សៀមរាប ៖ កិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ នៅខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមគណៈកម្មការ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាប្រធានអាជ្ញាធរជាតិអប្សរា និងជាអនុប្រធានគណៈកម្មការ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ជាអនុប្រធានគណៈកម្មកា នៅរដ្ឋបាលខេត្តសៀមរាប នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ ។
លោករដ្ឋមន្ត្រី បានអាននូវសេចក្ដីសម្រេច នៃការបង្កើតគណៈកម្មការនោះ ថា ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសម្រេចលេខ ៤៣សសរ ដើម្បីសិក្សារៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ នៅខេត្តសៀមរាប ។ ដែលមាន លោករដ្ឋមន្ត្រី ថោង ខុន ជាប្រធាន មានអនុប្រធាន ៤រូប និងសមាជិក ១១រូប ហើយគណៈកម្មការអន្តរក្រសួងនេះ គឺមានសមាសភាព មកពីក្រសួងទេសចរណ៍, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផ្ទៃ, អាជ្ញាធរជាតិអប្សរា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់, រដ្ឋបាលខេត្តសៀមរាប, ទីស្ដីការគណៈរដ្ឋមន្ត្រី, ក្រសួងបរិស្ថាន ។
លោកបានបន្ថែមថា គណៈកម្មការនេះ មានតួនាទី និងភារកិច្ចដូចតទៅ ៖ រៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ នៅក្នុងខេត្តសៀមរាប ដោយផ្អែកលើប្លង់មេ នៃការប្រើប្រាស់ដីធ្លីរបស់ខេត្តសៀមរាប ដើម្បីធានាបាននូវការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយចីរភាព មានរបៀបរៀបរយ មានសណ្ដាប់ធ្នាប់ល្អ ទាំងការអភិរក្ស និងការអភិវឌ្ឍន៍ទីក្រុងសៀមរាប។ គណៈកម្មការ ត្រូវសិក្សា រៀបចំបង្កើតផលិតផលទេសចរណ៍ថ្មីៗ នៅក្នុងខេត្តសៀមរាប សំដៅបង្កើតការទាក់ទាញភ្ញៀវទេសចរបន្ថែម និងពន្យាការស្នាក់នៅរបស់ភ្ញៀវ ។
ហើយគណៈកម្មការត្រូវពិនិត្យ សិក្សា រៀបចំ ឲ្យមានជាព្រឹត្តិការណ៍វប្បធម៌ សិល្បៈកំសាន្ដធំៗនាពេលយប់ ទាំងបុរាណ និងទំនើប ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ដែលអាចសហការរៀបចំជាមួយវិស័យឯកជន នៅតាមទីតាំងប្រាសាទមួយចំនួន ដោយយើងអាចគ្រប់គ្រងរក្សាការពារ អភិរក្សបាន និងមិនធ្វើឲ្យប៉ះពាល់ដល់ទីតាំងប្រាសាទ។ ក្នុងនោះនឹងមានការពិនិត្យ សិក្សា រៀបចំរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងរមណីយដ្ឋានប្រវត្តិសាស្ត្រ ដែលមានសក្តានុពលផ្សេងទៀត នៅក្នុងខេត្តសៀមរាប។ និងធ្វើរបាយការណ៍អំពីលទ្ធផល ឬ រាយការណ៍អំពីវឌ្ឍនភាពការងាររបស់ខ្លួន ជូនរដ្ឋាភិបាលជ្រាប និងសុំការណែនាំ យ៉ាងយូរបីខែម្ដង រួមនិងការបំពេញភារកិច្ចផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលប្រគល់ជូន ៕ ដោយ៖កូឡាប