តាកែវ៖ លោក ឌឹម គឹមស៊ាន អភិបាលស្រុកអង្គរបុរី និងលោក ធី ឆុន អធិការនគរបាលស្រុកអង្គរបុរី អាចនិងត្រូវដកតំណែងមកប្រឈរជើងចោល បើសិនជាមិនមានវិធានការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋានបាននោះទេ ។ នេះជាការប្រមានរបស់ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ដែលបានលើកឡើងនៅក្នុងពេលដែលឯកឧត្តម បានដឹកនាំកំលាំងគណបញ្ជាការឯកភាពខេត្តចុះបង្ក្រាប និងរុះរើបិទទីតាំងជល់មាន់នៅស្រុកបាទី កាលពីថ្ងៃទី ៣ ខែធ្នូ ២០១៧ នេះ។

សូមបញ្ជាក់ផងដែរថា ឯកឧត្តម ឡាយ វណ្ណៈ បានទទួលដំណឹងនេះមកពីបងប្អូនប្រជាពលរដ្ឋម្នាក់ដែលជាស្ត្រីរស់នៅក្នុងស្រុកអង្គរបុរីតែម្តង ដែលបាននិយាយរៀបរាប់តាមទូរស័ព្ទថា រូបនាងជាមួយនិងប្តី មានការឈ្លោះប្រកែកគ្នាស្ទើគ្រប់ពេល ខណៈដែលប្តីរបស់ខ្លួនបានដឹកគោយកទៅលក់ ដើម្បីយកលុយមកផ្នាល់លេងល្បែងស៊ីសង ដែលបានបើកជាកន្លែងជល់មាន់ បៀរ អាប៉ោង នៅខាងក្រោយពេទ្យបង្អែកស្រុកអង្គរបុរី ។ ក្នុងនោះរូបនាងបានស្នើសុំអោយឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវមេត្តាចុះបង្ក្រាប និងបិទទីតាំងនេះអោយបាន កុំអោយមានល្បែងស៊ីសងអ្វីទៀត ដើម្បីជៀសវាង ការកើតមានអំពើហឹង្សាក្នុងគ្រួសារតទៅទៀត ។

គួរំលឹកផងដែរថា បន្ទាប់ពីលោក ធី ឆុន អធិការនគរបាលស្រុកអង្គរបុរី បានមកកាន់ដំណែងជាអធិការនគរបាល អស់រយៈពេលជាងពីរឆ្នាំមកនេះ យើងសង្កេតឃើញថា ពាក្យបណ្តឹងប្តឹងពីប្រជាពលរដ្ឋលើការបង្ក្រាបទីតាំងល្បែងស៊ីសង ជាច្រើនភេទ បានប្តឹងមកសមត្ថកិច្ច និងអាជ្ញាធរ តែមកដល់ពេលបច្ចុប្បន្ននេះល្បែងទាំងនោះនៅតែបន្តកើតមាននៅក្នុងមូលដ្ឋានស្រុកអង្គរបុរីដដែរ ។ ក្នុងនោះដែរប្រជាពលរដ្ឋទាំងនោះបានដាក់ការសង្ស័យថា ប្រហែលជាមានការត្រូវរូវគ្នាជាមួយនិងសមត្ថកិច្ចហើយ បានជា មិនមានការបង្ក្រាបពីសមត្ថកិច្ចជំនាញទាល់តែសោះ ទុកអោយល្បែងរីកដូចផ្សិត នៅក្បែរជើងរបងរបស់អធិការដ្ឋាននោះតែម្តង ។
ជុំវិញជាមួយនិងការព្រមានដកដំណែងលោក ធី ឆុន អធិការនគរបាលស្រុកអង្គរបូរីនេះដែរ ភ្នាក់ងារពត័មានយើងបានធ្វើការទំនាក់ទំនងសួរបញ្ជាក់តាមទូរស័ព្ទ នៅនៅរសៀលថ្ងៃទី ៣ ខែធ្នូ ២០១៧នេះ ដោយលោកអធិការបានឆ្លើយបដិសេធចោលទាំងស្រុង ថានៅក្នុងមូលដ្ឋានរបស់លោកមិនមានល្បែងស៊ីសងខុសច្បាប់នោះទេ បើទោះបីជាមានការអោយដឹងពីលោកអភិបាលខេត្តថា មានល្បែងស៊ីសងកើតមានក្នុងស្រុកអង្គរបុរីយ៉ាងណាកណ្តោយ ។
ចំណែកឯលោក ឌឹម គឹមស៊ាន អភិបាលស្រុកអង្គរបុរីវិញបាននិយាយថា ក្នុងការកើតមានល្បែងនៅក្នុងមូលដ្ឋាននេះដែរ លោកបានបង្កើតជាក្រុមគណៈបញ្ជាការឯកភាពស្រុកមួយក្រុមដែរ ដើម្បីធ្វើការតាមដានលើទីតាំងបង្កើតល្បែងស៊ីសងនេះ តែជាលទ្ធផល មិនមានទទួលបានដំណឹងអ្វីទាល់តែសោះ ៕ តាកែវ