អ្នកទេសចរអាមេរិចចំនួន ២នាក់ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន និងផាកពិន័យ ដោយសារតែបានថតរូបភាពបង្ហាញកំប៉េះគូថ នៅប្រាសាទដ៏ល្បីមួយរបស់ថៃ និងបានបង្ហោះវាអនឡាយ។ អ្នកទាំងពីរក៏អាចរងការចោទពីបទបង្ហាញអាកប្បកិរិយាព្រហើន ផងដែរ។
អ្នកទេសចរឈ្មោះ Joseph Dasilva អាយុ ៣៨ឆ្នាំ និង Travis Dasilva អាយុ ៣៦ឆ្នាំ។ ពួកគេត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារសប្ហា៏មុននាពេលយប់ នៅព្រលានយន្តហោះ Don Mueang ស្ថិតក្នុងទីក្រុងបាងកក ខណៈពេលដែលពួកគេកំពុងរៀបចំចាកចេញពីប្រទេសថៃ ដើម្បីធ្វើដំណើរមកកម្ពុជា។
បើតាមរូបភាព ដែលបានថតនៅប្រាសាទអរុណ បានបង្ហាញថា អ្នកទាំងពីរបានស្រាតខោចុះបន្តិច បង្ហាញគូថដាក់ម៉ាស៊ីនថត និងបានបែរមុខ និងធ្វើកាយវិការទៅកាន់ប្រាសាទអរុណ ដែលជាប្រាសាទដ៏ល្បីមួយរបស់ប្រទេសនេះ។
ជនទាំងពីរ បានទទួលស្គាល់ថា ពួកគេបានបង្ហោះរូបនោះលើបណ្តាញទំនាក់ទំនងសង្គម Twitter និង Instagram។ នេះបើតាមការបញ្ជាក់របស់ប៉ូលីសថៃ។
អ្នកទេសចរទាំងពីរ ត្រូវបានចោទប្រកាន់ពីបទបង្ហោះរូបភាពស្រាតជាសាធារណៈ ដែលហេតុនេះពួកគេត្រូវបានផាកពិន័យជាទឹកប្រាក់ចំនួន ១៥៣ដុល្លា ហើយក៍កំពុងប្រឈមនឹងការចោទប្រកាន់ពីបទការសំដែងកាយវិការព្រហើននៅកន្លែងទីសក្ការៈបូជា និងការចែកចាយរួបភាពអាសអាភាសតាមអ៊ឺនធឺណេត។
បើតាមប៉ូលីសនិយាយនៅក្នុងសេចក្តីប្រកាសបានឲ្យដឹងថា “ពួកគេអាចនឹងត្រូវចោទប្រកាន់ពីបទអាសអាភាសនៅទីកន្លែងសក្ការៈ។ អ្នកដែលទទួលរងការចោទប្រកាន់នឹងទទួលទោសក្នុងពន្ធធនាគារ។ វាជាការក្រើនរំលឹកឲ្យមនុស្សទាំងអស់គោរពវប្បធ៌ម និងសាសនារបស់ថៃ”។
បើតាមច្បាប់របស់ប្រទេសនេះ បទប្រមាថសាសនាអាចនឹងត្រូវផ្តន្ទាទោសឲ្យជាប់គុករយៈពេលរហូតដល់ ៧ឆ្នាំ៕ សុភ័ក្ត្រ