ដោយសារតែមានរូបសម្រស់ដ៏ល្អឯកប្រៀបបានបវរកញ្ញា «បុប្ផាខ្មែរកម្ពុជាក្រោម» មួយដួងដែលក្លាយជាកូនក្រមុំនៅក្នុងថ្ងៃមង្គលការរបស់នាង កាលពីពេលថ្មីៗនេះ បានធ្វើឲ្យរញ្ជួយនៅលើបណ្តាញសង្គម និងទទួលការចាប់អារម្មណ៍ដល់សារព័ត៌មានវៀតណាម ចុះផ្សាយពីរូបនាងយ៉ាងព្រោងព្រាតតែម្តង ។
នេះចាត់ទុកថាជារឿងដ៏កម្រមួយ ដែលសារព័ត៌មានវៀតណាម បានចុះផ្សាយសរសើរពីឈុតប្រពៃណីខ្មែរ ជាពិសេសគឺសរសើរពីរូបសម្រស់របស់នារីខ្មែរម្នាក់នេះ ថាស្អាតប្រៀបដូចបវរកញ្ញាយ៉ាងដូច្នេះដែរ ។ យោងតាមសារព័ត៌មានវៀតណាម នារីមានរូបឆោមដ៏ស្រស់ស្អាតនេះមានឈ្មោះ មូលីកា ចរិយា បានរៀបមង្គលការជាមួយកូនកំលោះឈ្មោះ លីវ សាន់នី កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅលើទឹកដីកម្ពុជាក្រោម ។
ទន្ទឹមនេះផងដែរ អ្នកលេងបណ្តាញសង្កមជាច្រើន ក៏បាននាំគ្នាចូលខមិនសរសើរដល់រូបនាងពុំដាច់ពីមាត់នោះទេ ចំពោះរូបឆោមដ៏ស្រស់ស្អាតរបស់នាង ជាពិសេសនៅពេលគ្រងក្នុងឈុតអាពាហ៍ពិពាហ៍ប្រពៃណីខ្មែរ ។ រីឯអ្នកខ្លះទៀត ក៏បានជូនពរដល់គូស្វាមីភរិយាដ៏ស័ក្ខិសមគ្នា១គូនេះ ឲ្យជួបតែសភមង្គល និងចេះស្រលាញ់គ្នាអស់មួយជីវិត ៕ ដោយ៖ ចន្ទី