ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅអមខាងផ្លូវជាតិលេខ១ចាប់ពីភូមិគក់ក្តោលដល់ភូមិក្រោលគោស្ថិតក្នុងឃុំក្រោលគោស្រុកស្វាយជ្រំខេត្តស្វាយរៀងនាំគ្នាចាប់យកមុខរបរដាល់អំបុកលក់ដែលជាអាហារប្រពៃណីខ្មែរដំណរតាំងពីដូនតា ហើយក៍ជាប្រពៃណីរបស់ប្រជាជនខ្មែរតាំងពីបូូរាណ។
បើយោងតាមសម្តីរបស់អ្នកលក់អំបុកម្នាក់ប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា៖រូបគាត់បានចាប់យកមុខរបរលក់អំបុកនេះអស់រយះពេលជាច្រើនឆ្នាំមកហើយហើយការដាល់អំបុកគឺងាយស្រួលជាងការងារផ្សេងមួយចំនួនផ្សេងទៀតដោយការងារដាល់អំបុកគឺមិនចាំបាច់ប្រើកម្លាំងច្រើននោះទេនិងចំណេញវេលាហើយថែមទាំងអាចកាត់បន្ថយភាពក្រីក្រក្នុងជីវភាពរស់នៅក្នុងគ្រួសារបានមួយកំរិតផងដែរ។
ប្រភពខាងលើបានឲ្យដឹងទៀតថា៖ភាគច្រើនពួកគាត់យកស្រូវប្រភេទ ផ្ការំដួល ផ្កាម្លិះ ដែលមានក្លិនក្រអូបឈ្ងុយឈ្ងប់មកដាល់ចេញជាអំបុកដែលមានរស់ជាតិឆ្ងាញ់និងក្លិនក្រអូបស្រួយហើយទុកបានយូរថែមទៀតរីឯតម្លៃវិញក៏លក់បានថ្លៃផងដែរ។ហើយកាលពីមុនគេតែងតែដាល់អំបុកតាមរបៀបបុរាណគឺជាន់ផ្ទាល់ឬដោយបុកនិងត្បាល់ប៉ុន្តែសម័យឥឡូវងាកមកប្រើម៉ាសីុនគោយន្តជំនួសការដាល់អំបុកតាមរបៀបបុរាណវិញព្រោះងាយស្រួលជាមុនហើយថែមមិនហត់ផង។
ប្រភពបន្តទៀតថា៖អំបុកដែលលក់ចេញក្នុងមួយថង់ស្មើនិង៨កំប៉ុងគឺតម្លៃ១០.០០០រៀលទៅ១២.០០០រៀលនិងថង់តូចតម្លៃ៥.០០០រៀលស្មើនិង៤កំប៉ុងនិងតម្លៃលក់រាយមួយកំប៉ុង១.២០០រៀល។បើតាមលក់អំបុកខាងលើបានប្រាប់បន្ថែមទៀតថា៖ពួកអាចដាល់អំបុកក្នុងមួយថ្ងៃបានគិតជាស្រូវបានចំនួន៥តៅលក់ចេញបាន២០០.០០០រៀលហើយមានម៉ូយមកទិញដល់កន្លែងដើម្បីយកលក់បន្ត។
បើតាមអ្នកធ្វើដំណើរតាមដងផ្លូវលេខ១បានឲ្យដឹងថា៖រូបគាត់រាល់ពេលដែលធ្វើដំណើរតាមផ្លូវជាតិមួយនេះគឺតែងតែមិនមើលរំលងនោះទេយ៉ាងហោចណាស់ក៏ចូលទិញបន្តិចបន្តួចដែរហើយអំបុកអាចយកមកហូបជាមួយនិងទឹកដូង លីងជាមួយកំពឹសដែលមានរស់ជាតិឈ្ងុយឆ្ងាញ់ហើយអ្វីដែលពិសេសជាងនេះទៅទៀតអំបុកត្រូវបានគេយកមកសែនព្រេននូវរដូវបុណ្យអុំទូកអកអំបុកសំពះព្រះខែជាបុណ្យប្រពៃណីមួយរបស់ប្រជាជនកម្ពុជាតែងតែប្រារព្ធធ្វើពាក់កណ្តាលខែវិច្ឆកា(គឺខែ១១)៕ វ៉ៃគោ