Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​រងគ្រោះ​១៥​គ្រួសារ ចាញ់​ក្តី​ឧកញ៉ា​ង៉ាន់ វណ្ណា ស្វែងរក​អន្តរាគមន៍​ពី​សម្តេច​នាយករដ្ឋមន្ត្រី​

​ភ្នំពេញ ៖ ពលរដ្ឋ​រងគ្រោះ​ដីធ្លី ចំនួន​១៥​គ្រួសារ ដែ​ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ឡើង​មក​ដាក់​ញត្តិ នៅ​ស្នាក់ការ​ខុទ្ធកាល័យស​ម្តេច​តេជោ នា​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រោយ​ចាញ់ក្តី​លោក​ឧកញ៉ា​ង៉ាន់ វណ្ណា ដើម្បី​ឲ្យ​សម្តេច​តេ​ជោ​ហ៊ុន​ សែន​អន្តរាគមន៍​ដោះស្រាយ​។​

​តំណាង​ប្រជាពលរដ្ឋ​ទាំង​១៥​គ្រួសារ គឺ​អ្នកស្រី ប៉ាក ស៊ីណា បានឲ្យដឹងថា ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​មាន​ក្តីសង្ឃឹម​ទៅលើ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​តែងតែ​ផ្តល់​ក្តីសង្ឃឹម​ដល់​ប្រជាពលរដ្ឋ ​និង​ជួយ​ដោះស្រាយ​ជូន​ពលរដ្ឋ​ជួប​ទុក​លំបាក និង​ផ្តល់​ជូន​យុត្តិធម៌​ជូន​ពលរដ្ឋ​។ តំណាង​ប្រជាពលរដ្ឋ បាន​បន្ថែមថា ​លោក​ឧកញ៉ា​វ៉ាន់ វណ្ណា បាន​ដាក់ពាក្យ​ប្តឹង​ប្រឆាំង​ប្រជាពលរដ្ឋ ​ខណៈ​ដែល​ពួកគាត់​បាន​ស្នាក់នៅ​និង​កាន់កាប់​ដី​នោះ​តាំងពី​ឆ្នាំ​១៩៨៧ ប៉ុន្តែ​ទោះជា​យ៉ាងណា លោក​ឧកញ៉ា​ង៉ាន់ វណ្ណា ​បាន​បដិសេធ​ថា​មិន​បាន​រំលោភ​លើ​ដី​ប្រជាពលរដ្ឋ​ទាំងនោះ​ឡើយ​។​

​សូមបញ្ជាក់​ថា តុលាការ​កំពូល កាលពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ​បានប្រកាស​សាលដីកា សម្រេច​តម្កល់​សាលដីកា​រដ្ឋប្បវេណី លេខ​៣៥ ចុះ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៧ ​របស់​សាលាឧទ្ធរណ៍ ទុកជាបានការ​ដដែល ហើយ​តុលាការ​កំពូល បាន​សម្រេច​ជា​ស្ថាពរ ឲ្យ​ប្រជាពលរដ្ឋ​ទាំង​១៥​គ្រួសារ ​ចាញ់ក្តី​លោក​ឧកញ៉ា​ង៉ាន់ វណ្ណា​តែម្តង​។​

​សូមបញ្ជាក់​ថា មាន​ភាពមិនប្រក្រតី​ជាច្រើន ក្នុង​រឿង​ទំនាស់​ដីធ្លី រវាង​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ១៥​គ្រួសារ និង​លោក​ឧកញ៉ា ង៉ាន់ វណ្ណា ហើយ​មាន​ពាក់ព័ន្ធ​ប្រធាន​ភូមិបាល ខេត្ត​ព្រះសីហនុ គឺ​លោក ចេង ស្រុង ដែល​ធ្វើការ​វាស់វែង ​និង​ឡើង​របាយការណ៍​ស្នើ​សុំ​ចេញ​កម្មសិទ្ធិ ក្រោយ​ឲ្យ​ឧកញ៉ា ង៉ាន់ វណ្ណា ដោយ​រំលោភ​យក​ដី​អូរ​ធម្មជាតិ តាំងពី​សម័យ​មុន និង ក្បាល​ដី​របស់​ប្រជាពលរដ្ឋ​ចំនួន ១៣​គ្រួសារ ដែល​មាន​លេខ​ក្បាលដី​ច្បាស់លាស់ ទទួលស្គាល់​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ត្រឹមត្រូវ​​តាមច្បាប់ ទើប​ធ្វើឲ្យ​ដី​ដែលទីតាំង​ដដែល ខុស​ទំហំ ក្នុង​ប្លង់​ចាស់​ដល់​ទៅ​ចំនួន ៦៦៥៧​ម៉ែត្រការ៉េ ។ សួរថា លោក ចេង ស្រុង ​បាន​ដី​មក​ពី​ណា​ដាក់​បន្ថែម​ឲ្យ​លោក ង៉ាន់ វណ្ណា ? បើ​កាល​ទិញ​ពី​ឈ្មោះ លឹម ហ៊ុយ​ឡេង មាន​ទំហំ​ត្រឹមតែ 57.455​ម៉ែត្រការ៉េ ​ក្រោយពេល​ផ្ទេរ​ប័ណ្ណកម្មសិទ្ធិ​ឲ្យ​លោក ង៉ាន់ វណ្ណា ទំហំ​ដី​ឡើង​រហូត 64.112 ម៉ែត្រការ៉េ ភាពខុស​ទំហំ​ទាំងនេះ តើ​លោក ចេង ស្រុង ​បាន​សំណែន​អ្វីខ្លះ​ពី​ឧកញ៉ា ង៉ាន់ វណ្ណា ទើប​ហ៊ាន​កាត់​ដី​អូរ និង​ដី​ពលរដ្ឋ​បញ្ចូល​ក្នុង​ប្លង់​កម្មសិទ្ធិឲ្យ​ឧកញ៉ា ង៉ាន់ វណ្ណា ​រហូតដល់​ទៅ 6,657​ម៉ែត្រការ៉េ​បែបនេះ​។​

​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​ស្នើសុំ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង ដែនដី​នគរូបនីយ៍កម្ម និង​សំណង់ និង​លោក យន្ត មីន ​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ មេត្តា​ពិនិត្យ​មើល​ការបំពេញ​ការងារ​ទាំ​ងងិតងងុល​របស់លោ​ក ចេង ស្រុង ផង ​បើ​មិន​ដូច​នោះទេ នឹង​មាន​ពលរដ្ឋ​រង​គ្រោះ​ដោយសារ បុគ្គល​រូបនោះ​បន្តទៀត ​និង​សូមឲ្យ​តុលាការ​កំពូល​បន្ត​ការសើ​រើសំ​ណុំ​រឿក្តី​រដ្ឋប្បវេណី​លេខ ៣១០ ដែល​មាន​ភាពមិនប្រក្រតី​នេះ​បន្តទៀត ​ព្រោះ​យើងខ្ញុំ​ទាំង​១៥​គ្រួសារ​មិន​អាច​ទទួលយក សាលក្រម​នោះ​បាន​ឡើយ​។ កត្តា​ទាំងនេះ ហើយ ​ទើប​ប្រជាពលរដ្ឋ​តែង​មិន​សប្បាយចិត្ត​នឹង ថ្នាក់ដឹកនាំ​កំពូល គឺ​ដោយសារ​មន្ត្រី​បែប​កន្ទេល​ធំ ប្រឡំ​ដេក នេះឯង ​ហើយ​សូម​ពលរដ្ឋ​រួមសហការ​រាយការណ៍​ពិត​កុំ​ភូតកុហក់ បោក​បន្លំ ​ដើម្បី​បាន​ជា​ចំណាត់ការ​ដ៏​មាន​ប្រសិទ្ធិភាព​ពី​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​នានា ។

​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចុះ​ដាក់​បម្រាម​មិនឲ្យ​ប្រជាពលរដ្ឋ​ចំនួន ១៥​គ្រួសារ រស់នៅ​សង្កាត់​៤ មិន​ឲ្យ​សង់ផ្ទះ ​ឬ​ធ្វើ​សកម្មភាព​ផ្សេងៗ​នៅលើ​ដី​កំពុង​មានទំនាស់​។ តុលាការ​បាន​អនុវត្ត​ទៅ​តាម​ដីកា​សម្រេច​រក្សា​ការពារ ចុះ​ថ្ងៃ​ទី​១៥ ខែមិថុនា ​ឆ្នាំ​២០១៥ របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ទៅតាម​បណ្ដឹង​របស់​លោក​ឧកញ៉ា ង៉ាន់ វណ្ណា​។​

តំណាង​ពលរដ្ឋ​ទាំង ១៥​គ្រួសារ រស់នៅ​ភូមិ​៥ សង្កាត់​៤ ថ្លែងថា ​ពួកគាត់​ជំទាស់​ដីកា​សម្រេច​រក្សា​ការពារ​ដែល​តុលាការ​ចុះ​អនុវត្ត​ពេល​នេះ​ទេ​។​

​តំណាង​ពលរដ្ឋ លោកស្រី ប៉ាក់ ស៊ីណា មានប្រសាសន៍ថា រឿងក្តី​នេះ​បាន​អូស​បន្លាយពេល​យូរ​ឆ្នាំ ​ហើយ​ពួកគាត់​ត្រូវ​រង ភាពអយុត្តិ ធម៌​បំផុត​។ លោកស្រី​បន្ត​ថា ដី​ដែល​ភាគី​ម្ខាង​ទៀត ឈ្មោះ លោក ង៉ាន់ វណ្ណា​ ប្ដឹងប្តល់​ទៅកាន់​តុលាការ គឺ​មាន​ពលរដ្ឋ​ខ្លះ​ក្នុងចំណោម ១៥​គ្រួសារ បាន​មក​រស់នៅ​តាំងពី​ឆ្នាំ​១៩៨៧ មកម្ល៉េះ​។

​ប៉ុន្តែ​ដោយសារ​តែ​ការឃុបឃិត​ពី​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​នា​ខេត្ត​ព្រះសីហនុ ទើប​ឈ្មោះ​លោក ង៉ាន់ វណ្ណា ​អាច​លួច​ធ្វើ​ប្លង់​កម្ម សិទ្ធិ​ដោយ​មិន​បាន​ជូន​ដំណឹង​មក​ពួកគាត់​បាន​ដឹង​មុន​នោះទេ​។​ពលរដ្ឋ​ទាំង ១៥​គ្រួសារ​កំពុង​កើតមាន​ទំនាស់​ដីធ្លី ​បាន​មក​រស់នៅ​ក្បែរ​តំបន់​អាង​ចម្រោះ​ទឹកស្អាត​នា​ខេត្ត​ព្រះសីហនុ មាន​អាជ្ញាធរ​មូលដ្ឋាន​ដឹងឮ និង​ទទួលស្គាល់​ជា​បន្តបន្ទាប់ ​រហូតដល់​មាន សកម្ម ភាព​ចុះ​វាស់វែង​ដីធ្លី ត្រៀម​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន​ពួកគាត់​ថែម​ទៀត​កន្លងមក​។​

​លោកស្រី ប៉ាក់ ស៊ីណា បញ្ជាក់​ឲ្យដឹង​ទៀតថា ទីតាំង​ដី​របស់​លោក ង៉ាន់ វណ្ណា ​ដែល​ប្ដឹង​ពួកគាត់​គឺ​មាន​ព្រំប្រទល់​នៅជាប់​ខាងក្រោយ​ផ្ទៃ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ពួកគាត់​ទាំង ១៥​គ្រួសារ ដែល​មាន​ព្រំ ​ឬ​ទីតាំង​ជាប់​ថ្នល់​ក្រាល​កៅស៊ូ​។ ប៉ុន្តែ​ទីតាំង​ដី​របស់​លោក ង៉ាន់ វណ្ណា ពុំ​មាន​ព្រំប្រទល់​ជាប់​ថ្នល់​កៅស៊ូ​ទេ ​គឺ​នៅ​លើ​ជម្រាល​ដីភ្នំ​ឯណោះ​។​

​ផ្ដើម​ពី​បញ្ហា​នេះ តំណាង​ពលរដ្ឋ​មាន​ទំ​នាស់​ដីធ្លី​ទាំង ១៥​គ្រួសារ បាន​សំណូមពរ​ដល់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ ​ជួយ​បញ្ជូន​មន្ត្រី​ចុះ​ស៊ើបអង្កេត​លើ​ករណី​មន្ត្រី​ក្រសួង ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ឃុបឃិត​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​បុគ្គល​ឈ្មោះ ​ង៉ាន់ វណ្ណា ដែល​គ្មាន​វត្ត​មាន​ក្នុង​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ រំលោភ​ដី​លំនៅឋាន​ពលរដ្ឋ​ពួក​គាត់​ដោយ​អនុគ្រោះ​។​

​អ្នកស្រី បាន​បន្ថែមថា ប្រព័ន្ធ​តុលាការ​មិន​អាច​ជួយ​ស្វែងរក​យុត្តិធម៌ លើ​ករណី​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ របស់​កូនចៅ ​ឬ​ញាតិ​ជាប់​ភូមិ​ផង​ទាំង ១៥​គ្រួសារ​នៅ​សង្កាត់​៤ ក្រុងព្រះសីហនុ ដែល​មាន​ផ្ទៃដី​សរុប​មិន​ដល់​មួយ​ហិកតា​នេះ​ទេ​។ ​ប៉ុន្តែ​អ្នកស្រី បាន​បង្ហាញ​នូវ​ជំនឿ​និង​មាន​ក្តីរំពឹង​មុតមាំ​ថា មានតែ​សម្តេចនាយក​រដ្ឋមន្ត្រីប៉ុណ្ណោះ​ ​ទើប​អាច​ជួយ​អន្តរាគមន៍ និង​ផ្ដល់​យុត្តិធម៌​ជូន​ពួកគាត់​បាន​៕ ដោយ ​៖​ រចនា​

×