កងហោះហើរមួយរបស់ក្រុមហ៊ុនអាហាកាសចរណ៍ Cathay Pacific ប្រកាសថា ពួកគេបានសម្លឹងឃើញវត្ថុមួយសង្ស័យថា ជាកាំជ្រួចរបស់កូរ៉េខាងជើង បានផ្ទុះក្នុងស្រទាប់បរិយាកាស ខណៈពេលយន្តហោះរបស់ពួកគេបានធ្វើដំណើរឆ្លងកាត់ដែនអាកាសជប៉ុនកាលពីសប្តាហ៍មុន។
ស្ថានីយ៍ BBC នៅថ្ងៃទី ៤/១២ បានផ្សាយព័ត៌មានថា កងបើកបរយន្តហោះរបស់ Cathay Pacific -ក្រុមហ៊ុនអាកាសចរណ៍ពុំមានស្នាក់ការកណ្តាលនៅហុងកុង ប្រកាសប្រាប់ថា ពួកគេបានសម្លឹងឃើញផ្ទាល់ភ្នែកនូវវត្ថុសង្ស័យថា ជាកាំជ្រួចកូរ៉េខាងជើងក្នុងតំណាក់កាលសំយ៉ុងក្បាលចុះមកកាន់ស្រទាប់បរិយាកាសបានផ្ទុះឆេះ ខណៈពេលយន្តហោះពួកគេឆ្លងកាត់ដែនអាកាសប្រទេសជប៉ុនកាលពីសប្តាហ៍មុននេះ។
តាម SCMP នាយកប្រតិបត្តិ Cathay Pacific លោក Mark Hoey គ្រានោះបានប្រកាសឲ្យដឹងថា ៖ “ថ្ងៃនេះ (២៩/១១) អ្នកបើកបរជើងហោះហើរលេខ CX893 ប្រកាសថា បានឃើញកាំជ្រួចកូរ៉េខាងជើងផ្ទុះនៅពុំឆ្ងាយប៉ុន្មានពីទីតាំងរបស់យន្តហោះ”។
យន្តហោះ ២គ្រឿងទៀតរបស់គូ Korean Air ដែលចេញដំណើរពីអាមេរិកមកកាន់ក្រុងសេអ៊ូល ក៏បានសម្លឹងឃើញហេតុការណ៍ស្រដៀងគ្នានេះដែរ នៅខណៈពេលដែលកូរ៉េខាងជើងបាញ់បង្ហោះកាំជ្រួចអន្តរទ្វីប ហើយក្រុងព្យុងយ៉ាងអះអាងថា ជាកាំជ្រួចខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនដែលធ្លាប់សាកល្បង។
ប្លែកពីប្រទេសដទៃទៀត ក្រុងព្យុងយ៉ាងពុំដែលប្រកាសមុនពេលសាកល្បងកាំជ្រួចឡើយ ប្រការនេះមានន័យថា កាំជ្រួចអាចហោះហើរតាមផ្លូវចលនារបស់យន្តហោះ ដោយពុំមានប្រកាសប្រាប់មុន ជាហេតុនាំឲ្យមានការគំរាមកំហែងចំពោះសុវត្ថិភាពអាកាសចរណ៍ស៊ីវិល។
កាលពីខែ ៨/២០១៧ ក្រុមហ៊ុន Air France របស់បារាំង បានជ្រើសរើសផ្លូវហោះហើរ វាងឆ្ងាយពីគន្លងហោះហើរនៃកាំជ្រួចរបស់កូរ៉េខាងជើងបំណងបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ៕ ចន្ទ្រា