នេះជាករណីគ្រោះថ្នាក់ដ៏រន្ធត់មួយ ដែលឪពុកម្តាយគ្រប់ៗរូប ជាពិសេសនៅតាមសាលារៀនមេត្តេយ្យឯកជន គួរមានការប្រុងប្រយ័ត្ន និងរៀបចំរបស់ដែលអាចបង្កគ្រោះដល់ក្មេងឲ្យមានសុវត្ថិភាព ពុំសោតនឹងជួបរឿងហេតុដូចនេះ ។
ជាក់ស្តែង កាមេរ៉ាសន្តិសុខនៃសាលាមេត្តេយ្យមួយកន្លែង នៅក្នុងទីក្រុង Shawei ភាគខាងត្បូងនៃខេត្ត Guangdong កាលពីថ្ងៃទី២៥ តុលា បានបង្ហាញក្មេងប្រុសតូចម្នាក់ បានចូលទៅកាន់ទូដាក់របស់របរមួយ ប៉ុន្តែ នៅពេលវាបានព្យាយាមយកដៃតោងឡើងពីលើវា បណ្តាលឲ្យទូរត្រូវបានដាក់ផ្អែកនៅជាប់ជញ្ជាំងនោះ អស់លំនឹងរលំសង្កត់លើវាតែម្តង ។
សំណាងហើយ ដែលខណៈពេលនោះ អ្នកគ្រូ២នាក់បានឃើញទាន់ ហើយពួកគាត់ក៏បានប្រញាប់ប្រញាល់លើកទូរនោះ ដើម្បីរំដោះកូនក្មេងរងគ្រោះនោះ ។
ក្មេងប្រុសតូចនេះ ត្រូវបាននាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្បែរនោះ និងត្រូវបានពេទ្យដេររបួសក្បាលអស់ ៣ ថ្នេរ ៕ ដោយ៖ ចន្ទី