់តែ​ពង្រីក​បាន​នូវ​លក្ខណៈសម្បត្តិ​អនុគ្រោះ​ថែម​ទៀត ដល់​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។​

​បច្ចុប្បន្ននេះ សង្គម​ជាតិ​កម្ពុជា​កាន់​តែ​រឹងមាំ​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដែល​ទាំងនេះ​ជា​ឧត្តមភាព និង​ជា​មូលដ្ឋានគ្រឹះ​ធ្វើឲ្យ​យើង​មាន​លក្ខណៈ​សម្បត្តិគ្រប់​គ្រាន់ ដើម្បី​ឈាន​ទៅ​សម្រេច​នូវ​គោលដៅ​ចុង​ក្រោយ គឺ​ការស្ថាបនា​ប្រទេស​កម្ពុជា​មួយ​ប្រកប​វឌ្ឍនភាព និង​វិបុលភាព ដែល​ប្រជាជន​រស់នៅ​យ៉ាង​សម្បូរ​សប្បាយ ក្នុង​សុខសន្តិភាព សេរីភាព យុត្តិធម៌ និង​ភាពថ្លៃថ្នូរ​តរៀង​ទៅ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

×