Friday, June 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក អ៊ិត សំហេង​៖ ឆ្នាំ​២០១៩ កម្ពុជា​នឹង​បញ្ជូន​ពលករ​៥​ពាន់​នាក់ ទៅ​បម្រើការ​នៅ​ប្រទេស​គុយ​វ៉ែត​

​ភ្នំពេញ ​៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា នៅ​ឆ្នាំ​២០១៩ កម្ពុជា​នឹង​បញ្ជូន​ពលករ​របស់ខ្លួន​ចំនួន ៥​ពាន់​នាក់ ទៅ​បម្រើ​ការងារ​លើកដំបូង​នៅ​ប្រទេស​គុយ​វ៉ែត​។ លោក​ថ្លែង​បែបនេះ ក្រោយ​បញ្ចប់​កិច្ចពិភាក្សា​ការងារ​ជាមួយ លោកស្រី Hend Subaih B ALSUBAIH រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច និង​ការងារ និង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​សេដ្ឋកិច្ច​នៃ​រដ្ឋ​គូ​វ៉ែត​។​

​ក្នុង​កិច្ចពិភាក្សា​ដែល​ធ្វើឡើង​នា​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីស្ដីការក្រសួង​ការងារ ប្រមុខ​ក្រសួង​ការងារ​របស់​កម្ពុជា និង​គុយ​វ៉ែត បាន​ព្រមព្រៀងគ្នា​ថា នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត លើ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ហើយ​វិនិយោគិន​គុយ​វ៉ែត ក៏មាន​បំណង​ចង់​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី​ថ្លែង​យ៉ាង​ដូច្នេះ​ថា កម្ពុជា​នឹង​រៀបចំ​កម្លាំង​ពលកម្ម​របស់ខ្លួន ដែល​បានជ្រើសរើស​គ្រប់​លក្ខខណ្ឌ​ចំនួន ៥​ពាន់​នាក់ ជា​លើកដំបូង ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​គុយ​វ៉ែត ហើយ​កម្លាំង​ពលកម្ម​នេះ ជា​កម្លាំង​ពលកម្ម​គ្រប់ផ្នែក ទាំង​ផ្នែក​សេវាកម្ម ឧស្សាហ​កម្ម និង​កសិកម្ម​។ ប្រសិនបើ​ស្ថានភាព​នៅ​ប្រទេស​គុយ​វ៉ែត​ល្អប្រសើរ ស្របទៅនឹង​អ្វីដែល​ពលករ​កម្ពុ​ជាទ​ទួល​យកបាន មាន​លក្ខខណ្ឌ​ការងារ​ល្អ ប្រាក់​ឈ្នួល​សមរម្យ​នោះ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ជំរុញឱ្យមាន​ការបញ្ជូន​នេះ​ឱ្យបាន​កាន់តែច្រើន​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់ដែរថា ត្រូវមាន​ការបណ្ដុះបណ្ដាល​ពលករ​កម្ពុជា​ជាមុនសិន ដើម្បីឱ្យ​ស្គា​ល់ពី​ស្ថានភាព​ប្រទេស​ទទួល ស្គាល់​ពី​វប្បធម៌ និង​ជំនាញ​ការងារ ពិសេស​លក្ខខណ្ឌ​ក្នុងការ​រស់នៅ នៅ​ទីនោះ​ផងដែរ​។ ទាំងនេះ​គឺ​ស្របទៅនឹង​គោលនយោបាយ បើកចំហ​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​៕ ​ដោយ​៖​ កូ​ឡាប​

 

×