Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ដាក់ឲ្យ​ប្រើប្រាស់​ប្រាក់​យ័ន ក្នុង​ប្រព័ន្ធ​ធនាគារ​កម្ពុជា ដើម្បី​សម្រាប់​ការទូទាត់​ពាណិជ្ជកម្ម រវាង​ចិន​និង​កម្ពុជា

​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន ជុំវិញ​ការ​ដាក់​ឲ្យមាន​ការទូ​ទាត់​ប្រាក់​យ័ន របស់​ប្រទេស​ចិន ក្នុង​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​កណ្ដាល ធនាគារជាតិ​នៃ​កម្ពុជា​។ សន្និសីទ​សារព័ត៌មាន​នេះ រៀបចំឡើង ដើម្បី​ពន្យល់​ពី​ដំណើការ នៃ​ការ​ចរាចណ៍​ប្រាក់​យ័ន ទៅ​លើ​ការ​បញ្ញើ កម្ចី និង​ទូទាត់ ក្នុង​ប្រព័ន្ធ​ធនាគារ​។ សន្និសីទ​សារព័ត៌មាន​នេះ រៀបចំឡើង បន្ទាប់​ពី​ការចាប់អារម្មណ៍​យ៉ាង​ច្រើន ពី​សំណាក់​សាធារណជន ចំពោះ​ការដាក់​ឲ្យ​ចរាចរណ៍ ប្រាក់​យ័ន​របស់​ចិន​នៅ​កម្ពុជា​។​

​លោកស្រី ជា សិរី ជា​អគ្គនាយក​បច្ចេកទេស នៃ​ធនាគារជាតិ​នៃ​កម្ពុជា បានបញ្ជាក់​ថា ការទូទាត់​ប្រាក់​យ័នរ​បស់​ប្រទេស​ចិន ក្នុង​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា គឺ​គ្រាន់តែ​ជា​ការជំរុញឲ្យ​ការទូទាត់​ទៅវិញទៅមក ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន​ប៉ុណ្ណោះ មិនមែន​ជា​ការជំរុញ​ឲ្យ​យក​លុយ​យ័ន​របស់​ចិន មក​ចរាចរ​ក្នុងប្រទេស​កម្ពុជា ដូច​ប្រាក់​ដុល្លារ​នោះ​ឡើយ​។​

​លោកស្រី​អគ្គនាយក​បច្ចេកទេស បានបញ្ជាក់​ថា ធនាគារ​ជាតិ​មិន​លើកទឹកចិត្ត ឲ្យមាន​ការប្រើប្រាស់​ប្រាក់របស់​ប្រទេស​ដទៃ សូម្បី​តែ​ប្រាក់​ដុល្លារ ក្នុងប្រទេស​កម្ពុជា​ឡើយ គឺ​ធនាគារ​ជាតិ បាន​និង​កំពុង​ប្រឹងប្រែង​យ៉ាងខ្លាំង ក្នុង​ការជំរុញ​ការប្រើប្រាស់​ប្រាក់រៀល ឲ្យ​កាន់តែ​មាន​សន្ទុះ​ខ្លាំងក្លា​ឡើង​។ ការ​ដាក់ឲ្យ​ប្រើប្រាស់​ប្រាក់​យ៉​ន់​របស់​ធនាគារជាតិ គឺជា​ការជំរុញ​សម្រាប់​ការទូទាត់​ពាណិជ្ជកម្ម​។

សូម​កុំ​យល់ច្រឡំ​ថា វា​ជា​ការដាក់​ចរាចរ​លុយ​យ័ន ចាយវាយ​នៅ​កម្ពុជា ដូច​ចរាចរ​លុយ​ដុល្លារ នេះ​មិនមែន ជា​ទិសដៅ​របស់ធនាគារជាតិ​ឡើយ​។ ទិសដៅ​របស់​ធនាគារ​ជាតិ គឺ​ការជំរុញ​ការ​ចាយវាយ​លុយ​រៀល​របស់​ជាតិ​។​

ការប្រើប្រាស់​លុយ​យ័នចិន​ក្នុង​ប្រព័ន្ធ​ធនាគារ សម្រាប់​ទូទាត់​ពាណិជ្ជកម្ម​នេះ ក៏​បាន​ជួយ​ជំរុញ​ដល់​ប្រាក់​រៀល​ផង​ដែរ​។ ពីមុន​ការទូទាត់​ពាណិជ្ជកម្មរ​វាង​កម្ពុជា​-​ចិន ត្រូវ​ប្រើប្រាស់​ប្រាក់​ដុល្លារ ដែល​ធ្វើឲ្យ​ពួកគាត់​ប្រឈម​ហានិភ័យ នៃ​អត្រា​ការប្រាក់​។​

​តាមរយៈ​នេះ​វិនិយោគិន​ពាណិជ្ជករ និង​អ្នក​ទទួល​ចំណូល​ជា​ប្រាក់​យ័ន អាច​ទូទាត់ ខ្ចី និង​ដាក់​ប្រាក់​បញ្ញើ​ជា​ប្រាក់​យ័ន ក្នុង​ប្រព័ន្ធ​ធនាគារ​ដែល​អនុញ្ញាត​ឱ្យ ធនាគារជាតិ​នៃ​កម្ពុជា អាច​គ្រប់គ្រង​ចរាចរ​ប្រាក់​យ័នតាម​ប្រព័ន្ធ​ធនាគារ​បាន​ល្អប្រសើរ និង​រួមចំណែក​ជំរុញ​កំណើន​ពាណិជ្ជកម្ម ការវិនិយោគ និង​ទេសចរណ៍​មកពី​ប្រទេស​ចិន​។​

​បើ​តាម​ក្រសួង​ពាណិជ្ជកម្ម ទំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន ក្នុង​ឆ្នាំ​២០១៧ បាន​កើនឡើង​ដល់​៤,៨​ប៊ី​លាន​ដុល្លារ ក្នុងនោះ​ការនាំ​ចេញពី​កម្ពុជា​មាន​ចំនួន​៨៣០​លាន​ដុល្លារ និង​ការនាំ​ចូលមក​កម្ពុជា​មាន​ចំនួន​៣,៩​ប៊ី​លាន​ដុល្លារ​។ គិត​ត្រឹម​ខែ​មេសា ឆ្នាំ​២០១៨ ការវិនិយោគ​ចិន​នៅ​កម្ពុជា មាន​ទឹកប្រាក់​សរុប​ប្រមាណ​១៧​ប៊ី​លាន​ដុល្លារ​អាមេរិក ជា​ប្រទេស​ដែល​វិនិយោគ​នៅ​កម្ពុជា​ច្រើន​ជាង​គេ​បំផុត​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន របស់​ធនាគារជាតិ​នៃ​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​៣០ ខែ​តុលា​នេះ មាន​ភាព​រិតត្បិត​និង​ហាមឃាត់ ចំពោះ​ការថតរូប និង​ថត​វីដេអូ ។

​សូមបញ្ជាក់​ថា លោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា បាន​ចូលរួម​ជា​អធិបតី​បើក​វេទិកា​ស្តីពី រូបិយប័ណ្ណ​យ័ននៅ​កម្ពុជា ដែល​ត្រូវបាន​រៀបចំឡើង​ដោយ ធនាគារ​ចិន​សាខា​ភ្នំពេញ (BOC) នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែតុលា ឆ្នាំ​២០១៨ រាជធានី​ភ្នំពេញ​។ វេទិកា​នេះ មាន​គោលបំណង​បង្ហាញ និង​ពិភាក្សា​អំពី​ការប្រើប្រាស់​ប្រាក់​យ័ន នៅក្នុង​តំបន់​អាស៊ាន និង​កម្ពុជា ព្រមទាំង​អត្ថ​ប្រយោជន៍​​នៃ​ប្រាក់យ័ន ចំពោះ​សេដ្ឋកិច្ច​។​

ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ទំនាក់ទំនង​កើនឡើង ផ្នែក​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ រវាង​ប្រទេស​ចិន​និង​កម្ពុជា លោក ទេសាភិបាលរង បាន​បង្ហាញ​ការគាំទ្រ របស់​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​ការប្រើប្រាស់​ប្រាក់​យ័ន តាមរយៈ​ប្រព័ន្ធ​ធនាគារ ដើម្បី​សម្រួល​ដល់​ពាណិជ្ជកម្ម​ទ្វេភាគី ការវិនិយោគ និង​ទេសចរណ៍​ជាដើម ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។ លោក បាន​គូសបញ្ជាក់ថា កន្លងមក ធនាគារជាតិ​នៃ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ធនាគារ​ប្រទេស​ចិន​ពីរ ធ្វើ​ជា​ធនាគារ​ផាត់ទាត់​ប្រាក់​យ័ន គឺ ធនាគារ BOC និង​ធនាគារ ICBC និង​ធនាគារពាណិជ្ជ​នៅ​កម្ពុជា ១៣ ផ្សេងទៀត ធ្វើ​ប្រតិបត្តិការ​ជា​ប្រាក់យ័ន ហើយ​តាមរយៈ​នេះ វិនិយោគិន ពាណិជ្ជករ និង​អ្នក​ទទួល​ចំណូល​ជា​ប្រាក់​យ័ន អាច​ទូទាត់ ខ្ចី និង​ដាក់​ប្រាក់​បញ្ញើ​ជា​ប្រាក់​យ៉​ន់ ក្នុង​ប្រព័ន្ធ​ធនាគារ ដែល​អនុញ្ញាត​ឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា អាច​គ្រប់គ្រង​ចរាចរ​ប្រាក់​យ័ន បាន​ល្អប្រសើរ និង​រួមចំណែក​ជំរុញ​កំណើន​ពាណិជ្ជកម្ម ការវិនិយោគ និង​ទេសចរណ៍​មកពី​ប្រទេស​ចិន​៕ ​ដោយ​៖​រចនា​