ខេត្តកណ្ដាល ៖ បង្គោលព្រំដែន សាលាឃុំ មណ្ឌលសុភាព ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងទៀត រៀបនឹងបាក់ចូលទន្លេក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ។ ប្រជាពលរដ្ឋមានដីចម្ការនៅជាប់ព្រែកប៊ិនយី ឬព្រែកជ្រៃធំ តំបន់ជ្រៃធំ ស្ថិតនៅភូមិលេខ៩ ឬភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ បានឲ្យដឹងថា នៅម្ខាងព្រែកជាទឹកដីវៀតណាម ជនជាតិវៀតណាម បានសង់ផ្ទះ និងផែបណ្ដែតទឹកជាច្រើនតាមបណ្ដាយព្រែក ជាបន្តបន្ទាប់ តាំងពីយូរឆ្នាំមកហើយមកដល់បច្ចុប្បន្ននេះ ។ ចំណែកឯនៅខាងទឹកដីកម្ពុជាវិញ បើសាងសង់តាមខ្សែបន្ទាត់ព្រំដែនឈមជាមួយវៀតណាម ត្រូវបានវៀតណាមហាមឃាត់ទោះបីមានការសម្របសម្រួលពីអាជ្ញាធរកម្ពុជា។
ប្រជាពលរដ្ឋនៅតំបន់ជ្រៃធំ បានចោទថា ការសាងសង់ផ្ទះទឹករបស់វៀតណាម បណ្ដាលឲ្យចរន្តទឹកហូរមកបុកខាងដីខ្មែរ បណ្ដាលឲ្យបាក់ច្រាំង បាក់ផ្លូវលំ និងដីចម្ការនៅជាប់ព្រែកនោះបន្តបន្ទាប់ ។
ការសង់ផ្ទះបណ្ដែតទឹកវៀតណាមនេះ វាបានធ្វើឲ្យមានផលប៉ះពាល់ចរន្តទឹកហូរបុកខ្លាំងមកខាងដីខ្មែរ បណ្ដាលឲ្យបាក់ច្រាំង បាក់មកដល់ផ្លូវលំ និងដីចម្ការនៅជាប់មាត់ព្រែកខាងដីខ្មែរ ។ ពេលនេះផ្លូវលំនៅតាមមាត់ព្រែកបានបាក់អស់ដោយកន្លែងមិនអាចធ្វើដំណើរបាន គឺត្រូវធ្វើដំណើរវាងតាមដីចម្ការ ឬវាងតាមផ្លូវធ្វើថ្មីទៅស្ពានជ្រៃធំ ។ ប្រជាពលរដ្ឋលើកឡើងថា ខាងវៀតណាមហាក់ដូចជាដើរខ្សែលើមកលើខ្មែរពេកហើយ មកសង់ផ្ទះបណ្ដែតទឹកនៅតំបន់ជាប់ព្រំដែន ចំណែកខាងដីខ្មែរអត់មានផ្ទះបណ្ដែតទឹកទេ ។
ផ្លូវ ផ្ទះប្រជាពលរដ្ឋខ្មែរ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំទៀត ស្ថិតត្រង់ចំណុចភូមិខ្នាតាំងយូរ ក្នុងឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល បានបាក់ស្រុតធ្លាក់ចូលទៅក្នុងទន្លេ តាមចរន្តខ្សែទឹកបុកខ្លាំង ដែលប្រជាពលរដ្ឋកម្ពុជា ចោទប្រកាន់ថា គឺបណ្តាលមកពីផ្ទះបណ្តែតទឹករបស់ប្រជាជនវៀតណាមសង់ច្រើនឡើងៗ និងបិតផ្លូវទឹកស្ទើរពេញផ្ទៃទន្លេបាសាក់ ត្រង់ចំណុចផ្សារខាន់អាង (ឈ្មោះផ្សារវៀតណាម) ដោយគ្មានដំណោះស្រាយណាមួយឡើយ ។ បើទោះបីមានការតវ៉ាពីភាគីកម្ពុជាច្រើនលើកយ៉ាងណាក៏ដោយ ក៏ភាគីខាងវៀតណាមនៅតែធ្វើព្រងើយបណ្តែតបណ្តោយឲ្យប្រជាជនរបស់ខ្លួនបន្តសង់ផ្ទះទឹកយ៉ាងអនាធិបតេយ្យដដែល ។
កន្លងមកគេសង្គេតឃើញថា ថ្នាក់ខេត្តខាងភាគីកម្ពុជា បានជំទាស់តវ៉ាច្រើនលើកច្រើនសារហើយផងដែរ អំពីការបន្តសាងសង់ផ្ទះបណ្តែតទឹករបស់ប្រជាជនវៀតណាម ប៉ុន្តែការតវ៉ាគ្មានប្រសិទ្ធភាព ពីព្រោះអ្នកធ្វើនៅតែបន្តធ្វើ អ្នកពង្រីកនៅបន្តពង្រីកគ្មានអាជ្ញាធរ ឬសមត្ថកិច្ចវៀតណាម ណាម្នាក់មកឃាត់ ឬមានវិធានការណ៍ទប់ស្កាត់ឡើយ ។
នៅចំណុចនោះ វៀតណាមធ្វើអ្វីក៏បាន នៅតាមខ្សែបន្ទាត់ព្រំដែន ប៉ុន្តែពេលប្រជាជនកម្ពុជា ធ្វើវិញតែងតែមាន ការហាមឃាត់ និងជំទាស់ ទាំងអាជ្ញាធរកម្ពុជាក៏មកឃាត់ អាជ្ញាធរវៀតណាមក៏មកឃាត់ ដែលដីនោះ ជាដីកម្ពុជា ។
នាពេលកន្លងមក កម្ពស់ទឹកកំពុងឡើងខ្លាំង និងចរន្តទឹកហូរបុកបាក់ច្រាំងត្រង់ចំណុចព្រែកជ្រៃធំ ហៅ ទន្លេប៊ិនយី ស្ថិតនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ត្រូវបានបាក់ធ្លាក់ចូលទៅក្នុងទន្លេ ជាពិសេសបង្គោលព្រំដែនមួយ ក៏ប្រឈមបាក់ចូលទៅក្នុងទន្លេ។ ដោយឃើញសភាពមានគ្រោះបាក់ច្រាំងដូច្នេះ ប្រជាពលរដ្ឋរួមជាមួយសមត្ថកិច្ចខាងភាគីកម្ពុជា បានទិញដើមស្មាច់ និងសំណាញ់ដែក ទៅដោតដាក់បាំងការពារបង្គោលព្រំដែននោះ ស្រាប់តែភ្លាមៗ មិនដល់កន្លះម៉ោងផង ឃើញមានទាហានព្រំដែនភាគីវៀតណាម ជិះកាណូតយ៉ាងលឿន ឡើងមកឃាត់សមត្ថកិច្ច និងប្រជាពលរដ្ឋកម្ពុជា មិនឲ្យធ្វើ ទាំងពួកគេដឹងថា ដីដែលពួកគេឡើងមកឃាត់នេះ ជាដីកម្ពុជា។
មួយវិញទៀត បើក្រឡេកមើលចំណុចមុខផ្សារ ឡុងប៊ិន ដីវៀតណាមឯណោះវិញ យើងឃើញមានជញ្ជាំងការពារច្រាំងបេតុងកសាងឡើងយ៉ាងរឹងមុំាបំផុត ហើយការកសាងនេះ គឺដំណើរការទៅយ៉ាងរលូនឥតមានភាគីណាមួយហាមឃាត់ ឬតវ៉ាអ្វីឡើយ ពិសេសគឺភាគីកម្ពុជា។ ទាំងអស់នេះបានបង្កើតជាចម្ងល់ថា តើសមត្ថកិច្ចព្រំដែនកម្ពុជាមានសមត្ថភាពត្រឹមកំរិតណា? ឯភាគីវៀតណាមមានឥទ្ធិពលលើសលប់យ៉ាងណាលើអធិបតេយ្យប្រទសកម្ពុជា?
អាជ្ញាធរ ស្រុកកោះធំ បានប្រាប់ឲ្យដឹងថា បញ្ហាបាក់ច្រាំងនៅតាមបណ្ដោយព្រែកតំបន់ជ្រៃធំកន្លងទៅនេះ អាជ្ញាធរទប់ស្កាត់ដោយបោះបង្គោលក្នុងទឹកបាំងរលក និងចរន្តទឹក ហើយកំពុងសិក្សាថា តើការបាក់ច្រាំងនេះវាបណ្ដាលមកពីការសង់ផ្ទះបណ្ដែតទឹករបស់វៀតណាមឬយ៉ាងណាទេ ។ ការបាក់ដីច្រាំងនៅតំបន់នេះ កើតមានជាបន្តបន្ទាប់កន្លងមក តែពេលនេះមានបាក់តិចតួច ។ ចំពោះខាងភាគីខ្មែរ មិនមានប្រជាពលរដ្ឋទៅសង់ផ្ទះបណ្ដែតទឹក នៅតំបន់ប្រឈមតាមព្រែក ដែលមានបាក់ច្រាំងនោះទេ ។ ការដោះស្រាយនៅតំបន់ប្រឈមនេះ អភិបាលខេត្តកណ្តាល ក៏មានកិច្ចសហប្រតិបត្តិការណ៍ទ្វេភាគគី ជាមួយអាជ្ញាធរវៀតណាម ដើម្បីដោះស្រាយដែរ ហើយកិច្ចការនេះ អាជ្ញាធរក៏បានរាយការណ៍ទៅថ្នាក់ជាតិ ដើម្បីដោះស្រាយ៕ ដោយ៖រចនា