ភ្នំពេញ ៖ វេជ្ជបណ្ឌិតជំនាញផ្នែកសុខាភិបាល បានបញ្ជាក់ថា ឱសថជាអាវុធមុខពីរ យើងប្រើត្រូវ ឆាប់ជាសះស្បើយ និងចំណេញថវិកា ប៉ុន្តែបើប្រើខុស ធ្វើឲ្យខាតពេលវេលាមុខរបររកស៊ី ថែមទាំងវិនាសដល់ជីវិតថែមទៀត ដូច្នេះអ្នកលក់ឱសថត្រូវតែមានជំនាញច្បាស់លាស់ ទុកដាក់ឱសថឲ្យបានត្រឹមត្រូវ មានគុណភាព ជាពិសេសត្រូវធ្វើតាមវេជ្ជបញ្ជា ទើបមិនបង្កឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ថ្នាំ។
ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអ្នកលក់ឱសថ តាមឱសថស្ថាន កាលពីថ្ងៃទី២៧ខែតុលាឆ្នាំ២០១៨ នៅសណ្ឋាគារហាយស្កាយ លោកបណ្ឌិត ឡី សុភាព ប្រធានសហព័ន្ធវិនិយោគិន និងជាប្រធានសមាគមអ្នកលក់ឱសថកម្ពុជា បានថ្លែងថា នេះគឺជាវគ្គទី៥ ដែលមានវគ្គបណ្តុះបណ្តាលអ្នកលក់នៅតាមឱសថស្ថាន ឬបើកវគ្គផ្សព្វផ្សាយទាក់ទង ទៅនឹងការទុកដាក់ឱសថនិងការប្រើប្រាស់ឱសថ។ យោងទៅតាមការណែនាំនិងសារាចររបស់ក្រសួងសុខាភិបាល ចុះលេខ០៣៧ ៩ អបសឧអបស បានណែនាំយ៉ាងច្បាស់ ទៅដល់អាជីវករលក់ឱសថ នៅតាមឱសថស្ថាន គ្រឿងសំអាង អាហារបំប៉ន ចំណីអាហារ និងអ្នកលក់សម្ភារពេទ្យទាំងអស់ ដើម្បីធ្វើការបណ្តុះបណ្តាលឲ្យបានល្អប្រសើរ ហើយជាក់ស្តែងថ្ងៃនេះក្រោយពីការណែនាំរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងសុខាភិបាលជាសាមី សម្រាប់ការទទួលបន្ទុកនោះ ហើយសម្រាប់ការងារថ្នាក់ក្រោមជាតិ ក៏មានការចង្អុលបង្ហាញ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលអ្នកទទួលផលផ្ទាល់ ហើយនឹងអ្នកដែលប្រើប្រាស់ឱសថផ្ទាល់ ហើយជាពិសេសអ្នកលក់ឱសថតែម្តង។ លោកបន្តថា ក្រោយពីមានការប្រជុំច្រកចេញចូលជាមួយអាជ្ញាធររាជធានីភ្នំពេញ និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដែលនឹងគ្រោងផ្សព្វផ្សាយទៅនឹងការទុកដាក់ឱសថ និងប្រើប្រាស់ឱសថយ៉ាងទូលំទូលាយហើយក្នុងរយៈពេលថ្មីៗ ក៏មានបាតុភាពមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ទៅដល់អ្នកលក់ឱសថមួយចំនួន ទាក់ ទងទៅនឹងការទុកដាក់ឱសថ ហើយលោកឡី សុភាព ក៏បានស្នើដល់អ្នកលក់ឱសថទាំងអស់ ត្រូវតែមានការយកចិត្តទុកដាក់ខ្ពស់លើកការទុកដាក់ឱសថឲ្យមានត្រឹមត្រូវតាមស្តងដារ និងបទដ្ឋាន ដើម្បីធានាគុណភាពបានយូរ និងមានប្រសិទ្ធភាព។
លោកបានបន្ថែមថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនិងផ្សព្វផ្សាយពីការលក់ឱសថរួចហើយ អន្តរក្រសួងនឹងធ្វើការចុះត្រួតពិនិត្យ យោងទៅតាមសារាចរណែនាំរបស់ក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល ស្តីពីការគ្រប់គ្រងគុណភាព សេវាកម្ម និងវិធានការទប់ស្កាត់ការធ្វើចរាចរផលិតផលសុខាភិបាលខុសច្បាប់ និងសេវាឯកជនខុសច្បាប់ ដើម្បីសុខភាព និងសុវត្ថិភាពសង្គម និងលើកកម្ពស់សុខភាពសាធារណៈ សុវត្ថិភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត ង៉ែត វណ្ណធូក ប្រធានសេវាឯកជននៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានថ្លែងថា បញ្ហាដែលពាក់ព័ន្ធឱសថក្លែងក្លាយ ខូចគុណភាព និងបញ្ហាដែលមានគ្រោះថ្នាក់នាពេលកន្លងមក ផ្សព្វផ្សាយលើបណ្តាញសារព័ត៌មាន ហ្វេសប៊ុក ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ជារឿងមួយធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពរបស់ប្រទេសកម្ពុជា និងក្រសួងសុខាភិបាល ជាពិសេសប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋតែម្តង ។ និយាយជារួម ប៉ះពាល់ដល់អាជីវករអ្នកឱសថ គ្លីនិច បន្ទប់ព្យាបាលវះកាត់ ។
លោកបានបន្ថែមថា ឱសថជាអាវុធមុខពីរ បើយើងប្រើត្រូវ ឆាប់ជាសះស្បើយ និងចំណេញថវិកា ប៉ុន្តែបើយើងប្រើខុសមិនត្រឹមតែខាតថវិកាតែប៉ុណ្ណោះទេ ធ្វើឲ្យខាតពេលវេលាមុខរបររកស៊ី ថែមទាំងវិនាសដល់ជីវិតថែមទៀត។
ឱសថជារឿងដ៏គ្រោះថ្នាក់ធំបំផុត នៅពេលដែលយើងទទួលបានវេជ្ជបញ្ជាហើយ ហើយយកឱសថទៅទុកដាក់មិនបានត្រឹមត្រូវ ដូច្នេះយើងជាអ្នកលក់ឱសថ ត្រូវទុកដាក់ឲ្យបានត្រឹមត្រូវ និងកន្លែងត្រជាក់តាមកម្រិតអង្សាគ្រប់គ្រាន់។ លោកវេជ្ជបណ្ឌិត បានស្នើដល់ប្រជាពលរដ្ឋទូទៅថា នៅពេលដែលមានជំងឺសូមទៅជួបគ្រូពេទ្យដើម្បីវិភាគជំងឺឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងប៉ះពាល់ដល់សុខភាពទៅថ្ងៃខាងមុខ មិនមែនចេះតែទៅទិញថ្នាំលេបដោយចិត្តឯងនោះទេ ឬក៏ចេះតែឮពីមិត្តភក្តិសាច់ញាតិនិយាយប្រាប់ ហើយទៅទិញថ្នាំដោយខ្លួនឯងនោះទេ។ លោកបានលើកឡើងថា បញ្ហាបណ្តាញសង្គមហ្វេសប៊ុកសព្វថ្ងៃនេះ តែៗស្ករៗនោះទេ អត់ដឹងថាមូលហេតុមកពីអ្វី ឮគេថាឱសថក្លែងក្លាយ ថាតាមគេដែរ ឮគេថាញ៉ាំថ្នាំស្លាប់ ស្លាប់នឹងគេដែរ ចេះតែផ្អើលតាមគេ ដោយមិនបានគិតពិចារណា។ ជាពិសេសថ្នាំមួយចំនួន ដឹងហើយថា ការប្រើប្រាស់ថ្នាំដោយអត់មានវេជ្ជបញ្ជា ដោយគិតតាមតែចិត្តនឹកឃើញផ្សំថ្នាំ ១លេប ២លេប ឬ៣លេបជាដើម វាជារឿងមួយដែលគួរឲ្យគត់សម្គាល់ និងបង្កជាបញ្ហាច្រើនណាស់ ហើយឥឡូវនេះវាមិនអីទេ ប៉ុន្តែ២ឬ៣ឆ្នាំក្រោយមក
តើវាកើតជាហានិភ័យកើតឡើងអ្វីខ្លះ ក្លាយជារឿងមួយដែលយើងគិតស្មានមិនដល់ ដូច្នេះអ្នកលក់ឱសថគួរតែមករៀនវគ្គបណ្តុះបណ្តាលឱសថឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនចំណេះដឹងក្នុងការទុកដាក់ឱសថប្រើប្រាស់ឱសថ ឲ្យបានត្រឹមត្រូវ។
លោកឧត្តមសេនីយ៍ឯក ជា ម៉ុនថុល អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ បានលើកឡើងថាក្នុងច្បាប់ចំនួននៃច្បាប់សុខភិបាល ពិសេសច្បាប់នៃការគ្រប់គ្រងឱសថ គឺជាច្បាប់ធំជាងគេ មានតែ១៥មាត្រាទេ តែមាត្រា១២ បានចែងថា” កាលណាលក់ឱសថក្លែងក្លាយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ១០ឆ្នាំ និងពិន័យជាប្រាក់ ពី១០លានរៀល ទៅ៥០លានរៀល ” ដូច្នេះឱសថស្ថាននីមួយៗត្រូវមានម្ចាស់ការៀងៗខ្លួន និងលក់ឱសថ ឲ្យបានត្រឹមត្រូវ ៕ ដោយ ៖ កូឡាប