កំពង់ចាម៖ ស្ពានកោះប៉ែន ជាស្ពានប្រវត្តិសាស្ត្រថ្មីមួយទៀតដែលជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ហើយមកដល់ពេលនេះ ការស្ថាបនាសម្តេចបាន៩១%ហើយ ហើយស្ពាននេះ គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ នៅមុនចូលឆ្នាំថ្មីប្រពៃណីជាតិ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។
ដើម្បីជំរុញការងារនេះអោយបានលឿនទៅតាមអ្វីដែលបានគ្រោងទុក កាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧នេះ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឧត្តមសេនីយ៍ទោ គង់ អៀង នាយករងនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ រួមជាមួយមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យការងារសាងសង់ ខណះដែលតួស្ពាន កំពុងចាក់អ៊ុតកៅស៊ូ ហើយបើគិតមកដល់ល្ងាចថ្ងៃទី០៣ ធ្នូនេះការអ៊ុត កៅស៊ូAC លើស្ពានបានសម្រេចរួចរាល់ហើយ។
លោកឧត្តមសេនីយ៍ត្រី គឹង រ៉ុង មេបញ្ជាការកង១៨១ ដែលទទួលបន្ទុកការងារសាងសង់ បានឲ្យដឹងថា ស្ពានកោះប៉ែននេះមាន ប្រវែង៧៧៩ម៉ែត្រ ទទឹង៩,២ម៉ែត្រ ហើយមកដល់ពេលនេះ ការសាងសង់សម្រេចបាន៩១%ហើយ ដើម្បីត្រៀមសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅដើមឆ្នាំ២០១៨ ខាងមុខនេះ។
លោកឧត្តមសេនីយ៍ទោ គង់ អៀង បានមានប្រសាសន៍ដែរថា ស្ពានកោះបែននេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម តភ្ជាប់ទៅខាងកោះប៉ែន ដែលអាចបង្កការងាយស្រួលដល់ប្រជាពលរដ្ឋរស់នៅក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម និងមួយផ្នែកទៀតនៅឃុំកោះសូទិន ស្រុកកោះសូទិន ដោយមានពលរដ្ឋជិត១ម៉ឺនគ្រួសារ ធ្វើដំណើរបើកបរឆ្លងកាត់ទៅមកបានយ៉ាងឆាប់រហ័ស។
លោកបញ្ជាក់ថា ស្ពានបេតុងនេះបើកឲ្យដំណើរការជាបណ្ដោះអាសន្ន កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ បើគិតដល់ពេលនេះគឺមានរយៈពេល៦ខែមកហើយ និងបានធ្វើឲ្យប្រជាពលរដ្ឋនៅសល់ទឹកប្រាក់ ប្រមាណជា៥០០លានរៀលផងដែរ។
លោកឧត្តមសេនីយ៍បានបញ្ជាក់ទៀតថា បន្ទាប់ពីបានផ្តល់ស្ពានដ៏មានតម្លៃថ្លៃថ្លានេះរួចមក សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់នូវថវិកាជាង១០ម៉ឺនដុល្លារ ដើម្បីធ្វើការចាក់អ៊ុតកៅស៊ូACពីលើបន្ថែមទៀត ក្រោយពីដាក់បង្កាន់ដៃស្ពាន ហើយពង្រីកផ្លូវសង្ខាងក្បាលស្ពាន និងបំពាក់អំពូលភ្លើងបំភ្លឺផងដែរ ។ នៅពេលឆាប់ៗខាងមុខនេះ លោកនឹងស្នើសុំទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីធ្វើការបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅមុនពេលចូលឆ្នាំខ្មែរប្រពៃណីជាតិនាពេលឆាប់ៗខាងមុខនេះ។
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងកោតសរសើរចំពោះកម្លាំងកងវិស្វកម្មក្រសួងការពារជាតិ ដែលទទួលបន្ទុកការងារសាងសង់ស្ពានដ៏មានសារៈសំខាន់មួយនេះ បើទោះបីជាមានការយឺតយ៉ាវបន្តិចបន្តួចដោយសារការអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើរបើកបរឆ្លងកាត់នៅក្នុងពេលកំពុងសាងសង់ តែទោះជាយ៉ាងណាការងារសាងសង់នេះបានសម្រេចតាមផែនការ និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ គួរឲ្យកោតសរសើរ។
សូមបញ្ជាក់ផងដែរថា នេះជាលើកដំបូងហើយដែលកម្លាំងកងវិស្វកម្មក្រសួងការពារជាតិ ទទួលបន្ទុកការងារសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេមេគង្គ ដែលមានប្រវែងវែង មិនធ្លាប់មានកន្លងមក ទទួលបានជោគជ័យតាមផែនការកំណត់ របស់ប្រមុខថ្នាក់ដឹកនាំគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
នេះជាចំណងដៃដ៏ធំធេងបំផុតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋ រស់នៅក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម និងនៅឃុំកោះសូទិន ស្រុកកោះសូទិន ដោយមានពលរដ្ឋជិត១ម៉ឺនគ្រួសារ ត្រូវធ្វើដំណើរឆ្លងកាត់ជាប្រចាំ ។ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋ ស្នើសុំបន្ថែមទៀតនោះ គឺការសុំ ពង្រីកផ្លូវអោយបានធំ ទូលាយនៅត្រើយខាងកោះប៉ែនក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម ដោយហេតុថា ផ្លូវចេញទៅ តភ្ជាប់ផ្លូវបេតុង កោះប៉ែននោះមានលក្ខណៈតូចមែនទែន ពោលគឺអាចអោយរថយន្តតូចតែ១គ្រឿងប៉ុណ្ណោះធ្វើចរាចរណ៍បាន បើមានតថយន្តទៅមកជល់គ្នា មានតែមួយគ្រឿងទៀត ត្រូវបើកថយក្រោយសិនទើបអាចធ្វើចរាចរណ៍បាន។ ដូច្នេះទេ ប្រជាពលរដ្ឋ ស្នើសុំយ៉ាងទទួចទៅដល់អាជ្ញាធរ ខេត្តកំពង់ចាម ពិសេស លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម មេត្តាជួយដោះស្រាយផលប៉ះពាល់ជាមួយផ្ទះប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវនេះផង ដើម្បីអាចបើកផ្លូវនេះ អាចអោយរថយន្តធ្វើចរាចរណ៍ទៅមកបានស្រួល ៕ ដោយ៖កូឡាប