តាម Reuters ប្រមុខការទូតចិន វ៉ាងយី នៅថ្ងៃទី ៤/១២នេះ លើកឡើងថា ស្ថានការណ៍តានតឹងបន្តកើតមានក្រោយរយៈពេលស្ងប់ស្ងាត់២ខែ លើឧបទ្វីបនេះ ជាប្រការគួរឲ្យសោកស្តាយ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងអង្គប្រជុំរួមជាមួយសមភាគីម៉ុងហ្គោលី លោកវ៉ាង ក៏បានប្រាប់ថា ចិនមានអាកប្បកិរិយាបើកទូលាយជុំវិញដំណោះស្រាយ ក្នុងបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង ប៉ុន្តែគ្រប់ភាគីគួរគប្បីដំណើរការប្រឹក្សាយោបល់។
ថ្ងៃទី ២៩/១១ កូរ៉េខាងជើង បានសាកល្បងជោគជ័យកាំជ្រួចអន្តរទ្វីប (ICBM) Hwasong-15 “មានរយៈបាញ់គ្របដណ្តប់ដែនគោកអាមេរិក” ដែលជាកត្តាបង្កើនសម្ពាធចំពោះប្រធានាធិបតីអាមេរិក Donald Trump ក្នុងកិច្ចតតាំងជាមួយប្រទេសមានអាវុធនុយក្លេអ៊ែរនេះ។
គណៈកម្មាធិការឯកភាពឡើងវិញ និងសន្តិភាពកូរ៉េខាងជើង នាថ្ងៃទី ៣/១២ បានស្តីបន្ទោសបុគ្គលលោក Trump ហើយចាត់ទុកទង្វើសមយុទ្ធដែនអាកាសអាមេរិក-កូរ៉េខាងត្បូង ថា អាចជំរុញ “ស្ថានការណ៍ដែលកំពុងធ្ងន់ធ្ងរស្រាប់នៅឧបទ្វីបនេះធ្លាក់ក្នុងមាត់ជ្រោះនៃសង្គ្រាមនុយក្លេអ៊ែរ”៕ សូយន