ស្វាយរៀង៖ ក្រុមការងារនៃសាខាកាំកុងត្រូល ខេត្តស្វាយរៀង ដោយមានកិច្ចសហការពី អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងសាលា បានបន្តយុទ្ធនាការ ចុះអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពម្ហូបអាហារ ជូនសិស្សនៅវិទ្យាល័យ ហ៊ុនសែន ស្វាយ រំពារ ស្ថិតក្នុងស្រុកស្វាយទាបខេត្តស្វាយរៀង ដោយមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រមទាំងគណៈគ្រប់គ្រងសាលា សរុបជិត ៥០០នាក់ នៅព្រឹកថ្ងៃទី៤ខែធ្នូឆ្នាំ២០១៧ ។
បើតាមប្រសាសន៍របស់មន្ត្រីសាខាកាំកុងត្រូល ដែលចុះទៅផ្សព្វផ្សាយ ដល់សិស្សានុសិស្ស ក្នុងឱកាសនោះបានប្រាប់អោយដឹងថា ការផ្សព្វផ្សាយនូវចំណេះដឹងជាមូលដ្ឋានអំពី “សុវត្ថិភាពម្ហូបអាហារ” នៅពេលនេះមានសារៈសំខាន់ ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ ព្រោះការទទួលខុសត្រូវលើ “សុវត្ថិភាពម្ហូបអាហារ” គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងយើងទាំងអស់គ្នា ជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាពគឺជាកត្តាចំបងនៃភាពរស់រាននៃជីវិត ។ ចុងបញ្ចប់នៃកម្មវិធីក៏មានការឆ្លើយនូវសំណួរពាក់ព័ន្ធទៅនឹងម្ហូបអាហារ រួមទាំងការចែកជូននូវផ្ទាំងរូបភាពអប់រំផ្សព្វផ្សាយ ចំនួន ៥០០ ផ្ទាំងផងដែរ ។
មន្ត្រីដដែលបានបន្តទៀតថា ទន្ទឹមនឹងនេះ ដោយមានកិច្ចសហការ ជាមួយមន្ទីរឧស្សាហកម្ម និងសិប្បកម្ម បានបន្តតាមដានលើសិប្បកម្ម ដែលផលិតសរសៃរគុយទាវ ចំនួន៣ ទីតាំង ដែលកន្លងមកគាត់បានប្រើប្រាស់ ដោយលាយបន្ថែមនូវ សារធាតុគីមីហាមឃាត់ ” បូរ៉ាក់ ” ។
ជាលទ្ធផលបង្ហាញថា ក្រោយពីមន្ទីរជំនាញបានធ្វើ កិច្ចការងារលើរឿងនេះ គាត់ទាំងអស់គ្នាបានយល់ព្រម ធ្វើការកែប្រែ ដោយការផលិតឈប់ប្រើប្រាស់ សារធាតុគីមីហាមឃាត់ ” បូរ៉ាក់ ” លាយបន្ថែមលើសរសៃរគុយទាវបន្តទៀត ដោយប្រើជំនួសវិញនូវម្សៅ បន្ថែមដែលមានការអនុញ្ញាត និងការណែនាំពីជំនាញ ទោះបីម្សៅលាយបន្ថែម ក្រោយនេះមានតម្លៃថ្លៃ ក៏ដោយ ។
តែទោះជាយ៉ាងនេះក្តី ក៏ក្រុមការងារនៅ តែតាមដានអំពីដំណើរការវិវត្ត លើបញ្ហានេះជាបន្តបន្ទាប់ទៀត ដើម្បីធ្វើការទប់ស្កាត់ អោយបានទាន់ពេលវេលា ក្នុងការលើកកម្ពស់ សុខភាពរបស់ពលរដ្ឋ៕ វ៉ៃកូ